សង្គម​ស៊ីវិល​​ព្រួយ​បារម្ភ​ថា ឈ្មួញ​ខ្លះ​ យក​ងារ​ឧកញ៉ា​ទៅ​​​កេង​ប្រវ័ញ្ច​ពលរដ្ឋ

0:00 / 0:00

សង្គម​ស៊ីវិល​ ព្រួយ​បារម្ភ​​ថា ​ឈ្មួញ​ខ្លះ បាន​យក​ងារ​ជា​ឧកញ៉ា​​ទៅ​ប្រើប្រាស់​​ ដើម្បី​កេង​ប្រវ័ញ្ច​ពលរដ្ឋ​ និង​រក​ស៊ី​​ខុស​ច្បាប់ ខណៈ​របប​ក្រុង​ភ្នំពេញ​ចាប់​ផ្ដើម​ធ្វើ​ជំរឿន ជម្រុះ​ងារ​ឧកញ៉ា​ចេញ​ពី​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ។ ​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ប្ដេជ្ញា​ជម្រុះ​ឧកញ៉ា​ចេញ​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​ឲ្យ​អស់ ហើយ​​ព្រមាន​ថា ឈ្មួញ​ណា​ យក​ងារ​ឧកញ៉ា​ទៅ​រកស៊ី ល្មើស​ច្បាប់ នឹង​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ​ទាំង​អស់។

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម អាដហុក លោក ប៉ែន បុណ្ណារ៍ ប្រាប់​ថា ឈ្មួញ​មួយ​ចំនួន​បាន​យក​ងារ​ជា​ឧកញ៉ា ដើរ​បោក​ប្រាស់​ពលរដ្ឋ និង​ធ្វើ​ជំនួញ​ល្មើស​ច្បាប់ ជា​ហេតុ​ធ្វើ​ឲ្យ​ងារ​ឧកញ៉ា​ធ្លាក់​ចុះ​តម្លៃ។ បន្ថែម​ពី​នេះ ឈ្មួញ​ និង​មន្ត្រី​​រាជការ​ ទាំង​យោធា និង​ស៊ីវិល​ខ្លះ ​នាំ​គ្នា​ទិញ​ងារ​ឧកញ៉ា ដើម្បី​ពង្រឹង​ការ​រកស៊ី​របរ​​ទុច្ចរិត ជា​ជាង​ចង់​ជួយ​ជាតិ។

លោក ប៉ែន បុណ្ណារ៍ គាំទ្រ​វិធានការ​​ ហាម​កងកម្លាំង​ប្រដាប់​អាវុធ ​មិន​ឲ្យ​មាន​ងារ​ឧកញ៉ា ព្រោះ​កង​កម្លាំង​ប្រដាប់​អាវុធ​ ដែល​មាន​ងារ​ឧកញ៉ា​មួយ​ចំនួន បាន​រកស៊ី​​កាប់​​ព្រៃ​ឈើ និង​រំលោភ​ដីធ្លី​ពលរដ្ឋ។​ លោក ប៉ែន បុណ្ណារ៍ ជំរុញ​ឲ្យ​រដ្ឋាភិបាល ជម្រុះ​​ងារ​ឧកញ៉ា ចេញ​ពី​មន្ត្រី​រាជការ​ស៊ីវិល​ថែម​ទៀត ដើម្បី​គុណ​តម្លៃ​នៃ​ការងារ​ និង​ភាព​ស្មោះត្រង់​ពេល​វេលា​នៃ​ការ​ងារ​រដ្ឋ៖ « ថា​មិន​ត្រឹម​តែ​កង​កម្លាំង​ប្រដាប់​អាវុធ​ទេ សូម្បី​នៅ​​ក្នុង​ជួរ​​មន្ត្រី​ស៊ីវិល ក៏​អត់​ត្រូវ​​ឲ្យ​មាន​​ដែរ។ មន្ត្រី​ជាន់​ខ្ពស់​​ក្នុង​ស៊ីវិល ក៏​អត់​ត្រូវ​ឲ្យ​មាន​​ងារ​ជា​ឧកញ៉ា​ដែរ ដើម្បី​គុណ​តម្លៃ​​ ស្មោះត្រង់​ចំពោះ​ការងារ​រដ្ឋ។ បើ​កាលណា​គាត់​ជា​មន្ត្រី​ផង ការ​ងារ​គាត់ អាច​យក​តួនាទី​ទៅ​​គ្រប​​​លើ​កំហុស​របស់​គាត់។ ការ​មិន​ឲ្យ​មាន​កង​កម្លាំង​ឧកញ៉ា​ក្នុង​កង​កម្លាំង​ប្រដាប់​អាវុធ ហើយ​ក៏​យើង​សុំ​បន្ត​ទៅ​ទៀត នៅ​ក្នុង​មន្ត្រី​ស៊ីវិល​ទៀត​ដែរ »

