ក្រុមយុវជនជំរុញឱ្យរបបលោក ហ៊ុន សែន អនុវត្តតាមសំណើ និងអនុសាសន៍ របស់អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ជុំវិញបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។ ពួកគេជឿជាក់ថា អ្នកស្រី រ៉ូណា ស្មីត ជាបុគ្គលឯករាជ្យ និងបំពេញការងារដោយមិនលម្អៀងទៅរកក្រុមណាមួយនោះឡើយ ហើយការស្នើទាំងឡាយរបស់អ្នកស្រី គឺដើម្បីតែភាពប្រសើរឡើងនៃស្ថានភាពនយោបាយ និងសង្គមនៅកម្ពុជាប៉ុណ្ណោះ។
មន្ត្រីសង្គមស៊ីវិលយល់ឃើញថា អនុសាសន៍ និងសំណើរបស់អ្នកស្រី រ៉ូណា ស្មីត មានបំណងតែមួយប៉ុណ្ណោះ គឺចង់ឃើញកម្ពុជាក្លាយជាប្រទេសប្រជាធិបតេយ្យពិតប្រាកដ និងមានការគោរពសិទ្ធិមនុស្សពេញលេញ។ អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក គៀន ពន្លក ប្រាប់អាស៊ីសេរីថា រដ្ឋាភិបាលគួរគិតបែបវិជ្ជមានចំពោះការលើកឡើងរបស់អ្នកស្រី រ៉ូណា ស្មីត ព្រោះស្ថានភាពជាក់ស្ដែង កម្ពុជាពិតជាកំពុងមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរមែន។ លោកបន្ថែមថា ប្រសិនបើវិបត្តិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅតែបន្តអូសបន្លាយទៀតនោះ កម្ពុជានឹងខាតបង់ប្រយោជន៍ច្រើន មានជាអាទិ៍ ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម៖ «ប្រសិនបើរដ្ឋាភិបាល ស្រឡាញ់អំណាច ជាងផលប្រយោជន៍ប្រទេសជាតិ នោះរដ្ឋាភិបាល នឹងមិនស្តាប់អនុសាសន៍ទេ តែប្រសិនបើរដ្ឋាភិបាលទីក្រុងភ្នំពេញគិតប្រយោជន៍ប្រជាជនខ្មែរជាធំ អ៊ីចឹងគាត់នឹងស្តាប់អនុសាសន៍របស់អ្នកស្រី រ៉ូណា ស្មីត ជាមិនខាន ហើយខ្ញុំនៅតែមានជំនឿថា រដ្ឋាភិបាលនឹងយកអនុសាសន៍ ទាំងអស់ នេះទៅ គិត ហើយកែប្រែកំហុសដែលខ្លួនបានសម្លាប់ ប្រជាធិបតេយ្យនៅប្រទេស កម្ពុជា»។
ក្នុងឱកាសបិទបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ១១ថ្ងៃនៅកម្ពុជា កាលពីថ្ងៃទី៩ ឧសភា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បានវាយតម្លៃថា ស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា នៅតែស្ថិតក្នុងស្ថានភាពអាក្រក់នៅឡើយ។ អ្នកស្រីបានជំរុញឱ្យរបបលោក ហ៊ុន សែន ប្រឹងស្តារភាពនេះឡើងវិញ ប្រសិនបើចង់រក្សារក្សាសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដតទៅថ្ងៃមុខទៀត។
អ្នកស្រីបានស្នើឱ្យអ្នកនយោបាយខ្មែរគ្រប់ភាគី បញ្ឈប់វប្បធម៌វាយប្រហារគ្នារឿងបុគ្គល ដោយត្រូវផ្ដោតសំខាន់លើបញ្ហាជាតិជាធំវិញ។ អ្នកស្រីបានស្នើជាថ្មីទៀត ឱ្យមានការដោះលែងលោក កឹម សុខា និងទម្លាក់ចោលបទចោទប្រកាន់លើមេបក្សប្រឆាំងរូបនេះ។ បន្ថែមពីលើនេះ អ្នកស្រីបានជំរុញឱ្យរបបក្រុងភ្នំពេញ ពិនិត្យមើលឡើងវិញនូវច្បាប់ស្ដីពីគណបក្សនយោបាយ និងច្បាប់បោះឆ្នោត ដើម្បីធ្វើយ៉ាងណាឱ្យស្របតាមបទដ្ឋានជាតិ និងអន្តរជាតិ។ ក្រៅពីនេះ អ្នកស្រីបានអំពាវនាវឱ្យរបបក្រុងភ្នំពេញគោរពសិទ្ធិសេរីភាពក្នុងការជួបប្រជុំដោយសន្តិវិធី និងបើកទូលាយនូវលំហសេរីភាពសម្រាប់អង្គការសង្គមស៊ីវិល ព្រមទាំងបញ្ឈប់វប្បធម៌លាបពណ៌ថា ក្រុមសង្គមស៊ីវិលជាក្រុមប្រឆាំងតទៅទៀត។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិរូបនេះ ក៏បានស្នើឱ្យរបបក្រុងភ្នំពេញបញ្ឈប់ការធ្វើទុកបុកម្នេញលើអ្នកសារព័ត៌មាន និងទម្លាក់ចោលការចោទប្រកាន់លើអតីតអ្នកសារព័ត៌មានអាស៊ីសេរីពីររូប។ អ្នកស្រីក៏ចង់ឃើញរបបក្រុងភ្នំពេញពង្រឹងវិស័យយុត្តិធម៌ផងដែរ ដើម្បីឱ្យពលរដ្ឋមានទំនុកចិត្តលើស្ថាប័នតុលាការ។ សំខាន់ជាងនេះទៅទៀត អ្នកស្រីបានដាស់តឿនរបបក្រុងភ្នំពេញថា សន្តិភាព និងការអភិវឌ្ឍពិតប្រាកដ ត្រូវតែដើរទន្ទឹមគ្នានឹងការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
សមាជិកក្រុមអ្នកវិភាគវ័យក្មេង លោក ហឿម ប៊ុនហេង ថ្លែងថា សំណើទាំងនេះរបស់អ្នកស្រី រ៉ូណា ស្មីត សុទ្ធសឹងតែជាការចង់បានរបស់ពលរដ្ឋខ្មែរ និងភាគីពាក់ព័ន្ធដទៃទៀត។ លោកជឿថា ស្ថានភាពមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា នឹងមានដំណើរការល្អឡើងវិញ បើរដ្ឋាភិបាលទទួលយកសំណើទាំងនេះទៅដោះស្រាយ។ លោកស្នើឱ្យរដ្ឋាភិបាល កុំចាត់ទុកសំណើទាំងនេះថាជា ការបង្គាប់បញ្ជា ឬជាការដាក់សម្ពាធ ផ្ទុយទៅវិញរដ្ឋាភិបាលគួរយល់ថា នេះជាគន្លឹះនាំទៅរកការកែលម្អចំណុចអវិជ្ជមានរបស់ខ្លួន៖ «ខ្ញុំអត់គិតថា របាយការណ៍របស់អ្នកស្រី រ៉ូណា ស្មីត ហ្នឹង ជារបាយការណ៍មួលបង្កាច់ ឬមួយក៏បំផ្លើសពីតថភាពកម្ពុជានោះទេ។ ខ្ញុំមើលឃើញថា របាយការណ៍ ឬការស្នើសុំរបស់គាត់ហ្នឹង វាជាបញ្ហាប្រឈមសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងមូល សង្គមស៊ីវិល ក៏ដូចស្ថាប័នជាតិ ស្ថាប័នអន្តរជាតិ ក្នុងការដោះស្រាយ។ អ៊ីចឹងរដ្ឋាភិបាលគួរតែពិចារណាឡើងវិញទៅលើការស្នើសុំរបស់គាត់»។
ទោះជាយ៉ាងណា របបលោក ហ៊ុន សែន នៅតែយល់ឃើញថា ការលើកឡើងរបស់អ្នកស្រី រ៉ូណា ស្មីត គឺជាការបង្គាប់បញ្ជា ឬហៅម្យ៉ាងទៀតថា ជាការជ្រៀតជ្រែកចូលកិច្ចការងារផ្ទៃក្នុងរបស់កម្ពុជា។
អ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ថ្លែងថា អ្នកស្រី រ៉ូណា ស្មីត ត្រឹមតែជាអ្នកសរសេររបាយការណ៍សិទ្ធិមនុស្សឱ្យអង្គការសហប្រជាជាតិប៉ុណ្ណោះ ដូច្នេះអ្នកស្រីមិនអាចមកសម្លុត ឬបង្ខំឱ្យរដ្ឋាភិបាលធ្វើអ្វីដែលប្រាសចាកពីបន្ទាត់នយោបាយ និងការអនុវត្តច្បាប់របស់កម្ពុជាឡើយ។ លោកបន្តថា រដ្ឋាភិបាលមានកាតព្វកិច្ចទទួលខុសត្រូវចំពោះជោគវាសនារបស់ជាតិ ហេតុដូចនេះរដ្ឋាភិបាលមានសិទ្ធិក្នុងការបដិសេធនូវសំណើទាំងឡាយណា ដែលមិនអាចយកមកអនុវត្តបាន៖ «ការលើកឡើងហ្នឹង យើងឱ្យតម្លៃ។ ក៏ប៉ុន្តែអ្វីដែលយើងអាចធ្វើបាន យើងធ្វើ អ្វីដែលធ្វើមិនបាន យើងមិនធ្វើទេ។ អាហ្នឹងគ្រាន់តែសុំឱ្យលោកស្រីយោគយល់អំពីបំណងរបស់រាជរដ្ឋាភិបាល ហើយការបារម្ភ ឬការចង់បានរបស់លោកស្រី គ្រាន់តែជាផលប្រយោជន៍របស់បុគ្គលម្នាក់នោះទេ»។
