មនុស្ស ៤​នាក់​ស្លាប់ និង​ ៥​នាក់​ទៀត​របួស​ធ្ងន់ ពេល​ប្រជ្រៀតគ្នា​យក​អាំងប៉ាវ​នៅ​ភូមិគ្រឹះ​លោក សុខ គង់

ដោយ ថា ថៃ
2025.01.23
មនុស្ស ៤​នាក់​ស្លាប់ និង​ ៥​នាក់​ទៀត​របួស​ធ្ងន់ ពេល​ប្រជ្រៀតគ្នា​យក​អាំងប៉ាវ​នៅ​ភូមិគ្រឹះ​លោក សុខ គង់ ទិដ្ឋភាពមនុស្សប្រជ្រៀតគ្នាចាំ​ទទួល​យក​អំណោយ​អាំង​ប៉ាវ​នៅមុខផ្ទះលោក សុខ គង់ កាលពី​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ មុនថ្ងៃ​បុណ្យ​ចូលឆ្នាំ​ចិន និង​វៀតណាម។
រូប៖ ​ហ្វេសប៊ុក EM RIEM

មនុស្ស​ចំនួន ៤​នាក់​បាន​ស្លាប់ និង​ ៥​នាក់​ទៀត ពេទ្យ​កំពុង​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ ដោយសារ​របួស​ធ្ងន់ ក្នុង​ហេតុការណ៍​ប្រជ្រៀតគ្នាពេល​ទៅទទួល​អំណោយ​អាំង​ប៉ាវ​នា​ឱកាស​បុណ្យ​ចូលឆ្នាំ​ចិន និង​វៀតណាម។ ហេតុការណ៍​នេះ​កើត​ឡើង​​ នៅ​ខាងមុខ​ភូមិគ្រឹះ​អ្នកឧកញ៉ា សុខ គង់ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​នរោត្ដម រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​២៣ ខែមករា។

អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សំ វិច្ឆិកា បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ជនរងគ្រោះ​ចំនួន ៤​នាក់​បាន​ស្លាប់​នោះ គឺ​ដោយសារតែ​ពួកគាត់​មាន​សុខភាព​ខ្សោយ និង​រង​ការ​ប្រជ្រៀត​ពី​មនុស្ស​ច្រើន​កុះករ​ នៅ​ខាងមុខ​ផ្ទះ​លោក សុខ គង់​។ លោក​បញ្ជាក់​ថា សមត្ថកិច្ច​មិន​មាន​ចំណាត់ការ​ស្វែងរក​អ្នកទទួលខុសត្រូវ​ ចំពោះ​ការ​បាត់​បង់ជីវិត​មនុស្ស​ចំនួន ៤​នាក់​នោះ​ទេ ព្រោះ​លោក​ថា ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​បញ្ហា​សុខភាព។

ចំណែក​នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​ លោក អំ សំអាត សោកស្ដាយ​ ចំពោះ​ការ​បាត់​បង់ជីវិត​ពល​រដ្ឋ​ចំនួន ៤​នាក់ ​ក្នុង​ព្រឹត្តិការណ៍​ប្រជ្រៀត​គ្នា ដើម្បី​ទទួល​អំណោយ​ពី​អ្នកមាន​លុយ​មានអំណាច​។ លោក​ចង់​ឃើញ​សមត្ថកិច្ច​ស្វែងរក​អ្នកទទួលខុសត្រូវ​ ចំពោះ​ការ​បាត់​បង់ជីវិត​ពល​រដ្ឋ ៤នាក់ និង​មនុស្ស​មួយ​ចំនួន​ទៀត​ ដែល​គ្រូពេទ្យ​កំពុង​សង្គ្រោះ​បន្ទាន់​ក្នុង​មន្ទីរពេទ្យ។

4DeadSokKongGiftCrush.jpg
មនុស្ស៤នាក់ស្លាប់ និង៥នាក់ទៀតរបួសធ្ងន់ពេលប្រជ្រៀតគ្នាយកអាំងប៉ាវនៅមុខភូមិគ្រឹះលោក សុខ គង់ កាលពី​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ មុនពេលចូលឆ្នាំចិននិងវៀតណាម។ (រូបភាពពីហ្វេសប៊ុក ផុន វាសនា)

សាច់ញាតិ​ជនរងគ្រោះ​ ដែល​ស្លាប់​បាន​ស្រែក​ទ្រហោយំ​ស្ដាយស្រណោះ​ ចំពោះ​ការបាត់បង់​ជន្ទល់​គ្រួសារ និង​សមាជិក​របស់​ខ្លួន និង​បញ្ជាក់​ថា ការណ៍​ដែល​ពួកគាត់​នាំគ្នា​ទៅ​ទទួល​អំណោយ​ពី​អ្នកមាន​លុយ​មានអំណាច​នេះ​ គឺ​ដោយសារ​តែ​មាន​ជីវភាព​ក្រីក្រ៕

សូម​លោក​អ្នកនាង​​ទស្សនា​សេចក្តីរាយការណ៍ពិស្តារ​ជុំវិញ​រឿងនេះ៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សង្គម
អាជ្ញាធរ​ថៃផ្ដាច់​បណ្ដាញ​អ៊ីនធឹណិត និង​សេវា​ទូរស័ព្ទ ដែល​ភ្ជាប់​ទៅ​ក្រុង​ប៉ោយប៉ែត ដើម្បី​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។