ក្រសួង​ការពារ​ជាតិ និង​ក្រសួង​មហាផ្ទៃ កំពុង​ធ្វើ​ជំរឿន ជម្រុះ​ងារ​ឧកញ៉ា​ចេញ​ពី​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ តាម​បញ្ជា​មេដឹកនាំ​របប គឺ លោក ហ៊ុន សែន។ លោក ហ៊ុន សែន បាន​ប្រកាស​ផ្ដល់​ជម្រើស​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ ជ្រើស​រើស​បាន​តែ​មួយ​ទេ ក្នុង​ចំណោម​ងារ​ជា​ឧកញ៉ា ឬ​យោធា។

រដ្ឋមន្ត្រី​​ការពារ​ជាតិ​លោក ទៀ បាញ់ ​​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ក្រសួង​ មាន​មន្ត្រី​យោធា ជា​​ឧកញ៉ា​​ចំនួន​៩៩ នាក់ ក្នុង​នោះ៦៥ នាក់​ នៅ​ចំណុះ​អគ្គ​បញ្ជាការដ្ឋាន​កងទ័ព និង​៣៤ នាក់ នៅ​ចំណុះ​ទីស្ដីការ​ក្រសួង​ការពារ​ជាតិ។ លោក​ ទៀ បាញ់ ប្រាប់​ថា ក្នុង​ចំណោម​អ្នក​​ទាំងនោះ មាន​​ខ្លះ ​​​សម្រេចចិត្ត​​ជ្រើស​រើស​យក​តួនាទី​យោធា និង​ខ្លះ​ទៀត​ជ្រើស​យក​គោរមងារ​ឧកញ៉ា ក៏​ប៉ុន្តែ​​ ការ​​សម្រេច​ផ្លូវ​ការ​​ នឹង​ត្រូវ​ធ្វើ​តាម​នីតិវិធី​​ជា​បន្ត​ទៀត។

ចំណែក​នៅ​ក្រសួង​មហាផ្ទៃ​វិញ ក៏​មាន​មន្ត្រី​ប៉ូលិស មាន​ងារ​ឧកញ៉ា​ច្រើន​ដែរ។ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ្រ ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក (RFI) ថា ក្រសួង​មហាផ្ទៃ កំពុង​ជំរឿន​មន្ត្រី​ប៉ូលិស និង​រក​ឃើញ​យាង​តិច​ណាស់ ៣៣​នាក់ ជា​ប៉ូលិស​មាន​ងារ​ឧកញ៉ា។

