ប្រធាន​ចលនា​សង្រ្គោះជាតិ​នៅ​ប្រទេស​ជប៉ុន រៃ​អង្គាស​ប្រាក់​បាន​ជិត​គ្រប់​ចំនួន ដើម្បី​កសាង​សំណុំ​រឿង​ប្តឹង​លោក ហេង សួរ

0:00 / 0:00

ប្រធានចលនាសង្រ្គោះជាតិនៅប្រទេស​ជប៉ុន លោក ហៃ វណ្ណា បាន​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី៦ វិច្ឆិកា​ថា​ លោក​បាន​រៃអង្គាស​ថវិកា​ពី​ពលរដ្ឋ​ខ្មែរ ​ដែល​និយម​ប្រជាធិបតេយ្យ ពី​គ្រប់​ទិសទី​បាន​ជិត​គ្រប់​ចំនួន​ហើយ ដើម្បី​កសាង​សំណុំរឿង​ប្តឹង​លោក ហេង សួរ មន្រ្តី​នាំ​ពាក្យ​ក្រសួង​ការងារ ដែល​សង្ស័យ​ថា បាន​គំរាម​សម្លាប់​អ្នក​តវ៉ា។ លោក ហៃ វណ្ណា បញ្ជាក់​ថា តាម​គម្រោង លោក​ត្រូវ​ការ​ថវិកា ១.៥០០ ដុល្លារ ដើម្បី​ជួល​មេធាវី។ មក​ដល់​ពេល​នេះ មាន​អ្នក​បរិច្ចាគ​ម្នាក់ ៥០ដុល្លារ បាន​ចំនួន ២៧​នាក់​ហើយ ដោយ ២៤នាក់​ជា​អ្នក​បរិច្ចាគ​នៅ​ប្រទេស​ជប៉ុន និង ៣នាក់​ទៀត​ជា​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក។ ដូច្នេះ នៅ​ខ្វះ​តែ​បី​នាក់​ទៀត​ប៉ុណ្ណោះ នឹង​បង្គ្រប់​ចំនួន​ទឹក​ប្រាក់​ដំបូង សម្រាប់​ចាប់​ផ្តើម​ជួល​មេធាវី​នោះ​បាន​ហើយ។

លោក ហៃ វណ្ណា បង្ហាញ​សុទិ្ទដ្ឋិនិយម​ថា នឹង​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់ ពី​សមត្ថកិច្ច​ជប៉ុន នៅ​ក្នុង​រឿង​នេះ៖ «ទី​មួយ​យើង​មាន​ភ័ស្តុតាង​សាក្សី​រស់។ បើ​យើង​មាន​សាក្សី​រស់​ហើយ ប្រហែល​យើង​មិន​ចាំបាច់​ធ្វើ​កោសលវិច័យ ( សំឡេង ) នោះទៀតទេ។ ​យើងនឹង​​ពិគ្រោះជាមួយ​មេធាវីម្តងទៀត​ ដើម្បី​សម្រេច ពីព្រោះបើ​យើង​ធ្វើ​កោសល្យវិច័យ​ផង និង​មាន​សាក្សី​រស់​ផង និង​មាន​ភ័ស្តុតាង​រឹង​ខ្លាំង នោះ​អាច​នឹង​មាន​វិធានការ​ច្បាប់​ពី​ប្រទេស​ជប៉ុន »

លោក ហៃ វណ្ណា កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ ក៏​បាន​សរសេរ​លិខិត​ចំហរ​មួយ​ច្បាប់ ជូន​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា គឺ​អ្នកស្រី​ រ៉ូណា ស្មីត សុំ​ឲ្យ​អ្នកស្រី ជួយ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ពី​សារ​បែក​ធ្លាយ​នោះ​ដែរ។

វិទ្យុអាស៊ីសេរី​ទើប​នឹង​ទទួល​បាន​ព័ត៌មាន​ថ្មី​ទាក់ទង​នឹង​សារ​បែក​ធ្លាយ​នា​ពេល​ថ្មីៗ នេះ ដែល​គេ​ជឿ​ថា ជា​សំឡេង​របស់​លោក ហេង សួរ អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជា​មនុស្ស​ជំនិត​របស់​លោក ហ៊ុន ម៉ាណែត។

