កម្ពុជា​​បញ្ជូន​​​ជន​ជាតិ​ចិន​ ១៧​នាក់​ទៅ​ប្រទេស​ដើម​វិញ​

ដោយ អូន ភាព
2019.11.01
ជនជាតិចិន 110119 កម្ពុជា​​បញ្ជូន​​​ជន​ជាតិ​ចិន​ ៦នាក់ ក្នុង​ចំណោម ១៧នាក់ ដែល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួង​មហាផ្ទៃ បណ្ដេញ​ចេញ នៅ​ថ្ងៃ​ទី១ ខែ​វិច្ឆិកា ឆ្នាំ២០១៩។
រូប៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួង​មហាផ្ទៃ បាន​បញ្ជូន​ជនជាតិ​ចិន​ចំនួន ១៧នាក់​ ទៅ​ប្រទេស​ដើម​វិញ​ក្នុង​រយ:​ពីរ​ថ្ងៃ​បន្ត​បន្ទាប់ ដោយ​សារ​​អាជ្ញា​ធរកម្ពុជា​​រក​ឃើញ​ថា ជន​សង្ស័យ​ទាំង​នេះ​បាន​​​ក្លែង​បន្លំ​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍។ សង្គម​ស៊ី​វិល​ចង់​ឲ្យ​ជន​ល្មើស​ទាំង​នេះ​អនុវត្តន៍​ទោស​នៅ​ប្រទេស​កម្ពុជា​ជា​មុន​សិន​ មុន​នឹង​បញ្ជូន​ទៅ​ប្រទេស​ចិន​វិញ។

គេហទំ​ព័រ​របស់​អគ្គ​ស្នង​ការ​នគរបាល​ជាតិបានឲ្យ​ដឹង​ថា អគ្គ​នាយកដ្ឋាន​អន្តោ​ប្រ​វេសន៍​ បាន​បញ្ជូន​​ជន​ជាតិ​ចិន ៦នាក់ ទៅ​ប្រទេស​ចិន​វិញ​នៅថ្ងៃ​ទី១ ខែ​​វិច្ឆិកា​នេះ​​​​តាម​ជើង​យន្ត​ហោះ​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍ ក៏​បាន​​បញ្ជូន​ជន​ជាតិ​ចិន​ចំនួន ១១នាក់​ផង​ដែរ កាល​ពី​ថ្ងៃ​ទី៣១ ខែ​តុលា ដោយ​សារ​ជន​ល្មើស​ទាំង​អស់​នេះ​បាន​ប្រព្រឹត្ត​អំ​ពើ​ឆបោក​តាម​ប្រ​ព័ន្ធ​ទូ​រគមនា​គមន៍​នៅ​ប្រទេស​កម្ពុជា។

សេចក្តី​ប្រកាស​នៃ​ការ​បណ្តេញ​ចេញ​របស់​ក្រសួងមហាផ្ទៃ​ កាល​ពី​ថ្ងៃ​ទី២៨ ខែ​តុលា​ បាន​ហាម​មិន​ឲ្យ​ជន​ជាតិ​ចិន​ទាំង ១៧នាក់​នេះ​​ចូល​កម្ពុជា​រយៈ​ពេល ៣ឆ្នាំ ដោយ​សារ​ជន​ជាតិ​ចិន​ទាំង​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ក្លែង​បន្លំ​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ VOIP

គេហទំព័រ​ដែល​បាន​ចេញ​​ផ្សាយ​កាល​ពី​ថ្ងៃ​ទី៣១ តុលា បាន​ឲ្យ​ដឹង​ផង​ដែរ​ថា កិច្ច​សហប្រតិបត្តិការ​នេះ​ ក៏​មាន​ការ​ចូលរួម​ពី​កង​កម្លាំង​សមត្ថកិច្ច​របស់​ក្រសួង​សន្តិសុខ​សាធារណៈ​ នៃ​ប្រទេស​ចិន​ ដើម្បី​យកជន​ល្មើស​ទាំង​នេះ​​ទៅ​អនុវត្តទោស​​តាម​ច្បាប់​នៅ​ប្រទេស​ចិន។

អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​លោក កែវ វ៉ាន់​ថន បាន​ប្រា​ប់​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​ទី២២ ខែ​តុលា​ថា កម្ពុជា​បាន​បញ្ជូន​ជន​ជាតិ​ចិន​ចំនួន ៨៨៩​នាក់​ក្នុង​រយ:​ពេល ៩ខែ​ដើម​ឆ្នាំ២០១៩ នេះ​ ហើយ​ចំនួន​នេះ​បាន​កើន​ដល់ ៩០៦​នាក់​ហើយ​មក​ទល់​ថ្ងៃ​នេះ។​

លោក​បញ្ជាក់​ថា​ជន​ជាតិ​ចិន​ដែល​បាន​បញ្ជូន​ត្រឡប់​ទៅ​ប្រ​ទេស​ចិន​វិញ​នោះ​ មួយ​ចំនួន​មាន​ជាប់​ពាក់​ព័ន្ធ​បទ​ល្មើស​សេដ្ឋកិច្ច​នៅ​ប្រទេស​ចិន​ ហើយ​បាន​មក​លាក់​ខ្លួន​នៅ​ប្រទេស​កម្ពុជា​ និង​មួយ​ចំនួន​ទៀត​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ល្បែង​ភ្នាល់​តាម​ប្រព័ន្ធ​អ៊ីនធឹណិត​ខុស​ច្បាប់ និង​មួយ​ចំនួន​ទៀត​ពាក់​ព័ន្ធ​នឹង​បទ​ក្លែង​បន្លំ​ឆ​បោក​តាម​រយ:​ទូរគមនាគមន៍ (VOIP)

ទោះ​ជា​យ៉ា​ងណា​របាយ​ការណ៍​ពី​ស្ថានទូត​ចិន ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១៧ ខែ​តុលា​បាន​ឲ្យ​ដឹង​ថា ជន​ជាតិ​ចិន​ចំនួន​ជាង ១.០០០​នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ចិន​វិញ​ក្នុង​រយ:​ពេល​៩​ខែ​ដើម​ឆ្នាំ​នេះ។

សង្គម​ស៊ី​វិល​​ធ្លាប់​បានលើក​ឡើង​​ថា ជន​ជាតិ​ចិន​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​ គួរ​តែ​អនុវត្ត​ទោស​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​​ជា​មុន​សិន​ មុន​នឹង​ធ្វើ​ការ​បញ្ជូន​​ទៅ​ប្រ​ទេស​របស់​ខ្លួន​វិញ ព្រោះ​ថា ជន​ល្មើស​ទាំង​នេះ នឹង​មិន​រាង​ចាល​ទេ បើ​សិន​ជា​អាជ្ញាធរ​ចិន​ មិន​បាន​អនុវត្ត​ច្បាប់​អោយ​បាន​តឹង​រឹង ចំ​ពោះ​ពួក​គេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។