សមត្ថកិច្ចបញ្ជូនចិន ៦៣នាក់ទៅប្រទេសវិញករណីរស់នៅខុសច្បាប់និងប្រព្រឹត្តិបទល្មើសបច្ចេកវិទ្យា
2019.06.26

សមត្ថកិច្ច ចាប់ខ្លួនជនជាតិចិន ចំនួន៦៣នាក់ ស្នាក់នៅខេត្តព្រះសីហនុ ខុសច្បាប់ និងប្រព្រឹត្តិបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា បញ្ជូនទៅប្រទេសចិនវិញ។ សង្គមស៊ីវិលគាំទ្រចំណាត់ការនេះ តែជំរុញឱ្យអនុវត្តច្បាប់ឱ្យតឹងរ៉ឹង លើជនបរទេស ដើម្បីស្ដារស្ថានភាពខេត្តព្រះសីហនុ ដែលកំពុងរងការរិះគន់ថា មានភាពអនាធិបតេយ្យដោយសារជនជាតិចិន។
សមត្ថកិច្ច បានបញ្ជូនជនជាតិចិន ចំនួន៦៣នាក់ ចេញពីប្រទេសកម្ពុជា នៅថ្ងៃទី២៦ មិថុនា តាមច្រកព្រលានយន្តហោះខេត្តព្រះសីហនុ។ ជនជាតិចិនទាំង៦៣នាក់ ត្រូវបានចោទប្រកាន់ថា ពាក់ព័ន្ធបទល្មើស ឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ឬប្រព័ន្ធអ៊ីនធឺណិត (Internet) ពីប្រទេសកម្ពុជា។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បដិសេធផ្ដល់បទសម្ភាសន៍ ដោយប្រាប់ថា ជាការងារខាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យ គឺអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក កែវ វណ្ណថន និងអនុប្រធាននាយកដ្ឋានរដ្ឋបាល លោក អាត់ បូនី បានទេ ដោយសារ មិនលើកទូរស័ព្ទ។
ទោះយ៉ាងណា អនុប្រធានទីស្នាក់ការត្រៀមបណ្ដេញចេញប្រចាំខេត្តព្រះសីហនុ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឆាយ ប៊ុណ្ណា ប្រាប់សារព័ត៌មានក្នុងស្រុក (ទូរទស្សន៍ PNN) ថា ជនជាតិចិនទាំង៦៣នាក់ ដែលត្រូវបណ្ដេញចេញ មានប្រុស ៥០នាក់ ស្រី ១៣នាក់។ ពួកគេ ត្រូវបានអាជ្ញាធរចាប់ខ្លួន ដោយសារសង្ស័យ បានប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ពីប្រទេសកម្ពុជា ហើយបានឆបោកជនជាតិចិន នៅប្រទេសចិន។ លោកប្រាប់ថា សមត្ថកិច្ចបានសហការជាមួយប៉ូលិសចិន ដើម្បីចាប់ខ្លួនជនជាតិចិនទាំងនេះ ហើយកាលពីថ្ងៃទី២៥ មិថុនា សមត្ថកិច្ច បានបញ្ជូនជនជាតិចិន ៥នាក់ នៅខេត្តព្រះសីហនុ ចេញពីកម្ពុជា ក្នុងករណីសង្ស័យបទចោទឆបោកតាមប្រព័ន្ធអ៊ីនធឺណិតដូចគ្នា។ ដូច្នេះ សម្រាប់ការចាប់ខ្លួនជនជាតិចិន បណ្ដេញចេញពីខេត្តព្រះសីហនុ ក្នុងរយៈពេល២ថ្ងៃ មានចំនួន ៦៨នាក់។
