ពលករ​ខ្មែរ​មួយ​ក្រុម​​បន្ត​ធ្វើ​ការងារ​នៅ​ថៃ​ក្នុង​ថ្ងៃ​បុណ្យ​ចូលឆ្នាំ ដើម្បី​រក​ប្រាក់​ដោះស្រាយ​ជីវភាព

0:00 / 0:00

ពលករ​ខ្មែរ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ ២០០​នាក់​នឹង​បន្ត​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ក្នុង​រដូវ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ដើម្បី​រក​​ប្រាក់​ចំណូល​ផ្ញើ​ទៅ​ឱ្យ​គ្រួសារ​នៅ​ស្រុកកំណើត ដើម្បី​ដោះស្រាយ​ជីវភាព មន្ត្រី​អង្គការ​សង្គម​ស៊ីវិល លើកឡើង​ថា អំឡុង​ពេលនេះ​ក្រុម​ពលករ​ក៏​គួរតែ​តាមដាន​ស្ថានការណ៍​និង​បទបញ្ជា​របស់​អាជ្ញាធរ​ថៃ​ឱ្យ​បាន​ញឹកញាប់​ដែរ ដើម្បី​កុំ​ឱ្យ​មានការ​ល្មើសច្បាប់​ក្នុង​ពេល​ស្នាក់​នៅ​ប្រទេស​ថៃ។

ពល​ការិនី​ខ្មែរ​ម្នាក់​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង កញ្ញា និច សារិន ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​១២ មេសា​ថា បងប្អូន​របស់​កញ្ញា​ចំនួន ៥​នាក់ ក្នុងចំណោម​ពលករ​ខ្មែរ​ប្រមាណ​២០០​នាក់​ដែល​កំពុង​ធ្វើ​ការ​សំណង់​នៅ​កណ្ដាល​ទីក្រុង​បាងកក​ប្រទេស​ថៃ​នោះ ពុំបាន​ទៅ​ចូលរួម​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​នៅ​ស្រុក​កំណើត​នោះ​ទេ។ កញ្ញា​បញ្ជាក់​ថា នេះ​ជា​លើកទីមួយ​ហើយ​នៅ​ក្នុង​ជីវិត ដែល​ត្រូវ​ប្រឹង​ធ្វើការ​រក​ប្រាក់ ដោយ​មិន​ឈប់​សម្រាក​ក្នុង​ថ្ងៃបុណ្យ​សំខាន់​របស់​ជាតិ ហើយ​មិនបាន​ត្រឡប់​ទៅ​ជួប​ឪពុកម្ដាយ​នោះ​។ កញ្ញា​បន្ត​ថា មូលហេតុ​ដែល​មិនបាន​ទៅលេង​ផ្ទះ ដោយសារតែ​ថៅកែ​ប្រកាស​ឱ្យ​ធ្វើ​ការងារ​ជា​ធម្មតា ហើយ​ប្រសិនបើ​អ្នកណា​ត្រឡប់​ទៅ​ស្រុកកំណើត​ក្នុង​ពេលនេះ ថៅកែ​នឹង​មិន​ទទួល​ឱ្យ​ចូល​ធ្វើការ​វិញ​ឡើយ​។ ដូច្នេះ​កញ្ញា និង​សាច់ញាតិ​ក៏​សម្រេច​នាំគ្នា​បន្ត​ធ្វើ​ការ​នៅ​ស្រុក​គេ​រក​ប្រាក់​ផ្ញើ​ទៅ​ឱ្យ​ឪពុកម្ដាយ​ប្រសើរ​ជាង​ទៅផ្ទះ​ហើយ​ត្រឡប់​មកវិញ​អត់​ការងារ​ធ្វើ៖ «ខ្ញុំ​មាន​អារម្មណ៍​ថា​នឹក​ផ្ទះ​ចង់​ទៅ​ផ្ទះ​ដែរ តែ​ធ្វើ​ម៉េច​បើ​យើង​ជីវភាព​ខ្វះខាត ហើយ​អ្នកផ្ទះ​ជំពាក់​លុយ​ធនាគារ ហើយ​ត្រូវ​ឡើង​ការប្រាក់​ឱ្យ​គេ​រាល់​ខែ។ ខ្ញុំ​ធ្វើការ​គេ​គិត​ឱ្យ​ធម្មតា​មិន​មាន​គុណ​ជា​២​ទេ បើ​រាល់​ឆ្នាំ​ពេល​ចូលឆ្នាំ​បើ​ធ្វើការ​មួយថ្ងៃ​គេ​គិត​ថ្លៃ​ឈ្នួល​ឱ្យ ២​ថ្ងៃ តែ​ដល់ពេល​មាន​មេរោគ​កូវីដ​១៩​មក ឱ្យ​ធ្វើការ​ធម្មតា​គេ​លើក​ថ្ងៃ​ចូលឆ្នាំ ហើយ​ប្រាក់​ឈ្នួល​ធម្មតា»។

