យុវជនមួយចំនួនយល់ឃើញស្របគ្នាថា របបលោក ហ៊ុន សែន កំពុងបំផ្លាញសន្តិភាពដោយខ្លួនឯង មិនមែនគណបក្សប្រឆាំង ឬក៏ក្រុមសកម្មជននោះទេ។ ពួកគេថា សន្តិភាពពេលនេះបានក្លាយជាពាក្យមួយដែលរបបក្រុងភ្នំពេញយកមកប្រើជាលេស ដើម្បីបង្ក្រាបសំឡេងរិះគន់ និងសំឡេងឯករាជ្យ។ ទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចអះអាងថា ពលរដ្ឋកំពុងតែទទួលបានផ្លែផ្កាពីសន្តិភាពដ៏រឹងមាំរបស់រដ្ឋាភិបាល។
ក្រុមយុវជនអ្នកឃ្លាំមើលបញ្ហាសង្គម បន្តរិះគន់ថា សន្តិភាពដែលរបបក្រុងភ្នំពេញប្រកាសក្ដែងៗ នោះ មិនមែនជាសន្តិភាពពិតប្រាកដឡើយ។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ មានប្រសាសន៍ថា សន្តិភាពពិតប្រាកដ មិនអាចកើតមាននោះទេ បើគ្មានយុត្តិធម៌សង្គម។ កញ្ញាថា រដ្ឋាភិបាលកំពុងចោទប្រកាន់ដោយខុសឆ្គងថា ក្រុមគណបក្សប្រឆាំង អ្នកវិភាគ ឬអ្នកនៅក្រៅស្រុក ព្យាយាមបំផ្លាញសន្តិភាព។ កញ្ញាជឿថា គ្រប់ភាគីទាំងអស់សុទ្ធតែចង់បានសន្តិភាព ប៉ុន្តែសន្តិភាពនោះត្រូវផ្សារភ្ជាប់នឹងការគោរពសិទ្ធិ និងផ្តល់យុត្តិធម៌ស្មើភាពគ្នាដល់ពលរដ្ឋគ្រប់រូប៖ « រដ្ឋាភិបាលកំពុងតែអនុវត្តទៅ ធ្វើឱ្យប្រទេសមានភាពអយុត្តិធម៌ ធ្វើឱ្យប្រទេសមានការរំលោភសិទ្ធិមនុស្ស អាហ្នឹងហើយរដ្ឋាភិបាលហាក់ដូចជាកំពុងរំលាយសន្តិភាពខ្លួនឯងអ៊ីចឹង។ មិនមែនពួកប្រឆាំង ឬអ្នកវិភាគទេ ពីព្រោះពួកយើងមិនបានធ្វើឱ្យមានរឿងទាំងអស់ហ្នឹងទេ។ អ្នកដែលធ្វើ គឺរដ្ឋាភិបាលហ្នឹងហើយ មានការចាប់ចងអ្នកមានមតិយោបល់យល់ខុស ( គ្នា ) អ្វីជាដើមហ្នឹង » ។
ចំណែកយុវជនគណបក្សសង្គ្រោះជាតិខេត្តសៀមរាបដែលកំពុងភៀសខ្លួននៅក្រៅប្រទេស លោក ឈុន វាន មើលឃើញថា របបលោក ហ៊ុន សែន កំពុងបំផ្លាញសន្តិភាពដោយខ្លួនឯង តាមរយៈការចាប់ចងពលរដ្ឋតាមទំនើងចិត្ត និងការតាមធ្វើទុកបុកម្នេញលើសកម្មជននយោបាយគណបក្សប្រឆាំង។ លោកបន្តថា សូម្បីតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏មិនទុកចិត្តសន្តិភាពក្រោមរបបដឹកនាំរបស់គាត់ដែរ ព្រោះពេលចេញទៅទីសាធារណៈម្ដង លោកប្រើកងកម្លាំងប្រដាប់អាវុធច្រើនស្អេកស្កះ៖ « លោក ហ៊ុន សែន ទេដែលជាអ្នកបំផ្លាញសន្តិភាពដោយខ្លួនឯង ព្រោះគាត់បានបញ្ចេញនូវទង្វើដ៏ព្រៃផ្សៃ ចាប់ចងមនុស្សដោយរំលោភបំពានទៅលើច្បាប់នៅក្នុងប្រទេសកម្ពុជា ហើយធ្វើឱ្យប្រទេសកម្ពុជាធ្លាក់ដុនដាបរហូតដល់មានទណ្ឌកម្មជាបន្តបន្ទាប់ មានសេចក្ដីថ្លែងការណ៍ថ្កោលទោសពីបណ្ដាប្រទេសលើពិភពលោកកាន់លទ្ធិប្រជាធិបតេយ្យដែលគេគោរពសិទ្ធិមនុស្សនោះ » ។
មតិរិះគន់របស់ក្រុមយុវជននេះ គឺដោយសារអាជ្ញាធររបបក្រុងភ្នំពេញបានប្រើហេតុផលការពារសន្តិភាព ដើម្បីចាប់ខ្លួនពលរដ្ឋដាក់ពន្ធនាគារជាបន្តបន្ទាប់ ដោយគ្រាន់តែពួកគេបញ្ចេញមតិរិះគន់ ឬចង់ប្រមូលផ្ដុំធ្វើបាតុកម្មដោយសន្តិវិធី ហើយមន្ត្រីគ្រាក់ៗ នៃរបបក្រុងភ្នំពេញ អះអាងដដែលៗ ថា ចំណាត់ការទាំងនេះ គឺជាការអនុវត្តច្បាប់។
