រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​កម្ពុជា​និង​ថៃ​ជួប​គ្នា​ជជែក​ពី​បញ្ហា​ប្រឈម​នៅ​តាម​ព្រំដែន

ដោយ​ សេក បណ្ឌិត
2019.02.14
ទៀ បាញ់ ថៃ ៦២២ ជំនួយរវាង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ លោក ប្រាវីត វង្សសូវណ្ណ (Prawit Wongsuwon) កាល​ពី​ថ្ងៃ​ទី១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩។
Photo: RFA

គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ ជួប​ប្រជុំ​ដើម្បី​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ បង្កើត​​ទំនាក់ទំនង​​ល្អ​​រវាង​​កងទ័ព​​ប្រទេស​​ទាំង​ពីរ​​កម្ពុជា​-​ថៃ និង​ស្វែងរក​ដំណោះស្រាយ​បន្ថែម​​ទៀត​ ចំពោះ​​បញ្ហា​​ដែល​​កើត​មាន​​នៅ​​តាម​​ព្រំដែន​​នៃ​​ប្រទេស​​ទាំង​ពីរ។ ចំណែក​មន្ត្រី​សង្គម​​ស៊ីវិល​​ចង់​ឱ្យ​មានការ​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​នៅ តាម​បណ្ដោយ​ព្រំដែន​ទាំងពីរ​ឱ្យ​កាន់តែ​សកម្ម​​បន្ថែម​​ទៀត ដើម្បី​ផ្ដល់​សុវត្ថិភាព​ជូន​ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ព្រំដែន។

គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ​តែង​ជួប​ជជែក​គ្នា មួយ​ឆ្នាំ​ម្តង ហើយ​ឆ្នាំនេះ​កម្ពុជា​ជា​ម្ចាស់ផ្ទះ និង​ជា​សហប្រធាន​នៃ​កិច្ចប្រជុំ។ កិច្ចប្រជុំ​ដែល​មាន​រយៈពេល​ពីរ​ថ្ងៃ ពី​ថ្ងៃ​ទី​១៣ ដល់ ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ភាគី​ក្រសួងការពារជាតិ​កម្ពុ​ជា​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ចំណែក​ភាគី​ថៃ​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ លោក ប្រាវីត វង្សសូវណ្ណ (Prawit Wongsuwon)

អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ឱ្យ​អាស៊ីសេរី​ដឹង​ថា ជំនួប​នេះ​គឺ​ផ្ដោត​សំខាន់​ទៅលើ​សន្តិសុខ សុវត្ថិភាព ភេរវកម្ម​ និង​ឧក្រិដ្ឋកម្ម​នៅ​តាម​បណ្ដោយ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ។ លោក​អះអាង​ថា ចាប់​តាំង​ពី​បង្កើត​គណៈកម្មាធិការ​ព្រំដែន​​ទូទៅ កម្ពុជា​-​ថៃ​រួចមក​ការ​ពង្រឹង​សន្តិសុខ​ជូន​ពលរដ្ឋ​នៅ​ព្រំដែន​ទទួល​ប្រសិទ្ធភាព​ខ្ពស់​ជាង​​មុន៖ «យើង​ឃើញ​ប្រសិទ្ធភាព​ការងារ​លេចចេញ​ជាច្រើន​ដើម្បី​រក្សា សន្តិសុខ​សណ្ដាប់ធ្នាប់ សុវត្ថិភាព​តាម​បណ្ដោយ​ព្រំដែន​រវាង​ប្រជាជន និង​ប្រជាជន ហើយ​កិច្ច​សម្រួល​ជាច្រើន​ដែល​គណៈកម្មាធិការ​នេះ​ជួយ​សម្រួល​ដែរ​ដែល​ទំនាក់ទំនង​​កិច្ចការ​​ព្រំដែន​​សំខាន់​​ណាស់»