ស្រដៀង​គ្នា​នេះ​ដែរ ពល​ការិនី​ខ្មែរ​ធ្វើការ​សំណង់​នៅ​ទីក្រុង​បាងកក​ម្នាក់ទៀត លោកស្រី រុន សាតា ឱ្យដឹង​ថា ក្រៅ​អំពី​មិន​បាន​ទៅលេង​ផ្ទះ ក្នុង​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ហើយ លោកស្រី​ក៏​មិនបាន​ទៅ​វត្ត​ធ្វើបុណ្យ​ដូច​ឆ្នាំ​កន្លងទៅ​ដែរ ព្រោះ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ១៩។ លោកស្រី​បន្ត​ថា នឹង​ប្រឹង​ធ្វើការ​នៅ​ពេល​នេះ ដើម្បី​សន្សំ​ប្រាក់​ផ្ញើ​ឱ្យ​បងប្អូន​នៅ​ស្រុក​ខ្មែរ​ចាយវាយ និង​សងបំណុល​ធនាគារ​។ ទោះជា​យ៉ាងណា​លោកស្រី​បន្ថែម​ថា នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​នេះ លោកស្រី បាន​ត្រៀម​ផ្លែឈើ​នំចំណី​បន្តិចបន្តួច​សម្រាប់​ថ្វាយ​ទេវតា និង​ដុត​ធូប​ទៀន​សុំ​សេចក្ដី​សុខ​នៅ​ក្នុង​បន្ទប់​រៀងៗ​ខ្លួន ដោយ​មិន​ហ៊ាន​ជួបជុំគ្នា​រាំ​លេង​កម្សាន្ត​នោះ​ទេ៖ «អារម្មណ៍​វា​អួល​ណែន​វា​ក្ដុកក្ដួល​ក្នុង​ឱរា នឹក​ផ្ទះ​ក៏​មិនបាន​ទៅ​ជីវិត​ត្រូវ​មក​លំបាក​មក​ធ្វើការ​ឱ្យ​គេ ខ្ញុំ​និយាយ​ចង់​អួល​ដើម​ក ចង់​ទឹកភ្នែក​មិន​អាច​រៀបរាប់​អារម្មណ៍​មួយ​ហ្នឹង​ចេញ​បាន ដោយសារ​ជីវភាព​ហ្នឹងឯង។ យើង​មក​រក​ស៊ី​នេះ​ផ្ដល់​ប្រាក់​ទៅ​ឱ្យ​ដូច​ថា​ទប់ស្កាត់​មិន​បាន​សោះ ព្រោះ​គ្រួសារ​បងប្អូន​នៅ​តូចៗ ហើយ​អ្នកផ្ទះ​គាត់​ធ្វើស្រែ និង​ដាំ​ដំណាំ​ក៏​គ្មាន​អ្នកណា​គេ​ទិញ ហើយ​រំពឹង​លុយ​ខ្ញុំ​រក​ម្នាក់ឯង​ផ្ដល់​ឱ្យ​គាត់»។

កាល​ពី​ថ្ងៃ​ទី​៣ មេសា រដ្ឋាភិបាល​ថៃ​បាន​ប្រើ​ច្បាប់​ប្រកាស​អាសន្ន ហាមឃាត់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ​ចាប់ពី​ម៉ោង ១០​យប់ ដល់​ម៉ោង​៤​ទៀបភ្លឺ និង​ហាម​ប្រមូលផ្ដុំ​គ្នា​ជា​ក្រុម ដើម្បី​ទប់ទល់​ការ​រាតត្បាត​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី​។ ប្រសិន​ជន​ណា​ល្មើស​នឹង​បម្រាម​នេះ អាច​ត្រូវ​ជាប់ពន្ធនាគារ​រហូត ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៤​ម៉ឺន​បាត​(៤០,០០០) ឬ​ប្រមាណ ១​ពាន់ ៣០០​ដុល្លារ​អាមេរិក។

