សហជីព​ស៊ីខៅឌូ​បដិសេធ​ការ​ចោទ​ថា​ញុះញង់​ឲ្យ​កម្មករ​​តវ៉ា​មុខ​រោងចក្រ​ហ្គាវ័ន​ក្រុង​តាខ្មៅ

ដោយ វ៉ែន សុមេធ
2018-01-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​កម្មករ​នៃ​រោងចក្រ ហ្គាវ័ន អាប់ភែរឹល (Gawon Apparel) ប្រមូល​ផ្តុំ​គ្នា​នៅ​បរិវេណ​ខាង​ក្នុង​នៃ​រោងចក្រ រង់ចាំ​ដំណោះស្រាយ​នា​ទីក្រុង​តាខ្មៅ ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧។
ក្រុម​កម្មករ​នៃ​រោងចក្រ ហ្គាវ័ន អាប់ភែរឹល (Gawon Apparel) ប្រមូល​ផ្តុំ​គ្នា​នៅ​បរិវេណ​ខាង​ក្នុង​នៃ​រោងចក្រ រង់ចាំ​ដំណោះស្រាយ​នា​ទីក្រុង​តាខ្មៅ ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧។
Photo: RFA

សហជីព​ស៊ីខៅឌូ ប្រចាំ​រោងចក្រហ្គាវ័ន អាប់ភែរឹល (Gawon Apparel) នៅ​ក្រុង​តាខ្មៅ ខែត្រ​កណ្ដាល បដិសេធ​ការ​ចោទប្រកាន់​របស់​ថៅកែ​រោងចក្រ ដែល​ថា សហជីព​បាន​ញុះញង់​ឲ្យ​កម្មករ​នាំគ្នា​ដេក​តវ៉ា​នៅមុខ​រោងចក្រ និង​មាន​ការ​តវ៉ា​បិទ​ផ្លូវ។ ការ​បដិសេធ​នេះ ក្រោយពេល​ថៅកែ​រោងចក្រ​ហ្គាវ័ន បាន​ផ្ញើ​លិខិត​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ថា សហជីព​ស៊ីខៅឌូ ញុះញង់​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម។

មន្ត្រី​សហជីព​ស៊ីខៅឌូ​ប្រចាំ​រោងចក្រ​ហ្គាវ័ន នៅ​ក្រុង​តាខ្មៅ លោក រ៉ាន់ បូរ៉ា បដិសេធ​ថា ការ​ធ្វើ​កូដកម្ម​បិទ​ផ្លូវ ឬ​ដេក​តវ៉ា​នៅមុខ​រោងចក្រ​ទាំង​ថ្ងៃ​ទាំង​យប់ និង​ការ​យក​ញ្ញតិ​ទៅ​សុំ​អន្តរាគមន៍​នៅ​ខុទ្ទកាល័យ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺជា​បំណង​របស់​កម្មករ​ទាំង​អស់ ដោយ​គ្មាន​ការ​ញុះញង់​ពី​សហជីព​នោះ​ទេ។ ប៉ុន្ដែ លោក​ទទួល​ស្គាល់​ថា កម្មការិនី​ខ្លះ​បាន​ពឹង​ពាក់​សហជីព ឲ្យ​ជួយ​ដេក​កំដរ​នៅ​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​២១ មុខ​រោងចក្រ​ហ្គាវ័ន​នៅ​ពេល​យប់ ដោយសារ​កម្មការិនី​មានការ​ភ័យខ្លាច​នៅ​ពេល​យប់​ស្ងាត់ មាន​សុទ្ធតែ​ស្រី។

កម្មករ​រោងចក្រ​ហ្គាវ័ន នៅ​ក្រុង​តាខ្មៅ បាន​នាំ​គ្នា​កូដកម្ម​ដេក​នៅមុខ​រោងចក្រ តាំងពី​អំឡុង​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៧ ដោយសារ​ថៅកែ​មិន​ព្រម​បើកប្រាក់​ឈ្នួល​ប្រចាំខែ​ឲ្យ​ពួកគាត់ និង​សង្ស័យ​ថា ថៅកែ​មាន​ចេតនា បិទ​រោងចក្រ​ស្ងាត់ៗ និង​លួច​ដឹក​សម្ភារៈ​ចេញ ដោយ​មិន​បើកប្រាក់​ឈ្នួល​ឲ្យ​កម្មករ។

កាលពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៧ ថៅកែ​រោងចក្រ អ្នកស្រី ឆា ក្យុងហ៊ី បាន​រាយការណ៍​ទៅ​មន្ទីរ​ការងារ​ខែត្រ​កណ្ដាល ថា ការ​ដឹក​សម្ភារៈ​ចេញពី​រោងចក្រ គឺ​ដើម្បី​ផ្លាស់ប្ដូរ​ម៉ាស៊ីន​ថ្មី តម្រូវ​តាម​ការ​បញ្ជា​ទិញ​របស់​ភ្ញៀវ​ថ្មី។ ថៅកែ​រោងចក្រ​បាន​ហៅ​ការ​តវ៉ា​របស់​កម្មករ ថា​គឺជា​សកម្មភាព​ខុសច្បាប់​។ លុះដល់​ថ្ងៃ​ទី​៤ ខែ​មករា កម្មករ​ជិត ៦០០​នាក់ នៅ​រោងចក្រ​ហ្គាវ័ន ត្រូវ​បាន​ថៅកែ​រោងចក្រ​បញ្ឈប់​ពី​ការងារ ក្រោយ​ពេល​ពួកគេ​តវ៉ា​នៅមុខ​រោងចក្រ ដោយ​មិន​ព្រម​ចូល​ធ្វើ​ការ​តាម​ការកំណត់​របស់​ថៅកែ។ ក្រុម​កម្មករ​បាន​ចោទ​ថា ថៅកែ​រោងចក្រ​ហ្គាវ័ន បាន​រំលោភច្បាប់​ការងារ និង​រំលោភ​សិទ្ធ​របស់​កម្មករ។

នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ថៅកែ​រោងចក្រ​ហ្គាវ័ន បាន​ប្ដឹង​សហជីព​ស៊ីខាវឌូ​ទៅ​ក្រសួង​ការងារ ដោយ​ចោទ​សហជីព​ថា​នេះ ញុះញង់​ឲ្យ​កម្មករ​តវ៉ា​បិទ​ផ្លូវ ខណៈ​ក្រុម​កម្មករ​នៅតែ​បន្ត​តវ៉ា​ដេក​យាម​មុខ​រោងចក្រ ទន្ទឹង​រង់ចាំ​ដំណោះស្រាយ​វិវាទ​ការងារ។ ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១៥ ខែ​មករា ផ្ញើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង ដែល​ទើប​ត្រូវ​បាន​សារព័ត៌មាន​ចុះផ្សាយ នៅ​ថ្ងៃ​ទី​២៣ មករា ថៅកែ​រោងចក្រ​រោងចក្រ​ហ្គាវ័ន្ត អ្នកស្រី ឆា ក្បុងហ៊ី បាន​ចោទ​សហជីព​ស៊ីខៅឌូ ថា បាន​ញុះញង់​កម្មករ​ឲ្យ​ធ្វើ​កូដកម្ម​ដេក​មុន​រោងចក្រ​ទាំង​ថ្ងៃ​ទាំង​យប់។

