សមត្ថកិច្ចឱ្យដឹងថា ចៅក្រមសាលាដំបូងខេត្តសៀមរាប បានបង្គាប់ឱ្យឃុំខ្លួនជនជាតិចិន ២នាក់ភ្លាមៗ នៅរសៀលថ្ងៃទី២៤ វិច្ឆិកា ក្រោយពេលនគរបាលអន្តោប្រវេសន៍ បានបញ្ជូនពួកគេ ទៅតុលាការ ពីបទបើកកន្លែងភ្នាល់ល្បែងតាមប្រព័ន្ធអ៊ីនធឺណិត។
ស្នងការរងនគរបាលខេត្តសៀមរាប ទទួលបន្ទុកជនអន្តោប្រវេសន៍ លោក ជា គឹមសាន ប្រាប់អាស៊ីសេរី ថា ជនជាតិចិនទាំង២នាក់ នោះ ត្រូវបានសមត្ថកិច្ចឆ្មក់ចាប់បាន ក្នុងប្រតិបត្តិការបង្ក្រាបល្បែងភ្នាល់តាមអ៊ីនធឺណិត កាលពីថ្ងៃទី២៣ វិច្ឆិកា នៅភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។ ចំណែកអ្នកពាក់ព័ន្ធផ្សេងទៀត ខ្លះគេចខ្លួនទៅដល់ប្រទេសចិនវិញហើយ។ តែយ៉ាងណា លោកថា ចៅក្រមស៊ើបសួរ បានចេញដីកាចោទប្រកាន់អ្នកពាក់ព័ន្ធទាំងនោះរួចហើយ។
គេហទំព័រអគ្គស្នងការនគរបាលជាតិ ចុះផ្សាយថា ជនសង្ស័យទាំងពីរនាក់ បានប្រាប់សមត្ថកិច្ចថា ពួកគេមានមុខងារជាភ្នាក់ងារបើកគណនេយ្យឱ្យភ្ញៀវជនជាតិចិនរស់នៅកម្ពុជា ដែលមានបំណងលេងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិត។ ដោយឡែក កាលពីថ្ងៃទី២០ វិច្ឆិកា សមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានចាប់ខ្លួនជនបរទេសចំនួន ៦សញ្ជាតិ សរុបមានគ្នា ១៩៧នាក់ ពីបទល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិតខុសច្បាប់ នៅសង្កាត់ប៉ោយប៉ែតហើយបានបញ្ជូនទៅនគរបាលជំនាញអន្តោប្រវេសន៍។
មកដល់ពេលនេះ មិនទាន់មានតួលេខផ្លូវការពីការចាប់ខ្លួន ឬបង្ក្រាបជនជាតិបរទេស ចំពោះការលួចបើកភ្នាល់ល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិតឡើយ។ រដ្ឋាភិបាលកម្ពុជា បានបញ្ជាឱ្យបិទ និងបង្ក្រាបល្បែងស៊ីសងតាមអ៊ីនធឺណិតទាំងអស់ ចាប់ពីខែសីហាមក ព្រោះសង្កេតឃើញថា ក្រុមឧក្រិដ្ឋជនបរទេសមួយចំនួន បានប្រើប្រាស់ល្បែងនេះ ដើម្បីបោកប្រាស់ជំរិតទារប្រាក់ពីជនរងគ្រោះទាំងក្នុង និងក្រៅប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