អ្នកសម្របសម្រួលអង្គការលីកាដូ (Licadho) ខេត្តព្រះសីហនុ លោក ស្រេង វ៉ាន់លី យល់ថា ជា ការល្អដែលអាជ្ញាធររកឃើញជនជាតិចិន ប្រព្រឹត្តិបទល្មើស និងចាប់ខ្លួនជនជាតិចិនទាំងនោះ។ ប៉ុន្តែ លោកចង់ឱ្យជនល្មើសទាំងនោះអនុវត្តទោសនៅកម្ពុជាសិន មុននឹងចាប់បញ្ជូនទៅប្រទេសចិនវិញ។
លោកសង្កេតឃើញថា អាជ្ញាធរតែងចាប់បានក្រុមជនជាតិទាំងក្រុមៗ ច្រើនលើកច្រើនសា ហើយនៅខេត្តព្រះសីហនុ ហើយបញ្ជូនទៅអនុវត្តទោសនៅប្រទេសចិន ប៉ុន្តែករណីនេះ ហាក់មិនថមថយ និងមានជនជាតិចិនកាន់តែច្រើនឡើង បានមកប្រព្រឹត្តិបទល្មើសនៅខេត្តព្រះសីហនុ។
តំណាងសង្គមស៊ីវិលរូបនេះ យល់ថា ដើម្បីកាត់បន្ថយស្ថានភាពបទល្មើសតាមប្រព័ន្ធអ៊ីនធឺណិតរបស់ជនជាតិចិន នៅខេត្តព្រះសីហនុ សមត្ថកិច្ច ត្រូវពង្រឹងការត្រួតពិនិត្យទីតាំងជនជាតិចិន កំពុងធ្វើសកម្មភាពរកស៊ី ឬបើកបនល្បែង កាស៊ីណូ សណ្ឋាគារ ឱ្យបានញឹកញាប់ និងត្រូវកាត់បន្ថយលំហូរចូល នៃជនជាតិចិនណា ដែលចូលមកកម្ពុជា ក្នុងលក្ខណៈមិនច្បាស់លាស់ ឬក្នុងបំណងមកដណ្ដើមការងារពលរដ្ឋ ឬអុកឡុក ខេត្តព្រះសីហនុ៖ «ពីព្រោះយើងឃើញថា រាល់ការប្រព្រឹត្តិបទល្មើសតាមប្រព័ន្ធអ៊ីនធឺណិត ច្រើនករណី នៅក្នុងខេត្តព្រះសីហនុច្រើន គឺជារកឃើញដោយប៉ូលិសរបស់ចិន ដែលគាត់បានរកឃើញ ហើយគាត់សហការជាមួយអាជ្ញាធរកម្ពុជា ដើម្បីធ្វើការចុះឃាត់ខ្លួន ចាប់ខ្លួន និងបញ្ជូនទៅប្រទេសចិន ច្រើនលើកមកហើយ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយ»។
របាយការណ៍របស់សមត្ថកិច្ច បង្ហាញថា ជនជាតិចិន គឺជាជនបរទេស ដែលបង្កបទល្មើសច្រើនជាងគេ នៅទូទាំងប្រទេសកម្ពុជា និងនៅខេត្តព្រះសីហនុ។ ក្នុងត្រីមាសទី១ នៃឆ្នាំ២០១៩ គិតពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១៨ ដល់ថ្ងៃទី១៩ ខែ មីនា ឆ្នាំ ២០១៩ សមត្ថកិច្ច ចាប់បានជនជាតិចិនចំនួន ២៤១ នាក់ ក្រោមបទល្មើសផ្សេងៗ ខណៈជនជាតិវៀតណាម ចាប់ខ្លួន ចំនួន ៤៩នាក់។
បទឧក្រិដ្ឋ ដែលជនជាតិចិន ប្រព្រឹត្តិនៅខេត្តព្រះសីហនុ ក្នុងឆ្នាំ២០១៩ មានទ្រង់ទ្រាយធ្ងន់ធ្ងរ ដូចជា ការចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិត បើកឡាន ដេញបុកគ្នាពេលយប់ បើកកន្លែងពេស្យាចារ និងការប្រមូលគ្នា ជាក្រុម ដេញវាយ ដេញកាប់គ្នា តាមផ្លូវក្នុងក្រុងព្រះសីហនុ ជាដើម។ បទឧក្រិដ្ឋកាន់តែធ្ងន់ធ្ងរជាងនេះ គឺកាលពីដើមខែឧសភា ជនជាតិចិន បាន ប្រើកាំភ្លើងខ្លី បាញ់សម្លាប់ ជនជាតិចិនដូចគ្នា នៅខេត្តព្រះសីហនុ ហើយគេចខ្លួនបាត់៕