ជាពិសេសថ្មីៗ នេះ កូនប្រុសច្បងលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ដែលត្រូវបានមជ្ឈដ្ឋានទូទៅជឿថា ជាអ្នកឡើងស្នងតំណែងពីឪពុកនោះ បានប្រកាសជំហរថា នឹងមិនអនុញ្ញាតឱ្យជនណាម្នាក់បំផ្លាញសុខសន្តិភាពបានឡើយ។ មេទ័ពជើងគោករូបនេះបានចោទប្រកាន់ក្រុមអ្នករិះគន់ និងអ្នកធ្វើសកម្មភាពដើម្បីយុត្តិធម៌សង្គមថា ជាក្រុមប៉ុនប៉ងបំផ្លាញសន្តិភាព ដែលមិនអាចអត់ឱនឱ្យបានឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបំផុសពាក្យថា អរគុណសន្តិភាព ហើយពាក្យស្លោកនេះ ត្រូវបានស្ថាប័នរដ្ឋ និងសាលារៀន បោះពុម្ពជាផ្ទាំងធំបិទតាមទីតាំងរៀងៗ ខ្លួន។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា ពលរដ្ឋជឿជាក់លើការដឹកនាំរបស់រដ្ឋាភិបាល ព្រោះពួកគាត់ទទួលបានសុខសន្តិភាពពេញលេញ លើកលែងតែក្រុមអ្នកប្រឆាំងប៉ុណ្ណោះ៖ « ប្រជាជនលោកស្វាគមន៍ លោកសាទរចំពោះសន្តិភាពដែលកំពុងតែមានបច្ចុប្បន្ន ហើយយ៉ាងរឹងមាំទៀត អត់មានរង្គោះរង្គើទេ។ អ៊ីចឹង គឺការអនុវត្តវិធានការផ្លូវច្បាប់ចំពោះក្រុមឧទ្ទាមក្រៅច្បាប់ អាហ្នឹងជាការចាំបាច់នៅក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា » ។
ផ្ទុយពីការអះអាងនេះ អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក គៀន ពន្លក ពិនិត្យឃើញថា ការចាប់ចងពលរដ្ឋដោយអយុត្តិធម៌ និងការធ្វើទុកបុកម្នេញឥតស្រាកស្រាន្តលើអ្នកមានទស្សនៈនយោបាយផ្ទុយនោះ មិនមែនជាការអនុវត្តច្បាប់ត្រឹមត្រូវឡើយ។ លោកបន្តថា វិធានការទាំងនេះជាការធ្វើឱ្យពលរដ្ឋមានកំហឹងកាន់តែខ្លាំង និងក្រោកឡើងប្រឆាំងនឹងរដ្ឋាភិបាល។ លោកថា ត្រង់នេះហើយដែលបញ្ជាក់ថា រដ្ឋាភិបាលកំពុងបំផ្លាញសន្តិភាពដោយខ្លួនឯង៖ « ពេលដែលមានការចាប់សកម្មនយោបាយ សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន ធ្វើឱ្យក្រុមគ្រួសាររបស់សកម្មជនទាំងនោះ មានការបែកបាក់។ មិនត្រឹមតែប៉ុណ្ណឹងទេ បញ្ហាជាតិកំពុងតែកើតកាន់តែច្រើនទៅៗ អ៊ីចឹងនៅពេលនោះហើយដែលមានការក្រោកប្រឆាំងជាមួយនឹងរដ្ឋាភិបាល » ។
ចំណែក ឧត្ដមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានចេញកំណត់ត្រាសង្ខេបនៅពេលថ្មីៗ នេះថា ស្ថានភាពនាពេលបច្ចុប្បន្ននេះ បង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលលោក ហ៊ុន សែន មិនអត់ឱនចំពោះគំនិតផ្ទុយពីខ្លួនឡើយ។ ម្យ៉ាងវិញទៀត នេះក៏ស្ដែងឱ្យឃើញពីការគាបសង្កត់ទៅលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការជួបជុំដោយសន្តិវិធី និងការចងក្រងជាសមាគមផងដែរ។
ក្រុមយុវជនថា ប្រសិនបើរបបលោក ហ៊ុន សែន ចង់បានសន្តិភាពពិតប្រាកដមែន នោះរបបនេះត្រូវគោរពសិទ្ធិមនុស្ស និងស្ដារប្រជាធិបតេយ្យឡើងវិញ ជាពិសេសត្រូវពង្រឹងប្រព័ន្ធយុត្តិធម៌ឱ្យមានឯករាជ្យត្រឹមត្រូវ។ បើពុំដូច្នេះទេ សន្តិភាពដែលរបបនេះទន្ទេញរត់មាត់នោះ គ្រាន់តែជាសន្តិភាពក្លែងក្លាយ និងជាលេសដើម្បីបង្ក្រាបក្រុមអ្នកមានទស្សនៈផ្ទុយប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។