នគរបាល​ខេត្ត​ព្រះសីហនុ​ ឃាត់​ជនជាតិ​​ចិន ​២០​នាក់ ​ពី​​បទ​​បង្ខាំង​​មនុស្ស​​ខុស​ច្បាប់

0:00 / 0:00

សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ឃាត់​ជនជាតិ​ចិន​ចំនួន​ ២០​នាក់ ហើយ​បាន​បញ្ជូន​ទៅ​តុលាការ ពី​​បទ​​ជន​សង្ស័យ​​បង្ខាំង​​មនុស្ស​​ខុស​ច្បាប់ ដើម្បី​​ជំរិត​​ទារ​ប្រាក់​។ សង្គម​ស៊ីវិល​ថា ឱ្យ​ដឹង​ថា មាន​ជនជាតិ​ចិន​​មួយ​ចំនួន​បាន​​ចាញ់​​ល្បែង ប៉ុន្តែ​គ្មាន​លុយ​សង ទើប​ម្ចាស់​កាស៊ីណូ បញ្ជា​ឱ្យ​ជន​ជាតិ​ចិន​ផ្សេង​ទៀត​បង្ខាំង​ជនរងគ្រោះ​ដើម្បី​សង​លុយ។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​លោក ជួន ណារិន្ទ បាន​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ព្រហស្បត៍ ទី​២១ វិច្ឆិកា នេះ​ថា​ជនសង្ស័យ​ទាំងនេះ បាន​បង្ខាំង​ជនជាតិ​ចិន​ដូចគ្នា​ចំនួន ២៧​នាក់ ដើម្បី​ជំរិត​ទារ​លុយ។

លោក ជួន ណារិន្ទ បញ្ជាក់​ថា ជនសង្ស័យ​ចំនួន ១១​នាក់ ​ដែល​ជា​ជនជាតិ​ចិន​ក្នុង​នោះ​​មាន​​ស្រី​​ម្នាក់ បាន​​បង្ខាំង​​ជន​ជាតិ​​ចិន​​ដូច​គ្នា​​ចំនួន ១១​នាក់ កាលពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា នៅ​សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ ហើយ​បាន​ទារ​លុយ​ពី​ជនរងគ្រោះ​ចំនួន ប្រមាណ​ជិត ២​ម៉ឺន​ដុល្លារ សម្រាប់​ជា​ថ្នូរ​នៃ​ការ​ដោះលែង។

លោក​បាន​ប្រាប់​ថា ការ​ចាប់​ខ្លួន​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​សាច់ញាតិ​របស់​ជនរងគ្រោះ ហើយ​កម្លាំង​សមត្ថកិច្ច​របស់​លោក​បើក​ការស្រាវជ្រាវ បន្ទាប់​មក​បាន​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​ជនល្មើស​ទាំងអស់​នេះ។

លោក​បញ្ជាក់​ថា ជនរងគ្រោះ​ខ្ចី​លុយ​ជនសង្ស័យ ដើម្បី​យក​ទៅ​លេងល្បែង​នៅ​កាស៊ីណូ ប៉ុន្តែ​បាន​ចាញ់​អស់ ទើប​ជនសង្ស័យ​ចាប់​បង្ខាំង​ទុក ដើម្បី​បង្ខំ​ឱ្យ​គ្រួសារ​ជនរងគ្រោះ យក​លុយ​មក​សង​ពួកគេ​វិញ។

លោក ជួន ណារិន ប្រាប់​ឱ្យ​ដឹង​ដែរ​ថា នគរបាល​ខេត្ត ក៏​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៩​នាក់​ផ្សេង​ទៀត ដោយសារ​ជនសង្ស័យ​បាន​ឃាត់​ជនជាតិ​ចិន ១៦​នាក់ ហើយ​បាន​ជំរិត​ទារ​ប្រាក់ នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ៖ «វា​បង្ខាំង វា​មិនមែន​ចាប់ជំរិត​ទេ វា​បង្ខាំង​ដោយសារ​ជំពាក់​លុយ​អ៊ីចឹង​ទៅ​វា​របៀប​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​ហ្នឹង​ណាស់»។

