កម្ពុជា​-​ថៃ​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ពង្រឹង​ស្ថិរភាព​តាម​បណ្ដោយ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ

ដោយ ថន ថារ៉ូ
2019.02.15
ទៀ បាញ់ ៦២២ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​កងយោធពលខេមរភូមិន្ទ ឆ្នាំ​ ២០១៨ និង​អបអរសាទរ​បុណ្យ​ជាតិ ៧ មករា កាល​ពី​ថ្ងៃ​ទី​១៣ មករា ឆ្នាំ​២០១៨ នា​រាជធានី​ភ្នំពេញ។
Photo courtesy of TEA BANH's Facebook Page

គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កម្ពុជា​-​ថៃ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ប្ដេជ្ញា ពង្រឹង​ស្ថិរភាព​តាម​បណ្ដោយ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ។ សេចក្ដី​ថ្លែងការណ៍​រួម​នេះ​ធ្វើឡើង​បន្ទាប់ពី​ភាគី​ទាំងពីរ​បាន​បិទ​បញ្ចប់​កិច្ចប្រជុំ​លើក​ទី​១៤​របស់​ខ្លួន ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ នៅ​ក្រុងភ្នំពេញ។ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​ធ្វើ​ការងារ​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ រិះគន់ ថា ជា​រៀងរាល់​ឆ្នាំ​ភាគី​ទាំងពីរ​តែងតែ​សេចក្តី​ថ្លែងការណ៍​រួម​ប្ដេជ្ញា​ចិត្ត ប៉ុន្តែ​ការ​អនុវត្តន៍​ការងារ​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ។

ក្រសួង​ការពារជាតិ​កម្ពុជា​បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា កងទ័ព​ប្រទេស​ទាំងពីរ នឹង​ធ្វើ​ការ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​ដើម្បី​លើក​កម្ពស់​ដល់​សន្តិភាព និង​សន្តិសុខ​តាម​បណ្ដោយ​ព្រំដែន​។ ការ​ប្តេជ្ញាចិត្ត​ត្រ​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្រោយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ និង​សម​ភាគី​ថៃ លោក ប្រាវីត វង្សសុវណ្ណ បាន​ជួប​ប្រជុំ​គ្នា។

មន្ត្រី​អង្គការ​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ចាន់គា ឱ្យ​អាស៊ីសេរី​ដឹង​ថា ទោះ​ភាគី​ទាំងពីរ​តែង​ជួប​ប្រជុំគ្នា​រៀងរាល់​ឆ្នាំ​និយាយ​ពី​ការ​ពង្រឹង​ស្ថិរភាព​តាម​បណ្ដោយ​ព្រំដែន នៃ​ប្រទេស​ទាំងពីរ​ក្តី ប៉ុន្តែ លោក​សង្កេតឃើញ​ថា បញ្ហា​នៅ​កើតមាន​ដដែល​។ លោក​បន្ត​ថា សព្វថ្ងៃ​នេះ​ឈ្មួញ​ខិល​ខូច​នៅតែ​លួច​រត់ពន្ធ​ឡាន​ពី​ថៃ​មក​លក់​នៅ​ខ្មែរ តាម​ព្រំដែន​ហើយ​ថែមទាំង​ពាក់​ស្នាក់​លេខ ខ​.​ម ទៀត​ផង។ ក្រៅ​ពី​នេះ​លោក​ក៏​សង្កេតឃើញ​មាន​ការ​រត់ពន្ធ​ទំនិញ និង​ការ​លួច​ឆ្លងដែន​ក៏​នៅ​បន្ត​កើតមាន​ដដែល៖ «វា​ហាក់​ដូច​អត់​អី​ថ្មី​កន្លងមក​ឱ្យ​តែង​ជួប​គ្នា​អ៊ីចឹង ប៉ុន្តែ​យើង​សង្កេត​ឃើញ​ថា កន្លង​មក​មាន​ឡាន មាន​ម៉ូតូ មាន​ឡាន​ចង្កូត​ស្កាំ រហូត​ដល់​ពលរដ្ឋ​ខ្មែរ​យើង​ជិះ​ទៅ​ទឹកដី​ថៃ​គេ​ពិនិត្យ​មើល​ឃើញ​ម៉ូតូ​ហ្នឹង​ជា​ម៉ូតូ​ដែល​ជនជាតិ​បាត់​គេ​ចាប់​យក​ម៉ូតូ»

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា បទល្មើស​ខ្លះ​មិនមែន​ជា​ការងារ​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កម្ពុជា​-​ថៃ ឡើយ​។

អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ឱ្យ​អាស៊ីសេរី​ដឹង​កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ​ថា បញ្ហា​ពាណិជ្ជកម្ម បញ្ហា​ព្រំដែន ការ​រត់ពន្ធ​ទំនិញ និង​បទល្មើស​នេសាទ​មិនមែន​ជា​កិច្ច​ការដែល​គណៈកម្មាធិការ​ព្រំដែន​ទូទៅ កម្ពុជា​-​ថៃ​ទទួលបន្ទុក​នោះ​ទេ។

ប៉ុន្តែ លោក ស៊ុំ ច័ន្ទគា យល់ថា គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កម្ពុជា​-​ថៃ គួរ​មានការ​ទទួលខុសត្រូវ​ខ្ពស់​ជាង​នេះ ដោយ​លោក​រិះគន់​ថា ការអនុវត្ត​ការងារ​បែបនេះ​មិន​អាច​ធ្វើ​ឱ្យ​មាន​ស្ថិរភាព​តាម​បណ្ដោយ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​បាន​ឡើយ៖ «ឃើញ​ថា​ទាក់ទង​ប្រតិបត្តិការ​អន្តរជាតិ​ខ្មែរ​-​ថៃ យើង​គិត​ថា កុំ​យក​មួយ​ចំណុច​មក​និយាយ»

ទោះ​បី​យ៉ាង​ណា សេចក្ដី​ថ្លែង​រួម​ដដែល​ឱ្យ​ដឹង​ដែរ​ថា ភាគី​ទាំង​ពីរ​បាន​ពិនិត្យ​ឡើងវិញ​នូវ​លទ្ធផល​នៃ​ការ​អនុវត្ត​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ លើក​ទី​១៣ កាលពី ឆ្នាំ​២០១៨ កន្លង​ទៅលើ​បញ្ហា​ពលករ ការទប់ស្កាត់ និង​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។