ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសថា សិស្សថ្នាក់ទី១២ ដែលប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅឆ្នាំ២០១៩ នេះ មានចំនួនជិត ៨ម៉ឺននាក់ (៧៩.០៥២) ស្មើនឹងជាង ៦៨% (៦៨,៦២%) នៃចំនួនបេក្ខជនចូលរួមប្រឡងជាង ១ សែននាក់។
ក្រសួងបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី៩ កញ្ញាថា ក្នុងចំណោមបេក្ខជនដែលប្រឡងជាប់នោះ អ្នកទទួលបាននិទ្ទេសល្អបំផុត គឺនិទ្ទេស A មានចំនួន ៤៤៣នាក់ និទ្ទេស B មានជាង ២ពាន់នាក់ និទ្ទេស C មានជិត ៦ពាន់នាក់ និទ្ទេស D មានជាង ១ម៉ឺន ៤ពាន់នាក់ និងនិទ្ទេស E មានជាង ៥ម៉ឺន ៦ពាន់នាក់។ បេក្ខជននៅរាជធានីភ្នំពេញទទួលបាននិទ្ទេស A ច្រើនជាងគេ ដែលមានចំនួន ១៤១នាក់ ខណៈខេត្តកោះកុង មណ្ឌលគិរី និងឧត្តរមានជ័យមានម្នាក់ដូចគ្នា។ ដោយឡែកខេត្ត៤ ទៀត មិនមានសិស្សជាប់និទ្ទេស A ទេ គឺខេត្តព្រះវិហារ ស្ទឹងត្រែង ប៉ៃលិន និងខេត្តកែប។
ការប្រកាសលទ្ធផលនឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី៩ ខែកញ្ញានេះ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល ចំណែកខេត្តដទៃទៀតនឹងប្រកាសនៅថ្ងៃទី១០ កញ្ញា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។