លោក​បន្ត​ថា សមត្ថកិច្ច​បាន​បញ្ជូន​ជនល្មើស​ទាំងអស់​នេះ​ទៅ​តុលាការ ប៉ុន្តែ​លោក​មិនទាន់​ដឹង​ថា​ជន​សង្ស័យ​ទាំង​២០​នាក់​ត្រូវ​បាន​ចោទ​ពី​បទ​អ្វី​នៅ​ឡើយ​ទេ។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​តុលាការ​ខេត្ត​លោក លឹម ប៊ុនហេង នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ ប៉ុន្តែ​ទូរស័ព្ទ​ចូល​មិន​មាន​អ្នកទទួល។

ក្នុងការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ទាំងនោះ សមត្ថកិច្ច​បាន​ដកហូត​កាំភ្លើង​ខ្លីម៉ាក K54 ចំនួន​ ២​ដើម និង​​មាន​​គ្រាប់​​មួយ​​ចំនួន​​ផង​​ដែរ។ សមត្ថកិច្ច​ក៏បាន​ដក​ហូត​ខ្នោះដៃ​ចំនួន ២៣​គូ និង​កូន​សោរ​​ខ្នោះ​មួយ​ចំនួន ព្រមទាំង​ដំបង ញញួរ​មួយ​ចំនួន​ទៀត​ ដែល​ជន​សង្ស័យ​​ប្រើប្រាស់​​សម្រាប់​​ធ្វើ​​ទារុណកម្ម​​ជន​រង​គ្រោះ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី មាន​ប្រសាសន៍​ថា អ្នកស្រី​តែងតែ​សង្កេតឃើញ​មាន​ការ​ចាប់​បង្ខាំង​មនុស្ស​ខុសច្បាប់​ជា​ញឹកញាប់​ប្រព្រឹត្ត​ឡើង​ដោយ​ជនជាតិ​ចិន ចាប់​តាំង​ពី​មាន​កាស៊ីណូ​ច្រើន​នៅ​ខេត្ត៖ «យើង​ឃើញ​ភាគច្រើន​គឺ​គាត់​លេងល្បែង​ហ្នឹង​ហ្មង ព្រោះ​ចង់​និយាយ​ថា ពួកគាត់​អត់​មាន​ជំពាក់​លុយ​គ្នា​គាត់ ដោយសារ​យក​មក​រកស៊ី ដូចជា​អត់​ដែល​លឺ​ទេ ឃើញ​តែ​គាត់​លេងល្បែង​កាស៊ីណូ»។

អ្នកស្រី​បន្ត​ថា ជាទូទៅ​មាន​មនុស្ស​ចូល​លេងល្បែង​នៅ​កាស៊ីណូ​ច្រើន ហើយ​ភាគច្រើន ​​គឺ​ជា​​ជន​ជាតិ​​ចិន។ អ្នកស្រី​ថា អ្នកទេសចរ​ដែល​មកលេង​ខេត្ត​នេះ​មានការ​ថយ​ចុះ​ច្រើន ដោយសារ​ខ្លាច​ការ​ចាប់​ជំរិត​នេះ ព្រោះ​អំពើ​ចាប់ជំរិត​តែងតែ​កើតមាន​ឡើងជា​ញឹកញាប់ នៅ​ពេល​ពួកគេ​ចាញ់​ល្បែង។

សព្វថ្ងៃ​ជនជាតិ​ចិន​គ្រប់គ្រង កាស៊ីណូ ៤៨​កន្លែង។ កន្លង​មក​​អគ្គនាយកដ្ឋាន​​អន្តោប្រវេសន៍​​ក្រសួង​មហាផ្ទៃ បាន​​បញ្ជូន​​ជន​ល្មើស​​ជា​ជនជាតិ​ចិន​ចំនួន ៩០៦នាក់ ក្នុង​នោះ​មាន​ស្រី ១៧២​នាក់​ក្នុង​​រយៈ​ពេល ៩​ខែ​​ដើម​​ឆ្នាំ​នេះ។

ជនជាតិ​ចិន​ដែល​បាន​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​នោះ មួយ​ចំនួន​មាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​សេដ្ឋកិច្ច​នៅ​ប្រទេស​ចិន ហើយ​បាន​មក​លាក់ខ្លួន​នៅ​ប្រទេស​កម្ពុជា និង​មួយ​ចំនួន​ទៀត​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ល្បែងភ្នាល់​គ្នា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ខុសច្បាប់ និង​មួយ​ចំនួន​ទៀត​ពាក់ព័ន្ធ​នឹង​បទ​ដែល​ក្លែងបន្លំ​ឆបោក​តាម​រយ​:​ទូរគមនាគមន៍​នៅ​កម្ពុជា (VOIP)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។