សិស្សសាលាចំនួន ១០នាក់ស្លាប់ និងម្នាក់ទៀតបានបន្តបាត់ខ្លួន ក្នុងហេតុការណ៍លិចទូកដនៅស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ តុលា។
ហ្វេសប៊ុកស្នងការនគរខេត្តកណ្ដាលបានបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃទី១៤ តុលា នេះ សមត្ថកិច្ចបានរកឃើញសពសិស្សសាលា សរុបចំនួន ១០នាក់ដែលបានលង់ទឹកស្លាប់ក្នុងគ្រោះឧបទ្ទវហេតុនេះ។ ចំណែកមនុស្ស ៤នាក់ត្រូវបានជួយសង្គ្រោះពីហេតុការណ៍នោះ។
របាយការណ៍ដដែលបន្តថា នៅមានសិស្សសាលាម្នាក់ដែលបន្តបាត់ខ្លួន ហើយសមត្ថកិច្ចកំពុងស្វែងរករហូតរសៀលថ្ងៃដដែលនេះ។
អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនិងជាប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ប្រាប់វិទ្យុអាស៊ីសេរីមុនការផ្សាយនេះបន្តិចថាលោកសោកស្តាយជាខ្លាំងចំពោះសោកនាដកម្មនៃការលិចទូកដនេះ។លោកបន្តថា សិស្សសាលាដែលបានស្លាប់ទាំង ១០នាក់នោះពួកគេជាសិស្សឆ្លាតរៀនពូកែនិងឧស្សាហ៍រៀនសូត្រណាស់ដោយខំប្រឹងរៀនទាំងភាសាខ្មែរ និងអង់គ្លេស៖« ក្មេងៗសកម្មយកចិត្តទុកដាក់រៀនសូត្រ ពីព្រោះពួកគាត់ត្រូវឆ្លងទូកពីផ្ទះគាត់ មករៀនត្រើយម្ខាង មករៀនគួរភាសាអង់គ្លេស ក្រៅម៉ោង គាត់ចេញនៅម៉ោង៦ល្ងាច។ អ៊ីចឹងគាត់មានការលះបង់ ព្យាយាមខិតខំខ្លាំងណាស់របស់ក្មេងៗទាំងនោះ។ យើងមានការសោកស្តាយខ្លាំងណាស់ ...»។
ស្នងការខេត្តកណ្តាល លោក ឈឿន សុចិត្ត បានប្រាប់អាស៊ីសេរី កាលពីយប់ថ្ងៃទី១៣ តុលា ថា ទូកដនោះប្រភេទទូកដខ្នាតតូចសម្រាប់ចម្លងអ្នកភូមិ បានលិចនៅម៉ោងប្រមាណ៧យប់ ថ្ងៃទី១៣ តុលា និងបណ្តាលឲ្យបាត់ខ្លួនមនុស្សប្រមាណពី១៤ ទៅ១៥ នាក់ ក្នុងនោះមានទាំងអ្នកបើកទូកដ អ្នកភូមិ និងកូនសិស្សសាលា។ លោក ឈឿន សុចិត្ត អះអាងថា តាមការសន្និដ្ឋានបឋមថា ទូកដដែលលិចនោះដោយសារដឹកលើសចំណុះ។
អង្គការយូនីសេហ្វ (UNICEF) សរសេរលើហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំក្នុងហេតុការណ៍នេះ ហើយអង្គការអន្តរជាតិមួយនេះក៏អំពាវនាវដល់សាធារណជន មេត្តាឈប់ចែករំលែក ឬផ្ញើរូបភាព ឬវីដេអូ ដែលបង្ហាញហេតុការណ៍ដ៏អកុសលនេះលើបណ្តាញសង្គម។ យូនីសេហ្វថា ទង្វើនេះ នឹងបង្កផលប៉ះពាល់អវិជ្ជមានទៅលើកុមារ គ្រួសារជនរងគ្រោះ និងមនុស្សជាទីស្រឡាញ់របស់ពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