របប​ក្រុង​ភ្នំពេញ ​កាលពី​ថ្ងៃ​ទី២០ ខែ​មីនា ឆ្នាំ​ ២០១៧ បាន​ចេញ​អនុក្រឹត្យ​​​កែសម្រួល​លើ​​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី៥ ខែ​មេសា ឆ្នាំ​ ១៩៩៤ ​ស្ដីពី​ការ​ផ្ដល់​អំណោយ​​របស់​សប្បុរសជន ​ដែល​នឹង​​អាច​ទទួល​បាន​ងារ​ជា​ឧកញ៉ា​ ពី​ ១០​ម៉ឺន ដុល្លារ​សហរដ្ឋ​អាមេរិក​ មក​ក្នុង​តម្លៃ​៥០​ម៉ឺន​ដុល្លារ​​វិញ។ ក្នុង​អនុក្រឹត្យ​ថ្មី​នោះ ​ចែង​​ក្នុង​ន័យ​​ថា​សប្បុរសជន​ ដែល​បាន​ធ្វើ​អំណោយ​ដល់​រដ្ឋ​​លើស​ពី​ ១០​ម៉ឺន​ដុល្លារ​លែង​ទទួល​បាន​ងារ​ជា​​ឧកញ៉ា​ហើយ គឺ​​ទទួល​បាន​មេដាយ​ស្ថាបនា​ជាតិ​ថ្នាក់​ទី​ ១ ខណៈ​ដែល​អនុក្រឹត្យ​ចាស់​​ចែង​ថា ការ​ជួយ​រដ្ឋ​ ១០ម៉ឺន​ដុល្លារ នឹង​ត្រូវ​បាន​រដ្ឋាភិបាល​ស្នើសុំ​ព្រះមហាក្សត្រ​តែងតាំង​ជា​ឧកញ៉ា។ សម្រាប់​អនុក្រឹត្យ​ថ្មី​​​ ​អ្នក​ដែល​បាន​ធ្វើ​អំណោយ​ដល់​រដ្ឋ​លើស​ពី​ ៥០ម៉ឺន​ដុល្លារ​ឡើង​ទៅ​ ទើប​អាច​ត្រូវ​បាន​ការ​​ស្នើ​ទៅ​​​ព្រះមហាក្សត្រ​ ឲ្យ​ព្រះរាជទាន​ងារ​ជា​ឧកញ៉ា។

អ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ លោក ផៃ ស៊ីផាន មិន​ដឹង​​ច្បាស់​ថា បច្ចុប្បន្ន​មាន​មនុស្ស​ប៉ុន្មាន​នាក់​ត្រូវ​បាន​រដ្ឋាភិបាល​ស្នើសុំ​ព្រះ​មហាក្សត្រ​ ព្រះរាជទាន​ងារ​ជា​ឧកញ៉ា​ ឬ​បាន​ចូលរួម​ចំណែក​ជួយ​ដល់​រដ្ឋាភិបាល​អ្វី​ខ្លះ​ទេ។ តែ​លោក ថា រដ្ឋាភិបាល​កំពុង​ចាត់​វិធានការ​ ដើម្បី​ជម្រុះ​ងារ​ឧកញ៉ា​ចេញ​ពី​ជួរ​កង​កម្លាំង កុំ​ឲ្យ​មាន​​វិ​សមត្ថភាព​ការងារ​​។ ចំណែក​ឈ្មួញ ដែល​ទទួល​បាន​ងារ​ជា​ឧកញ៉ា ហើយ​​ប្រព្រឹត្តិ​ល្មើស​ច្បាប់ នឹង​ត្រូវ​រដ្ឋាភិបាល​ចាប់​ដាក់​ពន្ធនាគារ​ទាំង​អស់៖ « មាន​ឧកញ៉ា​ខ្លះ ពាក់ព័ន្ធ​នឹង​អំពើ​អសកម្ម​ហ្នឹង​ឯង តាម​មើល​ទៅ​ណា។ អា​ស្រ័យ​ហេតុ​ដូច្នេះ បាន​ជា​ឧកញ៉ា​មួយ​ចំនួន​ ដែល​ប្រើប្រាស់​សិទ្ធិ​អំណាច​ របស់​ខ្លួន ខុស​ទិសដៅ ដែល​ប៉ះពាល់​ទៅ​ដល់​ព្រៃ​ឈើ ឬ​ក៏​ដីធ្លី បាន​ចាប់​ញាត់​គុក ជា​បន្ត​បន្ទាប់ »

