រោងចក្រ បូវឃើរ (Bowker) ទទួលយកកម្មករឈប់សម្រាកពេលចូលឆ្នាំឲ្យចូលធ្វើការវិញ តែដាក់ឱ្យនៅដោយឡែក ១៤ថ្ងៃ
2020.04.21
កម្មការិនីរោងចក្រ បូវឃើរ (Bowker) នៅស្រុកអង្គស្នួលម្នាក់ បានដាក់ពាក្យប្ដឹងទៅមន្ទីរការងារខេត្តកណ្ដាលទាមទារឲ្យជួយសម្របសម្រួលឲ្យថៅកែទទួលយកលោកស្រី ចូលធ្វើការវិញ ក្រោយពេលថៅកែរោងចក្រប៊ូវឃ័រ បង្ខំឲ្យកម្មករឈប់សម្រាកពេលចូលឆ្នាំខ្មែរ លាឈប់ពីការងារ។
ចំណែកកម្មករខ្លះទៀត ត្រូវបានថៅកែ យល់ព្រមទទួលយកចូលធ្វើការវិញ តែបង្គាប់ឲ្យធ្វើចត្តាឡឺស័ក (១៤ថ្ងៃ) ក្នុងបន្ទប់ជួល ដល់ដាច់ខែមេសា។
កម្មការិនីរោងចក្រ បូវឃើរ (Bowker) ម្នាក់ លោកស្រី ជា ស៊ីនុន ប្រាប់អាស៊ីសេរីថា លោកស្រីបានដាក់ពាក្យប្ដឹងទៅមន្ទីរការងារខេត្តកណ្ដាលរួចរាល់ហើយ កាលពីថ្ងៃទី២០ មេសា ដើម្បីស្នើសុំឲ្យមានការសម្របសម្រួល ឲ្យលោកស្រីបានចូលធ្វើការវិញ។ លោកស្រីមានប្រសាសន៍ថា មន្ត្រីមន្ទីរការងារ បានទទួលយកញត្តិរបស់លោកស្រីហើយ តែមិនបានសន្យាជួយសម្របសម្រួល ឬអត់ទេ៖ «គេទទួលក្រដាសពាក្យបណ្ដឹង តែគេអត់ទាន់និយាយអ្វីទៀតផង។ និយាយទៅ ខ្ញុំទៅស្រុកថ្ងៃទី៩ ចូលវិញថ្ងៃទី១៧ ព្រោះអត់មានអ្វីមក ទាល់តែគេបើកផ្លូវថ្ងៃទី១៦ ខ្ញុំមកអ៊ីចឹងទៅ។ ថ្ងៃទី១៧ បានខ្ញុំចូលកន្លែងធ្វើការ។ ពេលដែលគេឲ្យក្រដាសបើកលុយហ្នឹង គេណាត់ថ្ងៃបើកលុយម្សិលមិញនេះបង តែខ្ញុំអត់បានទៅបើកលុយហ្នឹងផង។ គេថា ខ្ញុំឈប់ថ្ងៃលើសគេ។ អ៊ីចឹង គេថាខ្ញុំបោះបង់ការងារ។ គេដាក់ក្រដាស ដាក់អ្វីឲ្យខ្ញុំឈប់អ៊ីចឹង។ ពេលដែលគេថា បញ្ឈប់ហ្នឹង ខ្ញុំក៏អត់ចង់ឈប់ធ្វើការដែរ ព្រោះអត់ដឹងរកការងារអ្វីធ្វើ។ តែអត់ដឹងថា ប្រកែកយ៉ាងម្ដេច បើគេថា បញ្ឈប់ហើយ»។
លោកស្រី ស៊ីនុន និងកម្មករច្រើននាក់ផ្សេងទៀត នៅរោងចក្រ បូវឃើរ អះអាងថា បានដាក់ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ ដើម្បីទៅលេងស្រុកកំណើត កាលពីថ្ងៃទី៩ មេសា។ ដល់ពេលកៀកបុណ្យចូលឆ្នាំខ្មែរ រដ្ឋាភិបាល បានដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ កុំឲ្យកម្មករទៅលេងស្រុកកំណើត បង្ការហានិភ័យឆ្លងជំងឺកូវីដ១៩ (Covid-19)។ លោកស្រី ក៏មិនខុសពីកម្មករផ្សេងទៀតដែរ លើកឡើងថា ពួកគេចង់ត្រលប់មកធ្វើការនៅថ្ងៃចូលឆ្នាំវិញ តែមិនអាចធ្វើដំណើរមកវិញបាន ដោយសារ រដ្ឋាភិបាលដាក់បម្រាបបិទផ្លូវ និងគ្មានឡានឈ្នួលរត់ នៅកំឡុងពេលនោះ។
កម្មការិនីម្នាក់ទៀត លោកស្រី ឃុំ វ៉ាន់ ឲ្យដឹងថា នៅពេលមកដល់រោងចក្រថ្ងៃដំបូង គឺថ្ងៃទី១៧ មេសា ខាងរដ្ឋបាលបានបង្គាប់ឲ្យលោកស្រីដាក់លិខិតលាលែងពីការងារ។ តែលោកស្រីជម្នះ មិនព្រមដាក់លិខិតលាលែងតាមការបង្គាប់។ លោកស្រីថា ដំបូងខាងរោងចក្រ ព្រមានថា នឹងមិនបើកប្រាក់ឈ្នួលចំនួន ១០ថ្ងៃមុនចូលឆ្នាំឲ្យ បើមិនព្រមដាក់លិខិតលាលែង។ តែដោយសារលោកស្រីតវ៉ាច្រើនដង នៅថ្ងៃទី២០ មេសា ខាងរោងចក្របានយល់ព្រមទទួលយកលោកស្រីចូលធ្វើការវិញ តែបង្គាប់ឲ្យដាក់ខ្លួនឯងដាច់ដោយឡែក ក្នុងបន្ទប់ជួល ១៤ថ្ងៃ ដោយគ្មានប្រាក់ឈ្នួល។
