សាច់​ញាតិ​​​​​ស្នើសុំ​​​ដោះលែង​អ្នក​​​​ទោស​ស្រាលៗ និង​អ្នក​​មាន​​ជំងឺកំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​ ក្រោយ​ផ្ទុះ​ជំងឺ​កូវីដ​

0:00 / 0:00

ករណី​ជំងឺ​កូវីដ​១៩ បាន​ឆ្លង​ចូល​ដល់​ក្នុង​ពន្ធនាគារ​ហើយ។ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​​​ បាន​ផ្សាយ​​របាយការណ៍​​​លទ្ធផល​​ការ​វិភាគ​វត្ថុ​សំណាក ​រក​មេរោគ​កូវីដ១៩​ ​នៅ​​ថ្ងៃ​ទី​៨ ខែ​ឧសភា បង្ហាញ​ថា មាន​អ្នក​ជាប់​ឃុំ​ចំនួន ​៣៤ នាក់ ​ឆ្លង​ជំងឺ​នេះ ខណៈ​អ្នក​ឆ្លង​ថ្មី នៅ​ទូទាំង​​ខេត្ត​ព្រះសីហនុ ​​​មាន​សរុប​​ជាង​មួយរយ​ (១២៦) នាក់។

សាច់​ញាតិ​​របស់​សកម្មជន​ដីធ្លី ដែល​កំពុង​ជាប់​ឃុំ​​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះសីហនុលោក កៅ ហួរ គឺ​លោកស្រី ឡុច ទូច​ ស្នើសុំ​​អាជ្ញាធរ ​ផ្ដល់​ព័ត៌មាន​លម្អិត​ ពី​​ស្ថានភាព​​អ្នក​ឆ្លង​ក្នុង​ពន្ធនាគារ ព្រោះ​ លោកស្រី បារម្ភពី​​ប្ដី ដែល​ជាប់​ឃុំ​ ​​ក្នុង​ស្ថានភាព​​ចាស់​ជរា និង​មាន​ជំងឺ​សរសៃ​ប្រសាទ​។ សាច់​ញាតិ​រូប​នេះ ទាមទារ​ឲ្យ មន្ត្រី​​​តុលាការ​ ដោះលែង​ប្ដី​របស់​​លោកស្រី​វិញ ដើម្បី​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ខេត្ត​។ ម្យ៉ាង​លោក​ស្រី អះអាង​ថា ប្ដី​របស់​លោក​ស្រី ជាប់​ពន្ធនាគារ​ ដោយសារ​ជម្លោះ​ដីធ្លីទាំង​អយុត្តិធម៌៖ « គាត់​ជាប់​៤​ខែ​ ខែ​ហ្នឹង​ហើយ ហើយ​មនុស្ស​គាត់​វង្វេង​បាត់​ស្មារតី​អ៊ីចឹង អត់​សម​យក​គាត់​ទៅ​ដាក់​គុក​ទេ ហើយ​គាត់​មនុស្ស​ឆ្កួត​វិកល​ចរិត​អ៊ីចឹង​ណា​អូន។ វា​អត់​ ដែល​មាន​តុលាការ​ណា ស្រុក​ក្រៅ​ឯណា​​ ក៏​គេ​មិន​ដែល​យក​មនុស្ស​ឆ្កួត​ដាក់​គុក​ដែរ។ ប៉ុន្តែ​នេះ រង​ការ​អយុត្តិធម៌​ពេក​ហ្មង យក​មនុស្ស​ឆ្កួត យក​មនុស្ស​ឈឺ​ជំងឺ​ ដែល​ចាំបាច់ ( ដាក់​ពន្ធនាគារ ) ។ ពេល​នៅ​ផ្ទះ ខ្ញុំ​ដាំ​បាយ ដាក់​បបរ​ ខ្ញុំ​ងូត​ទឹក​ឲ្យ​គាត់​សឹង​តែ​មិន​រស់​ផង ចុះ​ទម្រាំ​​យក​គាត់​ទៅ​ដាក់​អ៊ីចឹង។ នៅ​សល់​តែ​ឆ្អឹង។ នឹក​ឃើញ​ប្ដី​ខ្ញុំ ខ្ញុំ​ឈឺ​ចាប់​ណាស់។ ខ្ញុំ​តូច​ចិត្ត​ណាស់ ជា​ពិសេស​តុលាការ​ គ្មាន​យុត្តិធម៌ អាជ្ញាធរគ្មាន​ដឹង​លឺ»។​​

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ខាង​មន្ត្រី​នាំ​ពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារលោក នុត សាវនា​ និង​មន្ត្រី​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះសីហនុលោក ឃាង ភារម្យ​ បាន​ទេ នៅ​ថ្ងៃ​ទី​៩ ខែឧសភា ជុំវិញ​ការ​ឆ្លង​ជំងឺ​កូវីដ ចូល​ក្នុង​ពន្ធនាគារ ជា​លើក​ដំបូង​នេះ​។

