សិស្ស ១០​នាក់​ស្លាប់ និង​១​នាក់​បន្ត​បាត់​ខ្លួន​ក្នុង​ហេតុការណ៍​លិច​ទូកដ​នៅ​ខេត្ត​កណ្តាល

សិស្ស​សាលា​ចំនួន ១០​នាក់​ស្លាប់ និង​ម្នាក់​ទៀត​បាន​បន្ត​បាត់​ខ្លួន ក្នុង​ហេតុការណ៍​លិច​ទូកដ​នៅ​ស្រុក​លើកដែក ខេត្ត​កណ្តាល កាល​ពី​យប់​ថ្ងៃទី​១៣ តុលា។

ហ្វេសប៊ុក​ស្នងការ​នគរ​ខេត្ត​កណ្ដាល​បាន​បញ្ជាក់​ថា គិត​ត្រឹម​រសៀល​ថ្ងៃទី​១៤ តុលា នេះ សមត្ថកិច្ច​បាន​រក​ឃើញ​សព​សិស្ស​សាលា សរុប​ចំនួន ១០​នាក់​ដែល​បាន​លង់ទឹក​ស្លាប់​ក្នុង​គ្រោះ​ឧបទ្ទវហេតុ​នេះ។ ចំណែក​មនុស្ស ៤​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ហេតុការណ៍​នោះ។

របាយការណ៍​ដដែល​បន្ត​ថា នៅ​មាន​សិស្ស​សាលា​ម្នាក់​ដែល​បន្ត​បាត់​ខ្លួន ហើយ​សមត្ថកិច្ច​កំពុង​ស្វែង​រក​រហូត​រសៀល​ថ្ងៃ​ដដែល​នេះ។

អតីត​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យនិង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ប្រាប់​វិទ្យុ​អាស៊ីសេរី​មុន​ការ​ផ្សាយ​នេះ​បន្តិច​ថាលោក​សោកស្តាយ​ជាខ្លាំង​ចំពោះ​សោកនាដកម្ម​នៃ​ការ​លិច​ទូក​ដ​នេះ។លោក​បន្តថា ​សិស្ស​សាលា​ដែល​បាន​ស្លាប់​ទាំង ១០នាក់​នោះពួកគេ​ជា​សិស្ស​ឆ្លាត​រៀន​ពូកែនិង​ឧស្សាហ៍​រៀនសូត្រ​ណាស់​ដោយ​ខំប្រឹង​រៀន​ទាំង​ភាសាខ្មែរ និង​អង់គ្លេស៖« ក្មេងៗ​សកម្ម​យក​ចិត្តទុក​ដាក់​រៀន​សូត្រ ពី​ព្រោះ​ពួកគាត់​ត្រូវ​ឆ្លង​ទូក​ពី​ផ្ទះ​គាត់ មក​រៀន​ត្រើយ​ម្ខាង មក​រៀន​គួរ​ភាសា​អង់គ្លេស ក្រៅ​ម៉ោង គាត់​ចេញ​នៅ​ម៉ោង​៦ល្ងាច។ អ៊ីចឹង​គាត់​មាន​ការ​លះបង់ ព្យាយាម​ខិតខំ​ខ្លាំងណាស់​របស់​ក្មេងៗ​ទាំង​នោះ។ យើង​មាន​ការ​សោកស្តាយ​ខ្លាំង​ណាស់ ...»

ស្នងការ​ខេត្តកណ្តាល លោក ឈឿន សុចិត្ត បាន​ប្រាប់​អាស៊ីសេរី កាលពី​យប់​ថ្ងៃ​ទី​១៣ តុលា ថា ទូកដ​នោះ​ប្រភេទ​ទូកដ​ខ្នាត​តូច​សម្រាប់​ចម្លង​អ្នកភូមិ បាន​លិច​នៅ​ម៉ោង​ប្រមាណ​៧​យប់ ថ្ងៃ​ទី១៣ តុលា និង​បណ្តាល​ឲ្យ​បាត់​ខ្លួន​មនុស្ស​ប្រមាណ​ពី​១៤ ទៅ​១៥ នាក់ ក្នុង​នោះ​មាន​ទាំង​អ្នក​បើក​ទូកដ អ្នកភូមិ និង​កូន​សិស្សសាលា។ លោក ឈឿន សុចិត្ត អះអាង​ថា តាម​ការ​សន្និដ្ឋាន​បឋម​ថា ទូកដ​ដែល​លិច​នោះ​ដោយសារ​ដឹក​លើស​ចំណុះ។

អង្គការ​យូនីសេហ្វ (UNICEF) សរសេរ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ក្នុង​ហេតុការណ៍​នេះ ហើយ​អង្គការ​អន្តរជាតិ​មួយ​នេះ​ក៏​អំពាវនាវ​ដល់​សាធារណជន មេត្តា​ឈប់​ចែក​រំលែក ឬ​ផ្ញើរូបភាព ឬវីដេអូ​ ដែល​បង្ហាញ​ហេតុការណ៍​ដ៏​អកុសល​នេះ​លើ​បណ្តាញ​សង្គម។ យូនីសេហ្វ​ថា ទង្វើ​នេះ នឹង​បង្ក​ផល​ប៉ះពាល់​អវិជ្ជមាន​ទៅ​លើ​កុមារ គ្រួសារ​ជនរងគ្រោះ និង​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួកគេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។