ថៅកែ​ជា​ជនជាតិ​កូរ៉េខាងត្បូង​រូប​នេះ ប្រាប់​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង ថា វិវាទ​ការងារ​នៅ​រោងចក្រ​ហ្គាវ័ន ក្រុមហ៊ុន​បាន​ព្យាយាម​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់ ប៉ុន្តែ កម្មករ​នៅតែ​មិន​គោរព​តាម​ការ​បញ្ជា​ឲ្យ​ចូល​ធ្វើការ​វិញ របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល និង​ថា តុលាការ​ខេត្ត​កណ្តាល​ក៏បាន​ចេញ​ដីកា​សម្រេច​រក្សា​ការពារ​នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៧ ដោយ​បញ្ជា​ឲ្យ​កម្មករ​និយោជិក​ទាំងអស់​ចូល​ធ្វើ​ការ​វិញ​ផង​ដែរ។ ក្នុង​លិខិត​ដដែល​នោះ អ្នកស្រី ឆា ក្យុងហ៊ី បាន​ចោទ​ថា សហជីព​ស៊ីខៅឌូ មិន​គោរព​ទៅតាម​ដីកា​រក្សា​ការពារ​របស់​សាលាដំបូង​ខេត្ត​កណ្ដាល ដោយ​បន្ត​ញុះញង់​ដឹកនាំ​កម្មករ​ឲ្យ​បិទទ្វារ​ច្រកចេញ​-​ចូល​រោងចក្រ​ទាំង​មុខ និង​ក្រោយ ហើយ​មិន​ឲ្យ​ក្រុមហ៊ុន​ដឹកទំនិញ​ចូល។

កម្មការិនី​ម្នាក់​ដែល​តវ៉ា ដោយ​នាំ​ប្ដី និង​កូន ទៅ​ដេក​នៅមុខ​រោងចក្រ​ហ្គាវ័ន ជាង​១​ខែ​មកនេះ គឺ អ្នកស្រី ថូ ណៃយៀប អះអាង​ថា សហជីព​ស៊ីខៅឌូ មិន​បាន​ញុះញង់​ក្រុម​កម្មករ​នោះ​ទេ គឺ​កម្មករ ជា​អ្នក​នាំគ្នា​ដេក​តវ៉ា ដើម្បី​ទាមទារ​ដោយ​ខ្លួនឯង និង​បាន​ពឹង​ពាក់​ឲ្យ​សហជីព​ជួប​មក​ដេក​កំដរ។ អ្នកស្រី​អះអាង​ថា គ្មាន​នរណា​ចង់​ទៅ​ទ្រាំ​ដេក ហិតក្លិន​ដី​លើ​ចិញ្ចើម​ផ្លូវថ្នល់ និង​ប្រឈម​គ្រោះថ្នាក់​នោះ​ទេ ប៉ុន្តែ បើ​ថៅកែ​ព្រម​បើកប្រាក់​បំណាច់​ឲ្យ​កម្មករ​ទាំងអស់ គឺ​កម្មករ​មិន​ចង់​ចង​កម្ម​ពារ​នៅមុខ​រោងចក្រ​នោះ​ទេ។ «»

កម្មការិនី​ដដែល​បន្ត​ថា ដោយសារតែ​កត្តា​ជីវភាព ខ្វះ​លទ្ធភាព​ជួល​បន្ទប់​ស្នាក់នៅ ក្រោយ​ពី​ថៅកែ​រោងចក្រ​មិន​ព្រម​បើកប្រាក់​ឈ្នួល​ឲ្យ កម្មករ​បាន​នាំ​គ្នា​វេច​មុង​ភួយ មក​ដេក​មុខ​រោងចក្រ នៅ​ពេល​យប់ និង​មាន​កម្មករ​មួយ​ចំនួន​បាន​ទៅ​រក​ការងារ​ធ្វើ​នៅ​ពេល​ថ្ងៃ ហើយ​ត្រលប់​មក​ដេក នៅមុខ​រោងចក្រ​វិញ នៅ​ពេល​យប់។ ពួកគេ​រំពឹង ការ​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី ព្រោះ​កាលពី​ថ្ងៃ​ទី​១៨ ខែ​មករា ក្រុម​កម្មករ​២​រោងចក្រ បាន​យក​ញត្តិ​ទៅ​ដាក់​ជូន​មន្ត្រី​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ខុទ្ទកាល័យ ក្រោម​ដើមពោធិ៍ មុខ​វត្តបទុមវតី ដើម្បី​សុំ​ការ​អន្តរាគមន៍​ឲ្យ​ថៅកែ បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ឲ្យ​កម្មករ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល