ស្ត្រីពលករខ្មែរ ៧នាក់ដែលធ្វើដំណើរពីប្រទេសហ្សំប៊ី (Zambia) ហើយត្រូវជាប់គាំងនៅចំណតយន្តហោះកូរ៉េ ព្រោះគ្មានលិខិតតេស្តសុខភាពរកជំងឺកូវីដ-១៩ បានមកដល់ប្រទេសកម្ពុជាហើយ នៅថ្ងៃទី២៨ ឧសភា ក្រោយអន្តរាគមន៍ពីរដ្ឋាភិបាល។ សង្គមស៊ីវិលសិទ្ធិការងារចង់ឃើញរដ្ឋាភិបាលចាត់វិធានការដូចគ្នាចំពោះអ្នកកំពុងជាប់គាំងនៅប្រទេសដទៃទៀត។
ស្ត្រីជាពលករទាំងនោះ កំពុងរង់ចាំលទ្ធផលតេស្តសុខភាពនៅមណ្ឌលសុខភាពចាក់អង្រែក្រោម រាជធានីភ្នំពេញ និងសង្ឃឹមថា ពួកគេនឹងឆាប់បានវិលត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ។
ពលករមួយរូបក្នុងចំណោមអ្នកទាំង ៧នាក់ មានស្រុកកំណើតនៅខេត្តស្វាយរៀង កញ្ញា មាស ធីតា ថ្លែងថា នាងអរសប្បាយគ្មានពាក្យអ្វីនិយាយ ព្រោះបានធ្វើដំណើរបន្តមកដល់ប្រទេសកម្ពុជា។ កញ្ញាថា ពួកគាត់ចាញ់បោកថៅកែចិនចូលធ្វើការនៅសណ្ឋាគារកាស៊ីណូ ផ្នែកហ្គេម ដោយលិខិតឆ្លងដែនរបស់ពួកគាត់បានផុតទិដ្ឋាការរស់នៅប្រទេសហ្សំប៊ី (Zambia) ១ឆ្នាំហើយ។ កញ្ញាបន្តថា ដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កាស៊ីណូនោះត្រូវបានបិទរយៈពេល២ខែហើយ ដែលធ្វើឲ្យពួកគេខ្វះខាតជីវភាព ព្រោះបានចំណាយថ្លៃផាកពិន័យទៅប្រទេសនេះម្នាក់ ៥រយដុល្លាររួចទិញសំបុត្រយន្តហោះទើបបានចេញមក៖ « ពួកខ្ញុំមកពីនោះហ្នឹងវាពិបាកហើយបង ពួកខ្ញុំចេញមកនេះតាំងពីថ្ងៃទី២២ ម៉ោង ១២ ខ្ញុំធ្វើដំណើរឆ្ងាយជិះឡាន ទម្រាំដល់កន្លែងព្រលានហ្នឹងជិះឡានឡើង ៦, ៧ម៉ោង ចូលស្នាក់ផ្ទះគេហ្នឹង ចាំឡើង ៤ម៉ោង ៥ម៉ោង បានទៅឡើងព្រលាននៅនោះ។ ថៅកែខ្ញុំគាត់វាយវីសាខ្ញុំបានតែមួយខែហ្នឹងតែខែក្រោយៗ មកគាត់អត់វៃឲ្យពួកខ្ញុំណា និយាយទៅគាត់អត់ល្អហ្មងបង យើងទុកចិត្តគាត់ថាគាត់រត់ការអី ដល់ពួកខ្ញុំសុំមកផ្ទះនេះអត់ចង់ឲ្យពួកខ្ញុំមកអត់ចង់ឲ្យពួកខ្ញុំមកទៀតពួកខ្ញុំរៀបរាប់ប្រាប់ហេតុផលឲ្យគាត់អ៊ីចឹងទៅគាត់ក៏ព្រម ប៉ុន្តែព្រមឲ្យមកហ្នឹងគឺយើងរត់ការចេញលុយខ្លួនឯងទាំងអស់»។
ពលករខ្មែរ ៧នាក់ជាអ្នកបម្រើការងារនៅសណ្ឋាគារកាស៊ីណូរបស់ចិន បានចេញដំណើរពីប្រទេសហ្សំប៊ី (Zambia) តាំងពីថ្ងៃទី២៣ ឧសភា ក្នុងគោលដៅត្រឡប់មកស្រុកខ្មែរវិញ ហើយមកដល់ប្រទេសកូរ៉េនៅថ្ងៃទី២៤ ខែឧសភា តែត្រូវបានអាជ្ញាធរកូរ៉េឃាត់ស្ទាក់នៅចំណតយន្តហោះ ដោយព្រោះតែពួកគេគ្មានលិខិតបញ្ជាក់ធ្វើតេស្តជំងឺកូវីដ-១៩។ អ្នកទាំងនោះ មិនបានដឹងថា កម្ពុជាតម្រូវឲ្យធ្វើតេស្ដសុខភាពមុនចេញដំណើរឡើយ ហើយម្យ៉ាងក្រសួងសុខាភិបាលនៃប្រទេសហ្សំប៊ីដែលពួកគេស្នាក់នៅនឹងមិនធ្វើតេស្តឲ្យឡើយប្រសិនជាគ្មានរោគសញ្ញាឬអាការៈសង្ស័យ។
យ៉ាងណាអ្នកទាំងនេះ បានមកដល់ប្រទេសកម្ពុជានៅពាក់កណ្ដាលយប់ថ្ងៃទី២៧ ឧសភា ក្រោយដេករង់ចាំនៅចំណតយន្តហោះកូរ៉េ ៣យប់ ៣ថ្ងៃ។
ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េ លោក ឡុង ឌីម៉ង់ ឲ្យដឹងថា មូលហេតុដែលប្រទេសកូរ៉េឃាត់សួររកលិខិតបញ្ជាក់បានតេស្តសុខភាពរកជំងឺកូវីដ-១៩ ពីប្រទេសហ្សំប៊ី (Zambia) ដោយសារតែជាច្បាប់តម្រូវរបស់រដ្ឋាភិបាលខ្មែរ។ លោកថា នេះជាករណីពិសេសដែលទាមទារឲ្យមានការអន្តរាគមន៍បន្ទាន់៖ « គាត់បានស្នាក់នៅប្រទេសហ្សំប៊ីហ្នឹងក៏ហួសដែរ ខុសច្បាប់ដែរ ហួសទិដ្ឋាការច្បាប់អន្តោប្រវេសន៍របស់គេគឺមិនអនុញ្ញាតឲ្យពួកគាត់ចូលប្រទេសហ្សំប៊ីវិញទេ អ៊ីចឹងស្មើនឹងគាត់អត់កន្លែងទៅខ្មែរទៅអត់កើតនៅកូរ៉េក៏អត់កើត។ ខ្ញុំក៏រាយការណ៍ទៅឯកឧត្តមឧបនាយក លោកក៏បានស្នើសុំគោលការណ៍បន្តទៅសម្ដេចតេជោ នាយករដ្ឋមន្ត្រីដើម្បីសុំការអនុញ្ញាតលក្ខណៈពិសេសនេះ រហូតដល់ចេញវិធានការថ្មី រាល់ពលរដ្ឋខ្មែរទាំងអស់មិនចាំបាច់មានតេស្តកូវីដទេ ពួកគាត់ទៅដល់គេធ្វើតេស្តគាត់ស្រាប់ហើយ និងធ្វើចត្តាឡីស័ក ១៤ថ្ងៃទៀត»។
មន្ត្រីកម្មវិធីផ្នែកទេសន្តរប្រវេសក៍នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា សាទរចំណាត់ការនេះ។ ប៉ុន្តែលោកសំណូមពរឲ្យរដ្ឋាភិបាលសម្របសម្រួលដល់ពលរដ្ឋខ្មែរដែលកំពុងជាប់គាំងនៅប្រទេសដទៃទៀត ដូចជាពលករ និងនិស្សិតនៅប្រទេសម៉ាឡេស៊ីដែលពេលនេះកំពុងមានបញ្ហាប្រឈមជីវភាពខ្លាំង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសលើហ្វេសប៊ុកថា ចាប់ពីថ្ងៃទី២៧ ខែឧសភា តទៅ ពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លងដែនកម្ពុជា ហើយមានបំណងវិលត្រឡប់ចូលកម្ពុជាវិញ គឺមិនតម្រូវឲ្យមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថា គ្មានជំងឺឆ្លងកូវីដ-១៩ ដូចមុនឡើយ។ លោកថា ការផ្លាស់ប្ដូរចិត្តរបស់លោកនេះ គឺដើម្បីជួយសម្រួលដល់ពលរដ្ឋនៅក្រៅប្រទេស ឲ្យឆាប់បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារនៅក្នុងប្រទេសរបស់ខ្លួនវិញ។
ការផ្លាស់ប្តូរចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលនេះ គឺបន្ទាប់ពីពលរដ្ឋខ្មែរដែល ជាប់គាំងនៅក្រៅប្រទេស ជាពិសេសនៅប្រទេសម៉ាឡេស៊ី រិះគន់ផង និងទទូចស្នើសុំម្ដងហើយ ម្ដងទៀតផង ឲ្យរដ្ឋាភិបាលរបស់លោកជួយសម្របសម្រួលបញ្ជូនពួកគេត្រឡប់មកកម្ពុជាវិញឲ្យបានឆាប់ ព្រោះពួកគេជួបការលំបាកផ្នែកជីវភាព និងពុំមានថវិកាសម្រាប់ចំណាយថ្លៃ ធ្វើតេស្តសុខភាព។
ស្ត្រីទាំង ៧នាក់ឲ្យដឹងថា បន្ទាប់ពីទទួលបានលទ្ធផលតេស្តនៅមណ្ឌលសុខភាពនោះហើយ ពួកគេនឹងមិនទាន់ត្រឡប់ទៅស្រុកកំណើតវិញភ្លាមៗឡើយ ដោយបានជួលបន្ទប់ស្នាក់នៅដើម្បីដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកចំនួន ១៤ថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។