ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ បារម្ភថា ការបង្កើនការបើកហាងទំនិញនានានៅកម្ពុជា អ្នករងផលប៉ះពាល់ គឺអាជីវករលក់ដូរបន្តិចបន្តួច នៅតាមដងផ្លូវ។
ក្តីបារម្ភនេះ បន្ទាប់ពីក្រុមហ៊ុន ស៊ីភី (CP Group) របស់ប្រទេសថៃ គ្រោងបើកហាងលក់ទំនិញគ្រប់មុខឈ្មោះ សេវិន-អេលេវិន (7-Eleven) នៅប្រទេសកម្ពុជា ដែលជាសាខារបស់ក្រុមហ៊ុនអាមេរិក នៅឆ្នាំ២០២១ ខាងមុខ។ លោកបន្តថា អ្នកមានជីវភាពមធ្យម គឺចូលចិត្តទិញចំណីអាហារ ពីហាងលក់ទាំងនោះ ដោយសារយល់ឃើញថា មានអនាម័យល្អ៖ «ខ្ញុំយល់ឃើញថា ហាង (7-Eleven) បើកនៅប្រទេសខ្មែរ នឹងពេញនិយមរបស់ពលរដ្ឋ ពីព្រោះអ្នកមានជីវភាពមធ្យម ពេញចិត្តហាងប្រេនៗ ពីព្រោះមានអនាម័យល្អ។ ខ្ញុំសង្កេតឃើញថា ហាងនេះ ដែលបើកនៅប្រទេសថៃ កំពុងពេញនិយមណាស់។ ដូចនេះ ចំពោះអ្នកលក់តាមផ្លូវ នឹងប្រឈមការបាត់បង់អតិថិជនច្រើនដែរ»។
កាសែតបាងកកប៉ុស្តិ៍ ដែលបានដកស្រង់សម្ដីអ្នកនាំពាក្យនៃក្រុមហ៊ុន (7-Eleven) របស់ជប៉ុនឱ្យដឹងថ្មីៗនេះថា ក្រុមហ៊ុន (7-Eleven Japan Co) នៅជប៉ុន បានព្រមព្រៀងជាមួយក្រុមហ៊ុនស៊ីភី របស់ថៃ នឹងបើកហាងលក់ទំនិញសេវិន-អេលេវិន ដំបូងនៅទីក្រុងភ្នំពេញ បន្ទាប់មកនឹងបើកនៅតាមខេត្តផ្សេងៗមួយចំនួនទៀត។ ហាងលក់ទំនិញនេះ នឹងដាក់លក់ភេសជ្ជៈគ្រប់មុខ នំនែកក្រៀម និងបន្លែផ្លែឈើ ក្នុងស្រុក ដែលអាចទិញបរិភោគបានភ្លាមៗ។
បច្ចុប្បន្ន ក្រុមហ៊ុន ស៊ីភី មានហាងលក់ទំនិញ (7-Eleven) នៅក្នុងប្រទេសថៃ ចំនួន១ម៉ឺន២ពាន់កន្លែង (១២,០០០) ក្រោយពីបានបើកដំណើរការ កាលពីឆ្នាំ១៩៨៩។ ចំណែកនៅប្រទេសជប៉ុនវិញ គឺ មានហាងទំនិញ (7-Eleven) ចំនួន ២ម៉ឺនកន្លែង (២០,០០០) នៅទូទាំងប្រទេសជប៉ុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។