លោក ផៃ ស៊ីផាន បញ្ជាក់​ថា បញ្ហា​ពាណិជ្ជកម្ម បញ្ហា​ព្រំដែន ការ​រត់ពន្ធ​ទំនិញ​ខូចគុណភាព គ្រឿងញៀន ​និង​បទល្មើស​នេសាទ​មិនមែន​ជា​កិច្ច​ការ​ដែល​គណៈកម្មាធិការ​ព្រំដែន​ទូទៅ កម្ពុជា​-​ថៃ​ទទួលបន្ទុក​នោះ​ទេ​។ ប៉ុន្តែ​លោក​ថា ក្នុង​ករណី​មាន​បទ​ល្មើស​​ជាក់ស្ដែង​​នៅ​តាម​បណ្តោយ​ព្រំដែន គណៈកម្មាធិការ​អាច​បង្ក្រាប​បាន​រួច​ទើប​ប្រគល់​ទៅ​មន្ត្រី​ជំនាញ។

លោក ផៃ ស៊ីផាន ក៏​មិនទាន់​ដឹង​ពី​ខ្លឹមសារ​ស៊ីជម្រៅ​នៃ​កិច្ចប្រជុំ​ដែល​កំពុង​ធ្វើ​នៅ​ក្នុង​ពេលនេះ​នៅឡើយ​ទេ​។ អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួង​ការពារ លោក ឈុំ សុជាតិ បានទេ​នៅ​ថ្ងៃទី​១៣ ខែ​កុម្ភៈ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ក្រសួងការពារជាតិ​កម្ពុជា ចុះ​ថ្ងៃ​ទី​១១ កុម្ភៈ ឱ្យ​ដឹង​ថា ប្រទេស​ទាំងពីរ​នឹង​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​កើតឡើង​នៅ​តាម​ព្រំដែន​ដើម្បី​ធានា​បាន​នូវ​សេចក្ដី​សុខ និង​ជីវភាព​រស់នៅ​រីកចម្រើន​របស់​ពលរដ្ឋ​នៃ​ប្រទេស​​ទាំងពីរ។ ភាគី​ទាំងពីរ​នឹង​បន្ត​កិច្ច​ពិភាក្សា​ដោយ​ផ្ដោត​សំខាន់​លើ​ការ​ពង្រឹង​និង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​បង្កើត​ទំនាក់ ទំនង​ល្អ​រវាង​កងទ័ព​ប្រទេស​ទាំងពីរ​កម្ពុជា​-​ថៃ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ សង្កេត​ឃើញ​ថា សន្តិសុខ​តាម​ព្រំដែន​កម្ពុជា​-​ថៃ ហាក់​ស្ងប់ស្ងាត់។ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ទាមទារ​ឱ្យ​ភាគី​ទាំងពីរ​ទប់ស្កាត់​ឧក្រិដ្ឋកម្ម និង​បង្ការ​ភេរវកម្ម​ឆ្លងដែន ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធិ ភាព​តាមរយៈ​ពង្រឹង​កិច្ចសហការ និង​មាន​ផែនការ​រួម​ច្បាស់លាស់៖ «រឿង​ភេរវកម្ម​ហ្នឹង​ជា​បញ្ហា​របស់​សកលលោក​ហើយ​កម្ពុជា​និង​ថៃ​ជា​ប្រទេស​ដែល​ស្ថិត​ក្នុង​ការ​ហានិភ័យ​ភេរវកម្ម​ទាប​អ៊ីចឹង បើ​យើង​បង្ការ​ទុក​មុន​គឺជា​រឿង​មួយ​ល្អ»

គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ជី.ប៊ី.ស៊ី (GBC)​បាន​បង្កើត​ឡើង​ក្រោម​កិច្ចព្រមព្រៀង​មួយ រវាង​របប​ក្រុងភ្នំពេញ​-​និង​ភាគី​ថៃ កាល​ពី​កាល​ឆ្នាំ​២០០៦៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។