អាស៊ី​សេរី គ្មាន​ប្រភព​សុំ​ការ​បញ្ជាក់​បន្ថែម​​ពី​​ចំនួន​ឧកញ៉ា ឬ​​ការ​រួម​ចំណែក​​របស់​ឧកញ៉ា ជួយ​ដល់​រដ្ឋ ពី​រដ្ឋ​មន្ត្រី​ក្រសួង​ព្រះ​បរម​រាជវាំង លោក គង់ សំអុល ​​ទេ នៅ​ថ្ងៃ​ទី​១១ កញ្ញា។ លោក ប៊ែន បុណ្ណារ៍ សង្កេត​ឃើញ​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ឈ្មួញ​ មាន​ងារ​ឧកញ៉ា​​ខ្លះ បាន​យក​តួនាទី និង​ងារ​ទៅ​សំញែង សម្លុត​ពលរដ្ឋ និង​មន្ត្រី​មូលដ្ឋាន ដើម្បី​កេង​ប្រវ័ញ្ច​ដីធ្លី ​ព្រៃ​ឈើ ដូចជា​ឧកញ៉ា​ គង់ គ្រឹង មន្ត្រី​យោធា​នៅ​ខេត្ត​ក្រចេះ ឧកញ៉ា ហូរ ចំរើន ជាដើម។

ក្រៅពី​នេះ ក៏​មាន​ឧកញ៉ា​មួយ​ចំនួន​ទៀត បាន​ប្រើប្រាស់​ងារ​នេះ​ ទៅ​រក​ស៊ី​ខុស​ច្បាប់ និង​វាយ​ដំ​ស្ត្រី ដូចជា ឧកញ៉ា គិត ធាង រក​ស៊ី​គ្រឿងញៀន​ក្នុង​ក្លឹប​កម្សាន្ត ឧកញ៉ា​ ថោង សារ៉ាត់ ជាប់​ទោស​ពី​បទ​បញ្ជា​ឲ្យ​បាញ់​សម្លាប់​មនុស្ស​ ឧកញ៉ា សុខ ប៊ុន វាយ​​​ដំ​​​ពិធី​ការិនី​ទូរទស្សន៍​ស៊ីធីអិន និង​ឃុបឃិត​គ្នា​ ជាមួយ​​មន្ត្រី​បក្ស​កាន់​អំណាច រំលោភ​យក​ដី​រដ្ឋ និង​ដី​ពលរដ្ឋ​នៅ​សង្កាត់​កោះ​រ៉ុង ក្រុង​ព្រះសីហនុ ឧកញ៉ា ហ៊ុន ជា ឧកញ៉ា ហ៊ុន តូ ឧកញ៉ា ហ៊ុន ចូច ឬ​ ឌី ចូច អ្នក​ស្រី ឧកញ៉ា​​ ឌី ប្រឹម សាច់​ញាតិ​របស់​​លោក ហ៊ុន សែន ដែល​តែង​ប្រើ​អំពើ​ហិង្សា​បាញ់​បោះ​ជា​សាធារណៈ​​ជា​ដើម។ បន្ថែម​ពី​នេះ នៅ​មាន​ឧកញ៉ា​មួយ​ចំនួន​ទៀត កំពុង​ប្រើ​តួនាទី​រក​ស៊ី​កាប់​ឈើ នាំ​ចេញ​ទៅ​លក់​នៅ​​ប្រទេស​វៀតណាម ឧកញ៉ា​នាំ​ពលករ​ទៅ​ធ្វើការ​ខុស​ច្បាប់​នៅ​ក្រៅ​ប្រទេស និង​ឧកញ៉ា​​មាន​រឿង​អាស្រូវ​​ដណ្ដើម​ដីធ្លី ដី​បឹង ជា​មួយ​ពលរដ្ឋ​​ក្នុង​សហគមន៍​ក្រីក្រ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។