កម្មការិនីរូបនេះ សុខចិត្តទទួលយកវិធានការចត្តាឡឺស័ក ១៤ថ្ងៃ ទោះគ្មានប្រាក់ឈ្នួល ដើម្បីបានការងារធ្វើវិញ ព្រោះលោកស្រី ថា បច្ចុប្បន្នពិបាករកការងាររោងចក្រផ្សេងធ្វើណាស់ ហើយបើទៅស្រុកកំណើតវិញ ក៏មិនដឹងរកការងារអ្វីធ្វើដែរ៖ «ចា! ខ្ញុំមានអ្វី យល់ព្រមឲ្យតែគេយល់ព្រមឲ្យចូលធើ្វការងារវិញ ព្រោះការងារឥឡូវពិបាករក ហើយអត់លុយ អត់កាកអ្វី»។
កម្មករនៅរោងចក្រដដែលឲ្យដឹងថា មានអ្នកឈប់សម្រាកទៅបុណ្យចូលឆ្នាំនៅស្រុកកំណើត ប្រហែល ៤០នាក់ ហើយភាគច្រើន ត្រូវបានរោងចក្របង្ខំឲ្យដាក់ពាក្យលាឈប់ ពេលមកដល់រោងចក្រវិញ កាលពីថ្ងៃទី១៧ មេសា។ ឯកម្មករខ្លះ មិនព្រមដាក់ពាក្យលាឈប់តាមការបង្គាប់ តែទាមទារសុំចូលធ្វើការវិញ។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីខាងភាគីរដ្ឋបាលរោងចក្រ បូវឃើរ បានទេ ដោយសារលេខទូរស័ព្ទផ្នែករដ្ឋបាល ដែលខាងកម្មករផ្ដល់ឲ្យ មិនអាចទាក់ទងបាន។ ឯអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ ទូរស័ព្ទរោទ៍គ្មានអ្នកទទួល។
ជុំវិញករណីនេះ អ្នកគ្រប់គ្រងកម្មវិធីសិទ្ធិការងារ នៃអង្គការ សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ ស្វាគមន៍ចំពោះ ការទទួលយកកម្មករចូលធ្វើការវិញ និងអនុវត្តវិធានការចត្តាឡីស័ក ១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងការងារ។ លោក ឃុន ថារ៉ូ បន្តថា ក្រុមហ៊ុន គួរជួយសម្រួលចំពោះកម្មករ កំពុងអនុវត្តវិធានការដាក់ខ្លួនឯង នៅដាច់ដោយឡែក ១៤ថ្ងៃ ហើយពុំទទួលបានប្រាក់ឈ្នួល ដូចជា ការផ្ដល់ប្រាក់ឧបត្ថម្ភខ្លះ ឬកាត់ថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ឬច្បាប់ឈប់សម្រាកពិសេស ដើម្បីពួកគេទទួលបានប្រាក់អត្ថប្រយោជន៍ គោលនយោបាយ ៧០ដុល្លារ ក្នុងកំឡុងពេលព្យួរការងារជាដើម៖ «បើសិនជាតម្រូវការចាំបាច់ ត្រូវដាក់ឲ្យគាត់នៅដោយឡែកអ៊ីចឹង គាត់ (កម្មករ)អាចប្រើប្រាស់ការឈប់សម្រាកផ្សេង។ គាត់អាចប្រើប្រាស់ឈប់សម្រាកប្រចាំឆ្នាំ ហើយបើសិនក្រុមហ៊ុនថា គាត់ប្រើប្រាស់អស់ទេ អាចសម្របសម្រួលឲ្យគាត់ ព្យួរការងាររយៈពេល១៤ថ្ងៃទៅ។ ឲ្យកាត់ទទួលបានប្រាក់ឈ្នួល តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលអ៊ីចឹងទៅណា។ ៧០ដុល្លារ ទៅឲ្យពួកគាត់អ៊ីចឹង អាហ្នឹងជារឿងប្រសើរ ហើយបើសិនមិនឲ្យគាត់ប្រាក់ឈ្នួលទេ ខ្ញុំគិតថា ក្រុមហ៊ុនហ្នឹង មិនមានចេតនាក្នុងការគាំពារទៅដល់បុគ្គលដែរ»។
ចំពោះករណីបន្តមិនព្រមទទួលយកកម្មការិនី ជា ស៊ីនុន វិញ អ្នកឃ្លាំមើលសិទ្ធិការងារ ជំរុញឲ្យរោងចក្រ មានការសម្របសម្រួល ចៀសវាងរកការចោទថា រោងចក្រឆ្លៀតឱកាសបញ្ឈប់កម្មករគ្មានហេតុផល មិនគោរពតាមសេចក្ដីណែនាំរបស់រដ្ឋាភិបាល និងចង់គេចវេះការទូទាត់សំណងផ្សេងៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។