ប្រហែលជាដោយសារគោលគំនិតបែបនេះហើយ ទើបបានជារបបក្រុងភ្នំពេញបានបង្កើនការធ្វើទុក្ខបុកម្នេញកាន់តែខ្លាំងលើក្រុមអ្នកគាំទ្របក្សប្រឆាំង និងសំឡេងឯករាជ្យ ក្នុងអំឡុងពេលដែលអ្នកស្រី រ៉ូណា ស្មីត កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា។
អាជ្ញាធរក្រុងភ្នំពេញបានរារាំង និងគំរាមបង្ក្រាប ក្រុមសហជីព និងកម្មករ ដែលចង់ហែក្បួននៅថ្ងៃទិវាពលកម្មអន្តរជាតិ ខណៈតុលាការក្រុងភ្នំពេញ បានកាត់ទោស លោក សម រង្ស៊ី កំបាំងមុខឱ្យជាប់ពន្ធនាគារ៨ ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ និងញុះញង់កងទ័ពមិនឱ្យស្ដាប់បញ្ជា។ កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត គឺតុលាការខេត្តបាត់ដំបងបានកោះហៅមន្ត្រីបក្សប្រឆាំងជាង៣០ នាក់ ឱ្យចូលខ្លួនឆ្លើយបំភ្លឺជាបន្តបន្ទាប់ ដោយសង្ស័យថា ពួកគេបានប្រឆាំងសាលដីកាតុលាការកំពូលរឿងរំលាយបក្សសង្គ្រោះជាតិ។
សកម្មជនសង្គម យុវជន ហេង គីមហុង យល់ថា ការលើកឡើងរបស់អ្នកស្រី រ៉ូណា ស្មីត មិនមែនជាការបង្គាប់បញ្ជាឡើយ ផ្ទុយទៅវិញគ្រាន់តែជាអនុសាសន៍ ដើម្បីជួយដោះស្រាយវិបត្តិនយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជាប៉ុណ្ណោះ។ លោកបន្តថា អ្នកស្រី រ៉ូណា ស្មីត គឺជាតំណាងពិសេសរបស់អង្គការសហប្រជាជាតិ ដូច្នេះអ្នកស្រីត្រូវតែមានសិទ្ធិនិយាយពីបញ្ហាទាំងឡាយដែលអ្នកស្រីបានឃើញ ហើយនិងលើកឡើងពីដំណោះស្រាយសមស្របដែលអាចធ្វើទៅបាន៖ «ខ្ញុំទទូចហើយទទូចទៀតទៅដល់រដ្ឋាភិបាល សូមពិនិត្យមើលឡើងវិញអំពីលទ្ធភាពក្នុងការដោះស្រាយបញ្ហាដែលកំពុងតែកើតមាន ហើយខ្ញុំស្នើឱ្យទទួលយកអនុសាសន៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ដើម្បីធ្វើការពិនិត្យ និងពិចារណា ដើម្បីស្ដារមុខមាត់ជាតិកម្ពុជាយើងឡើងវិញ»។
ក្រុមយុវជនជឿជាក់ថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាយកសំណើ និងអនុសាសន៍ទាំងឡាយរបស់អ្នកស្រី រ៉ូណា ស្មីត ទៅពិនិត្យ និងដោះស្រាយ នោះស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា អាចនឹងវិលទៅរកភាពប្រសើរឡើងវិញ ហើយនេះក៏ជាការឆ្លុះបញ្ចាំងផងដែរថា របបក្រុងភ្នំពេញគិតគូរពីផលប្រយោជន៍ជាតិ ជាជាងគិតតែពីអំណាចផ្ទាល់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