តែ​យ៉ាង​ណាលោក នុត សាវនា ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក (ភ្នំពេញ​ប៉ុស្តិ៍)​ថា ​បច្ចុប្បន្ន​​ខាង​ពន្ធនាគារ​ ​​កំពុង​រក​មូលហេតុ​​។ លោកសន្និដ្ឋាន​ថា បញ្ហា​​​​​ឆ្លង​នេះ ប្រហែល​បណ្ដាល​មក​​ពី​​អ្នក​ពាក់ព័ន្ធ​ខ្លះ​ ​​គាត់​កើត​​ជំងឺ​កូវីដ១៩ ប៉ុន្តែ​មិន​មាន​ចេញ​រោគសញ្ញា​ ទើប​បណ្ដាល​ឲ្យ​មាន​ការ​ឆ្លង​បែប​នេះ​។

លោកអះអាង​ថា កន្លង​មក​ ​អាជ្ញាធរ​តែងតែ​អនុវត្ត​វិធានការ​ចត្ដាឡីស័ក ​១៤ ​ថ្ងៃ​ ជាមុន​សិន​ មុន​​នឹង​បញ្ជូន​មនុស្ស​ចូល​ពន្ធនាគារ​។ បន្ថែម​ពី​នេះ លោក​បន្តថា​ ​គោលការណ៍​ថ្មី ​​​ខាង​ពន្ធនាគារ បាន​ស្នើ​ទៅខាង​អគ្គ​ស្នង​ការដ្ឋាន​នគរបាលជាតិ ​ឲ្យ​ធ្វើ​តេស្ត​រក​មេរោគ​នៃ​ជំងឺ​​កូវីដ១៩​ ចំពោះ​ជន​សង្ស័យ​ ដែល​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ ឱ្យ​រួចរាល់​សិន ​​ទើប​សម្រេច​បញ្ជូន​ ទៅ​ខាង​ពន្ធនាគារ។

ចំណែក​ មន្ត្រី​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​ម្នាក់ សុំ​លាក់​ឈ្មោះ ប្រាប់​អាស៊ី​សេរីថា អ្នក​ជាប់​ឃុំ​ទាំង​​ ៣៤ ​នាក់ ​មាន​អាការៈ​ក្ដៅ​ខ្លួន និង​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ។ មន្ត្រី​ដដែល​ឲ្យ​ដឹង​ថា ខាង​គ្រូពេទ្យ​​ គ្រាន់​តែ​បញ្ជាក់​ថា ស្ថិត​ក្នុង​ករណី​សង្ស័យ​នៅ​ឡើយ។ ​មន្ត្រី​បន្ត​ថា ជា​វិធានការ​​ដំបូង​ គឺ​​អាជ្ញាធរ​ពន្ធនាគារ​បាន​រៀបចំ​អ្នក​ជាប់​ឃុំទាំង​ ៣៤​ នាក់ ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​អ្នក​ជាប់​ឃុំ​ផ្សេង​ទៀត។

Prison_Prah_Sihanouk_02.jpg
ស្ថានភាពអ្នកជាប់ឃុំនៅក្នុងពន្ធនាគារខេត្តព្រះសីហនុ។ (រូប៖ ហ្វេសប៊ុកពន្ធនាគារខេត្តព្រះសីហនុ)

ទោះ​ជា​យ៉ាង​ណា សង្គម​ស៊ីវិល ស្នើសុំ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច គិតគូរ​ពី​ដំណោះ​ស្រាយ​ ដោះលែង​អ្នក​ជាប់​ឃុំ​ ដែល​មាន​ទោស​ស្រាលៗ អ្នក​មាន​ជំងឺ​ធ្ងន់ធ្ងរ​ប្រចាំ​កាយ ជាដើម​ ឲ្យ​ស្ថិត​ក្រោម​ការ​​ត្រួត​ពិនិត្យ ឬ​ នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន ដើម្បី​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន ដែល​នាំ​ឲ្យ​មាន​ហានិភ័យ​ខ្ពស់ ក្នុង​ពន្ធនាគារ។

អ្នក​សម្រប​សម្រួល​សមាគម​អាដហុក​ ប្រចាំ​ខេត្ត​ព្រះសីហនុអ្នកស្រី ជាប សុធារី មាន​ប្រសាសន៍​ថា ខាង​​ពន្ធនាគារ​ខេត្ត​ បាន​​ផ្អាក​​ឲ្យ​​អ្នកក្រៅចូល​​ជួប​​​សួរ​សុខ​ទុក្ខ និង​ឃ្លាំ​មើល​ស្ថានភាព​ក្នុង​ពន្ធនាគារ​ យូរ​ណាស់​ហើយ ដោយសារ​បារម្ភពី​ការ​ចម្លង​ជំងឺ​នេះ​។

អ្នកស្រីបារម្ភ​ថា ការ​ចម្លង​ជំងឺ​នេះ ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ ​នឹង​វិវត្តន៍​​​លឿន ព្រោះ​ស្ថានភាព​អ្នក​ជាប់​​ពន្ធនាគារ​​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ មាន​សភាព​ចង្អៀត​​ណែន ដូច​ពន្ធនាគារ​ផ្សេង​ទៀត​ដែរ​។ អ្នកស្រី ជឿជាក់​ស្ថានភាព​ចង្អៀត​ណែន​នេះ ​មិន​អាច​​ធ្វើ​ឲ្យ​ អ្នក​ជាប់​ឃុំ តាម​បន្ទប់​នីមួយៗ ​មាន​លទ្ធភាព​​រក្សា​គម្លាត​សុវត្ថិភាព​បាន​ទេ។

អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​រូប​នេះ ជំរុញ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ចរក​យន្ត​ការ​នានា ដោះ​ស្រាយ​បញ្ហា​នេះ និង ​គួរ​តែ​ដោះលែង​អ្នក​ជាប់​ឃុំ ដែល​មាន​ទោស​ស្រាលៗ មាន​​ជំងឺ​ប្រចាំ​កាយ ហើយ​​​មាន​មុខ​របរ​ និង​ទីលំនៅ​ច្បាស់​លាស់​ ដើម្បី​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន៖ «យើង​អាច​ប្រើ​ការ​សម្រេច​ចិត្ត​តាម​នីតិវិធី​ច្បាប់ ព្រោះ​ច្បាប់​ក៏​អនុញ្ញាត​ដែរ នៅ​ក្នុង​នីតិវិធី​ព្រហ្មទណ្ឌ​ណា។ ក្នុង​បទ​ល្មើស​ខ្លះ គឺ​ចៅក្រម ឬ​ក៏​ព្រះ​រាជ​អាជ្ញា​ហ្នឹង មាន​សិទ្ធិ​សម្រេច​​ឲ្យ​គាត់​ហ្នឹង ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ ហើយ​មាន​ក្រុម​គ្រួសារ​អ្វី​ហ្នឹង ជា​អ្នក​ធានា ឬ​ក៏​មាន​មេធាវី​អ៊ីចឹង​ទៅ ក៏​គួរ​តែ​អនុគ្រោះ​ដែរ។ អ្នក​ខ្លះ​ទៀត ដូច​ថា គាត់​មាន​ជំងឺ​ មាន​អ្វី ស្រាប់​ នៅ​ក្នុង​ពន្ធនាគារ។ អា​ហ្នឹង ក៏​គួរ​តែ​អនុគ្រោះ​ឲ្យ​គាត់​បាន​នៅ​ក្រៅ​ដែរ។ ចង់​និយាយ​ថា គាត់​​ចាស់​ជរា គាត់​មាន​ជំងឺ​ មាន​អ្វី​ហ្នឹង​ណា​»។

ខេត្ត​ព្រះសីហនុ ជា​ខេត្ត​មួយ ដែល​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ធ្ងន់ធ្ងរ ហើយ​មួយ​រយៈ​ចុង​ក្រោយ​នេះ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​ចាប់​ខ្លួន​ពលរដ្ឋ ​រួមទាំង​ជន​ជាតិ​ចិន ជា​បន្ត​បន្ទាប់ ដោយ​ចោទ​ថា អ្នក​ទាំង​នោះ ​ល្មើស​នឹង​បំរាម​ទប់​ស្កាត់​ជំងឺ​កូវីដ​របស់​អាជ្ញាធរ​។

កាលពី​ថ្ងៃ​ចុង​ខែ​ (២៧) ឧសភា ឆ្នាំ​២០២០​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃលោក ស ខេង ​លើក​​ឡើង​ថា​ ដើម្បី​គាំទ្រ​ដល់​​​យុទ្ធនាការ​ដោះស្រាយ​សំណុំ​រឿង​កកស្ទះ​​ តាម​សាលា​​ជម្រះ​ក្ដី អាជ្ញាធរ​​មាន​សមត្ថកិច្ច នឹង​ដោះ​លែង​​អ្នក​ជាប់​ឃុំ ខ្ទង់​មួយ​ម៉ឺន ​(១០.០០០)​ នាក់ នៅ​ទូទាំង​ប្រទេស ​ដើម្បី​​​​បន្ធូរ​បន្ថយ​ហានិភ័យ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ១៩ និង​​​បញ្ហា​សិទ្ធិ​មនុស្ស​​ក្នុង​ពន្ធនាគារ​​។

ប៉ុន្តែ​រយៈ​ពេល​មួយ​ឆ្នាំ​មក​ហើយ រដ្ឋាភិបាល មិន​​បាន​គោរព​សន្យា ក្នុង​ការ​ដោះលែង​អ្នក​​ជាប់​ឃុំ​ មាន​ទោស​ស្រាលៗ​ ដើម្បី​បន្ថយ​ភាព​ចង្អៀត​ណែន​ទេ។ អង្គការ​សិទ្ធិ​មនុស្ស​​ជាតិ (​លីកាដូ)​ និង​អន្តរជាតិ ​(Amnesty International) ធ្លាប់​ចេញ​សេចក្ដី​ការណ៍​រួមគ្នា​មួយ ទាមទារ​ឲ្យ​រដ្ឋាភិបាល​គោរព​កិច្ច​សន្យា​នេះ តែ​រដ្ឋាភិបាល​ បដិសេធ​ការ​លើក​ឡើង​នេះ និង​អះអាង​ថា មិន​ដែល​បាន​​សន្យា​បែប​នេះ​ទេ​​​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។