នគរបាលរកឃើញគ្រឿងញៀនចំនួន ៦០គីឡូក្រាមថែមទៀត ពីក្រុមជនសង្ស័យ ៤នាក់ ដែលចាប់បាននៅខេត្តកំពង់ធំ កាលពីថ្ងៃទី២១ តុលា។ ការរកឃើញនេះ ក្រោយពេលនគរបាលសួរចម្លើយជនសង្ស័យទាំង ៤នាក់ រយៈពេល ២ថ្ងៃ គឺពីថ្ងៃទី២៣ និង ២៤ តុលា។
កាលពីថ្ងៃទី២១ តុលា នគរបាលចាប់ខ្លួន ជនជាតិខ្មែរ ៣នាក់ និងថៃម្នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន ចំនួន ៤០គីឡូក្រាម។ ក្រោយពេលសួរចម្លើយ និងឆែកឆេរផ្ទះប្រក់ស័ង្កសីមួយកន្លែង ក្នុងភូមិ សានគរ ខ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នគរបាលរកឃើញ គ្រឿងញៀន ៥៣គីឡូក្រាមថែមទៀត នៅក្នុងវ៉ាលីស៍ (កាបូប) ចំនួន ៣។ ចំនួននេះ បានធ្វើឲ្យគ្រឿងញៀន កើនដល់ ៩៣គីឡូក្រាម។ នៅថ្ងៃទី២៤ តុលា សមត្ថកិច្ចបានរកឃើញ គ្រឿងញៀនចំនួន ៧គីឡូក្រាមថែមទៀត ដែលជនសង្ស័យបានយកលាក់ទុកក្នុងកាបូបមួយទៀត នៅក្រៅផ្ទះនោះ។
អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកបង្ក្រាបគ្រឿងញៀន លោក ម៉ក់ ជីតូ ប្រាប់អាស៊ីសេរីថា គ្រឿងញៀនចំនួន ៧គីឡូក្រាម ដែលបានរកឃើញថែមទៀត នៅថ្ងៃទី២៤ តុលា ធ្វើឲ្យគ្រឿងញៀននេះ កើនដល់ចំនួន ១០០គីឡូក្រាមគត់។
លោក ម៉ក់ ជីតូ ប្រាប់ថា សមត្ថកិច្ចបានដឹងតម្រុយពីគ្រឿងញៀនទម្ងន់ ១០០គីឡូក្រាម ដែលក្រុមជនសង្ស័យនាំចូលពីប្រទេសថៃចូលកម្ពុជា តាមច្រកអូរស្មាច់ ទើបសមត្ថកិច្ចតាមរកឲ្យឃើញគ្រប់ចំនួន។ មកដល់ពេលនេះ សមត្ថកិច្ចកំពុងបន្តនីតិវិធីលើជនសង្ស័យទាំង៤។ លោក ម៉ក់ ជីតូ បន្តថា សមត្ថកិច្ចកម្ពុជា កំពុងសហការជាមួយថៃ ដើម្បីរកមេក្លោងនៅប្រទេសថៃ។ ចំណែកនៅកម្ពុជាវិញ លោកថា ក៏មានមេក្លោងជាប់ពាក់ព័ន្ធសំណុំរឿងមួយនេះដែរ ហើយនគរបាលកំពុងស្រាវជ្រាវរកមេខ្លោងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