ថ្មីៗ​នេះ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ទីក្រុង​បាងកក ក៏​បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ស្នាក់​នៅ​ប្រទេស​ថៃ សហការ​តាម​ការណែនាំ​របស់​រដ្ឋាភិបាល​ថៃ​ឱ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ការពារ​កុំ​រាលដាល​ឆ្លង​ជំងឺ​កូវីដ​១៩ ហើយ​ប្រសិនបើ​ពលរដ្ឋ​ណា​មាន​បញ្ហា​អំឡុង​ពេលនេះ ពួកគាត់ អាច​ទាក់ទង​តាមរយៈ​ហ្វេសប៊ុក​របស់​ស្ថានទូត ឬ​ទូរស័ព្ទ​លេខ ០៩២៨០៥០ ៥៦១។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា យល់ថា ពលករ​ខ្មែរ​ដែល​មិន​ត្រឡប់​ទៅ​ផ្ទះ​អំឡុង​ពេលនេះ ភាគច្រើន​ដោយសារតែ​ជីវភាព​គ្រួសារ​របស់​ពួកគាត់​ក្រីក្រ ទើប​ជំរុញ​ឱ្យ​ពួកគាត់​បង្ខំចិត្ត​ស្នាក់នៅ​ស្រុក​គេ ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ​។ លោក​បន្ថែម​ថា ក្រុម​ពលករ​ក៏​ត្រូវតែ​តាមដាន​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​ថៃ​ឱ្យ​បាន​ដិតដល់​ដែរ ដើម្បី​សម្រប​ទៅ​តាម​ច្បាប់​របស់​ថៃ៖ «ទី​មួយ​សុវត្ថិភាព​មិន​ត្រូវ​បាន​គេ​ចាប់ចង ទី​២​សុវត្ថិភាព​រួចផុត​អំពី​ជំងឺ​រាតត្បាត​ដែល​ឆ្លង​មកដល់​ពួកគាត់​។ អីចឹង គាត់​អាច​ទាក់ទង​ទៅ​ស្ថានទូត​បាន ដើម្បី​ឱ្យ​គេ​ទំនាក់ទំនង​ទៅ​រដ្ឋាភិបាល​និង​រដ្ឋាភិបាល ហើយ​គាត់​នឹង​ត្រូវ​ទទួល​បាន​អ្វី​មកវិញ​។​ប៉ុន្តែ​បើ​សិន​គាត់​ធ្វើ​អ្វី​ដែល​ខុស​ពី​ហ្នឹង​គាត់​មិន​អាច​ទទួល​លទ្ធផល​ណាមួយ​បាន​ទេ ពីព្រោះ​ថា នៅ​ក្នុង​ប្រទេស​ដែល​ដាក់​គ្រា​មាន​អាសន្ន ត្រូវតែ​ធ្វើ​យ៉ាង​ណា​ប្រយ័ត្នប្រយែង​ដល់​ខ្លួនឯង​ផង ដល់​អ្នកដទៃ​ផង»។

ថ្មីៗ​នេះ​អាជ្ញាធរ​ថៃ​បាន​ហាមឃាត់​រថយន្ត​ដឹក​ពលករ​ខ្មែរ​ឆ្លងកាត់​ខេត្ត​ស្រះកែវ និង​ខេត្ត​សុរិន្ទ​ហើយ ប្រសិន​ជន​ណា​ល្មើស​បម្រាម​នេះ​នឹង​ត្រូវ​ជាប់គុក ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ប្រមាណ ១០​ម៉ឺន​បាត ឬ​ស្នើ​នឹង​៣​ពាន់​ដុល្លារ​ទៀត​ផង។ ជាមួយ​គ្នា​នេះ​អាជ្ញាធរ​ថៃ​ក៏​បាន​ចាប់​ពលករ​ខ្មែរ​ជាច្រើន​នាក់​បញ្ជូន​ទៅ​តុលាការ​រួច​មក​ហើយ​ដែរ ដោយសារ​ពួកគេ​ល្មើស​នឹង​បម្រាម​គោចរ​របស់​ថៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។