កម្មការិនី រោងចក្រ វ៉ូណាមី នៅខេត្តតាកែវ ៤៣ នាក់ ដួលសន្លប់
2020.01.21

កម្មការិនី ធ្វើការនៅរោងចក្រកាត់ដេរសំលៀកបំពាក់ វ៉ូណាមី ស្ថិតនៅភូមិសំរោង ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ចំនួន៤៣នាក់ ដួលសន្លប់បន្តបន្ទាប់គ្នា ដោយមិនដឹងមូលហេតុ នៅព្រឹកថ្ងៃទី២១ មករា។
ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ លោក នុត ស៊ីណា ប្រាប់អាស៊ីសេរីថា គិតត្រឹមថ្ងៃម៉ោង៥ល្ងាច ថ្ងៃដដែល គ្រូពេទ្យមិនទាន់អនុញ្ញាត ឲ្យកម្មការិនីដួលសន្លប់ទាំងអស់ ចេញពីមន្ទីរពេទ្យនៅឡើយទេ ដោយនៅតាមដានសុខភាពបន្ត។ ទោះយ៉ាងណា លោកថា មិនមានការកម្មការិនីណា ប៉ះពាល់សុខភាពធ្ងន់ធ្ងរទេ។
លោក នុត ស៊ីណា ឲ្យដឹងថា កម្មការិនីចំនួន៦នាក់ សម្រាកនៅមណ្ឌលសុខភាពឃុំសូភី ឯ៣៧នាក់ទៀត សម្រាកនៅគ្លីនិកឯកជន។ លោក ថា គ្រូពេទ្យមិនទាន់អាចបញ្ជាក់ពីមូលហេតុដួលសន្លប់បានទេ ដោយរង់ចាំគណៈកម្មការស្រាវជ្រាវ របស់ក្រសួងការងារសិន។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ សង្កេតឃើញថា ករណីកម្មករបន្តដួលសន្លប់កើតមានមិនថមថយ ព្រោះតែជីវភាពរស់នៅ មិនទាន់ប្រសើរ ខ្យល់អាកាសនៅកន្លែងធ្វើការ ក្នុងអគាររោងចក្រ និង ការព្យាបាលកម្មករដួលសន្លប់ តែមិនព្រមកែលម្អអគាររោងចក្រ ឲ្យមានខ្យល់ទូលាយចេញចូលជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។