នេះអាចជាភស្តុតាងថ្មីបន្ថែម ដែល​អាច​បញ្ជាក់​ថា វា​ជា​សំឡេង​ពិត​របស់​លោក ហេង សួរ។ តាម​រយៈ​ខ្សែ​អាត់ ដែល​មាន​រយៈ​ពេល​ជាង​មួយ​នាទី​នោះ គេ​អាច​ឮ​សំឡេង​របស់​លោក ហេង សួរ បញ្ជា​ឲ្យ​បក្ខ​ពួក​របស់​ខ្លួន​វាយ​ធ្វើ​បាប​អ្នក​ដែល​ហ៊ាន​ងើប​តតាំង​នឹង​លោក ហ៊ុន សែន តាម​រយៈ​ការ​ជួល​ក្រុម​ជើង​កាង​ឲ្យ​វាយ​ធ្វើ​បាប​អ្នក​ប្រឆាំង​ទាំង​នោះ​នៅ​ក្រៅ​ប្រទេស ឬ​រៀបចំ​សម្លាប់​ក្រោម​លេស​គ្រោះថ្នាក់​ចរាចរ ប្រសិន​បើ​ជន​នោះ​ហ៊ាន​ចូល​មក​ស្រុក​វិញ <<ការណ៍​ដែល​វា​យក​រូប មក​ជាន់​បែបនេះ គឺជា​ការប្រមាថ។ អ៊ីចឹង យើង​មិន​អាច​លើក​លែង​ទោស ឲ្យ​អា​ពួក​ដែល​វា​ហ៊ាន​ប្រមាថ​មេដឹកនាំ​យើង​ទេ។ ពិនិត្យមើល​! មិន​ដឹង​ថា យើង​នៅ​ហ្នឹង មាន​​ស្គាល់​បណ្ដាញ​ខាង​ណា​! ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ដូច​នៅ​កូរ៉េ អ៊ីចឹង គឺ​រក​ពួក​ជើងកាង​មួយ​ចំនួន ..​មើល​មុខ​សញ្ញា​ណា​ដែល​ចាំបាច់ យក​ជើងកាង​ទៅ​វ៉ៃ​វា​ទៅ ហើយ​ជើងកាង​ត្រឡប់​មកវិញ​យើង​ចិញ្ចឹម។ ធ្វើ​ម៉េច​ឲ្យ​អា​មួយ​ហ្នឹង​វា​ប្រកាច់ប្រកិន​នៅ​នោះ​ចុះ។ ពួក​អា​ជើងកាង​គេ​មិនដែល​ចាប់​ដាក់គុក​នៅ​ស្រុក​គេ​ទេ គេ​ចាប់​តែ​បន្តិច​គេ​ប្រលែង​មក​អោយ​ជាប់គុក​ស្រុក​យើង​ហើយ​ចាំ​ពេល​មក​ដល់​ស្រុក​យើង​ចាំ​យើង​ចិញ្ចឹម។ រឿង​នេះ​មិន​អាច​លេងសើច​បានទេ ច្រើនដង ហើយ ..​លើក​មុន​យើង​មិន​នេះ​ទេ ប៉ុន្តែ​លើក​នេះ ទៅ​គឺ​នៅ​ចំពោះ​មុខ ហើយ​គេ​ហ៊ាន​ជាន់​បែបនេះ គឺ​យើង​មិន​អាច​លើកលែង​អោយ​វា​បានទេ។ ហើយ​បង​ស្រេង ថ្ងៃមុន​ថា អោយ​មុខសញ្ញា​អ្នក​ដែល ជា​សកម្មជន​ពួកវា​មក​ហ្នឹង​ណា ..​ឥឡូវនេះ គឺ​យើង​ត្រូវ​ធ្វើ​កិច្ចការ​នេះ​បន្តិច។ អានេះ​មក​អោយ​វា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ខ្មែរ​នឹង​ទៅ>>។

ប្រភពដែលសុំមិនបញ្ចេញឈ្មោះ ព្រោះ​ខ្លាច​ការ​ធ្វើ​បាប​ពី​សំណាក់​ក្រុម​លោក ហេង សួរ បាន​អះអាង​បញ្ជាក់​ប្រាប់​អាស៊ីសេរី​ថា ខ្សែអាត់​សំឡេង​នោះ គឺ​ពិត​ជា​បញ្ជា​របស់​លោក ហេង សួរ ឆ្លើយឆ្លង​គ្នា​តាម Chat Group ផ្ទៃក្នុង​របស់​ក្រុម​ដៃ​ឆៅ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​រៀបចំ​ផែនការ​បង្រ្កាប​អ្នក​ទាំង​ឡាយ​ណា ដែល​ហ៊ាន​ប្រឆាំង​នឹង​របប​ក្រុង​ភ្នំពេញ និង​លោក ហ៊ុន សែន។

មជ្ឈដ្ឋានទូទៅ នៅតែ​ទាមទារ​ឲ្យ​អាជ្ញាធរ​របប​លោក ហ៊ុន សែន ស៊ើប​អង្កេត​ករណី​សារ​គំរាម​សម្លាប់ ដែល​សង្ស័យ​ថា ជា​សំឡេង​របស់​លោក ហេង សួរ។ ពួក​គាត់​ចាត់​ទុក​ការ​មិន​ព្រម​បើក​ការ​ស៊ើប​អង្កេត គឺ​ជា​ការ​បង្ហាញ​ថា រឿង​នេះ​ជា​រឿង​ពិត ហើយ​វប្បធម៌​និទ្ទណ្ឌភាព កាន់​តែ​រីករាល​ដាល​ខ្លាំង​នៅ​កម្ពុជា៕

សេចក្តីបញ្ជាក់បន្ថែម៖ លោក ហៃ វណ្ណា បានប្រាប់អាស៊ីសេរី នៅថ្ងៃទី ០៧ ខែ វិច្ឆិកានេះ ថាថវិកាល្មមចាប់ផ្តើម ដើម្បីជួល​មេធាវីនោះ តាមពិត​គឺចំនួន ៣,០០០ ដុល្លារ។ ចំណែកឯ​ថវិកា ដែលពលរដ្ឋខ្មែរទាំងនៅជប៉ុន អាមេរិក និង កាណាដា បាន​យល់ព្រមបរិច្ចាគ ដើម្បីបុព្វហេតុនេះ សរុបបាន ២៧ នាក់ហើយ ដោយ​ម្នាក់ៗស្ម័គ្រចិត្ត​បរិច្ចាគ ១០,០០០ យ៉េន ឬ ១០០ ដុល្លារ។ ជារួម នៅខ្វះតែអ្នកស្ម័គ្រចិត្តបរិច្ចាគបីនាក់ទៀតប៉ុណ្ណោះ នឹង​គ្រប់ចំនួនទឹកប្រាក់នេះហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។