សមត្ថកិច្ចខេត្តឧត្តរមានជ័យបានចាប់ខ្លួន ជនជាតិថៃ ២នាក់ កាលពីថ្ងៃទី១០ ធ្នូ ពីបទជួញដូរគ្រឿងញៀនឆ្លងដែនពីប្រទេសថៃ ចូលកម្ពុជា និងដកហូតបានគ្រឿងញៀនជិត ៨គីឡូក្រាម។ បុរសជនជាតិថៃទាំង ២នាក់ ដែលចាប់ខ្លួនពីបទនាំថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (ICE) ចំនួន ៨កញ្ចប់ធំ ជិត ៨គីឡូក្រាម (៧.៩៧៩,៥៦ក្រាម) តាមរថយន្ត ១គ្រឿង ម្នាក់ជាកសិករ ម្នាក់ទៀតជាជាងជួសជុលរថយន្ត រស់នៅខេត្តសុរិន្ទ ប្រទេសថៃ។
អាស៊ីសេរីមិនអាចសុំការបញ្ជាក់បន្ថែម ពីអគ្គស្នងការរងនគរបាលជាតិ លោក ម៉ក់ ជីតូ បានទេ នៅថ្ងៃទី១១ ធ្នូ ដោយសារទូរស័ព្ទរោទ៍គ្មានអ្នកទទួល។ ប៉ុន្តែគេហទំព័រអគ្គស្នងការនគរបាលជាតិ ចុះផ្សាយថា ជនសង្ស័យទាំង ២នាក់ និងវត្ថុតាង មានថ្នាំញៀន និងរថយន្តមួយគ្រឿង ត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីស៊ើបសួរ ហើយបញ្ជូនទៅតុលាការ។
របាយការណ៍របស់ក្រសួងមហាផ្ទៃ ចេញផ្សាយថា រយៈពេល ១១ខែ ឆ្នាំ២០១៩ អាជ្ញាធរប្រឆាំងគ្រឿងញៀន ចាប់បានគ្រឿងញៀន ៦៧៦គីឡូក្រាម កញ្ឆាក្រៀម ៩៩គីឡូក្រាម និង (៩៧០ក្រាម) និងកញ្ឆាស្រស់ជិត ៩ម៉ឺន (៨៦.៤១៦)ដើម។ បរិមាណសារធាតុគ្រឿងញៀនទាំងអស់នេះ សមត្ថកិច្ចរឹបអូសបានពីការបង្ក្រាបបទល្មើសជិត មួយម៉ឺន (៩.០៥៥) ករណី ឃាត់ខ្លួនមនុស្សជិត ២ម៉ឺន (១៨.៩៦៥)នាក់ ក្នុងនោះ មានជនបរទេស ៣៨១ នាក់៕
(ជនសង្ស័យ និងកញ្ចប់គ្រឿងញៀន (ខាងលើ) ដែលនគរបាលចាប់បាន នៅខេត្តឧត្ដរមានជ័យ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។ រូប៖ នគរបាលជាតិ)
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។