សមត្ថកិច្ចក្រសួងមហាផ្ទៃបានឃាត់ខ្លួនជនជាតិចិន ចំនួនសរុប ៣២៣នាក់ ក្នុង ករណីបីដាច់ដោយឡែកពីគ្នា ពីបទសង្ស័យថា បានប្រព្រឹត្តករណីចាប់ជំរិត គំរាមកំហែងទារប្រាក់ និងបើកល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឹណិត។
អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក អាត់ បូនី បានប្រាប់អាស៊ីសេរីថា សមត្ថកិច្ចអគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ
បានចុះឆែកទីតាំងមួយកន្លែងក្នុងខ័ណ្ឌទួលគោក រាជធានីភ្នំពេញ នៅយប់ថ្ងៃអង្គារ៍ទី១០ ខែកញ្ញា ប៉ុន្តែលោកមិនទាន់អាចផ្តល់ព័ត៌មានជាក់លាក់នៅឡើយទេ។
ទោះបីជាយ៉ាងណា សារព័ត៌មានក្នុងស្រុក ដែលបានចេញផ្សាយនៅថ្ងៃអង្គារ៍ ទី១០ កញ្ញា បានឲ្យដឹងថា សមត្ថកិច្ចក្រសួងមហាផ្ទៃ បានឃាត់ជនជាតិចិនចំនួន ២១៨ បន្ទាប់ពីសង្ស័យថាជនជាតិចិនទាំងអស់នេះបានប្រព្រឹត្តករណីចាប់ជំរិត គំរាមកំហែងទារប្រាក់ និងបើកល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឹណិត(VOIP)។
ជនជាតិចិនចំនួន ៧១ នាក់ដែលបានឃាត់ខ្លួននៅព្រឹកថ្ងៃអង្គារ៍នេះនៅខ័ណ្ឌចំការមន សុទ្ធតែមានដីកាឃាត់ខ្លួនពីប្រទេសចិន និងជនជាតិចិន ១៤៧នាក់ត្រូវបានឃាត់ខ្លួននៅខ័ណ្ឌទួលគោក ក្រុងភ្នំពេញ។
ចំណែក កាលពីរសៀលថ្ងៃទី៩ កញ្ញាវិញ ក្រសួងមហាផ្ទៃ ក៏បានឃាត់ជនជាតិចិនចំនួន ១០៥នាក់ដែរ ហើយបាននាំមកសាកសួរនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្ទាប់ពីសង្ស័យថា ជនជាតិចិនទាំងអស់នេះបានប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអ៊ីនធឹណិត។
ជនជាតិចិនទាំងនេះ ត្រូវបានឃាត់ខ្លួននៅអគារពាណិជ្ជកម្មមួយកន្លែងឈ្មោះ សាន់ថោន (Suntown) ក្នុងសង្កាត់ អូរបែកក្អម ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយឥឡូវនេះសមត្ថកិច្ចកំពុងសាកសួរ ដើម្បីរកឲ្យឃើញថាមានចំនួនប៉ុន្មាននាក់ដែលបានប្រព្រឹត្តបទល្មើស។
លោក អាត់ បូនី និយាយថា កម្លាំងសមត្ថកិច្ចបានចុះឆែកឆេរនៅអគារនោះ ព្រោះសង្ស័យថា ជនជាតិចិនទាំងអស់នេះប្រព្រឹត្តល្បែងខុសច្បាប់តាមប្រព័ន្ធអ៊ីនធឹណិត។ លោកថាសមត្ថកិច្ចបាននាំខ្លួនជនជាតិចិនទាំង១០៥នាក់នេះមកសាកសួរនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ហើយឥឡូវនេះកំពុងផ្ទៀងផ្ទាត់ប័ណ្ណការងារ ដូច្នេះលោកមិនទាន់បានកំណត់ថាមានជនជាតិចិនប៉ុន្មាននាក់មានទោសនៅឡើយទេ”។
លោក អាត់ បូនី ប្រាប់ថា សមត្ថកិច្ចបានដកហូតវត្ថុតាង មានដូចជាទូរស័ព្ទដៃចំនួន ១៩១គ្រឿង កំព្យូទ័រយួរដៃ (laptop) ចំនួន ៤គ្រឿង Ipaid ចំនួន ២គ្រឿង កាមេរ៉ាចំនួន ២គ្រឿង លិខិតឆ្លងដែន ចំនួន ៤៧ក្បាល រថយន្ត ម៉ាក Lexus ១ គ្រឿង ម៉ូនីធ័រ (Monitor) ចំនួន ៩៥គ្រឿង និងប្រអប់ (Case) ចំនួន ៨០គ្រឿង។
លោកថា កម្ពុជានឹងចាត់វិធានការតាមច្បាប់ បើសិនជារកឃើញពួកគេទាំងនេះបានប្រព្រឹត្តបទល្មើសមែន។
កន្លងសង្គមស៊ីវិលរិះគន់អាជ្ញាធរភ្នំពេញថាមិនបានផ្ដន្ទាទោសជនជាតិចិនមុននឹងបញ្ជូនទៅប្រទេសចិនវិញនោះទេដែលបណ្ដាលឲ្យជនជាតិចិនទាំងនោះមិនខ្លាចនឹងបន្តប្រព្រឹត្តបទល្មើស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។