ជនជាតិ​ចិន​បាន​ចាក​ចេញ​ពី​កម្ពុជា​បន្តបន្ទាប់ ដោយសារ​រដ្ឋាភិបាល​បិទ​កាស៊ីណូ

អ្នកវិភាគ​និង​អ្នកឃ្លាំមើល​សង្គម​លើកឡើង​ថា សណ្ឋាគារ​និង​កាស៊ីណូ​មួយ​ចំនួន​នៅ​បន្ត​ដំណើរការ​នៅ​ឡើយ បើ​ទោះ​បី​រដ្ឋាភិបាល​ប្រកាស​បិទ​ក៏​ដោយ​។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​បញ្ជាក់​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ចុះ​បិទ​ទីតាំង​សណ្ឋាគារ​និង​កាស៊ីណូ​អស់ហើយ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ (covid-19)។

អ្នកវិភាគ​នយោបាយ​និង​ឃ្លាំមើល​សង្គម​លោក​បណ្ឌិត មាស នី ប្រាប់​អាស៊ីសេរី​ថា លោក សង្កេត​ឃើញ​ថា បច្ចុប្បន្ន​ទាំង​សណ្ឋាគារ​និង​កាស៊ីណូ​នៅ​បន្ត​ដំណើរការ​នៅឡើយ ហើយ​ជនជាតិ​ចិន​រាប់​ម៉ឺន​នាក់​ក៏​នៅ​បន្ត​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​លេងល្បែង បើ​ទោះ​បី​រដ្ឋាភិបាល​ប្រកាស​បិទ​កាស៊ីណូ​ក៏ដោយ។

លោក​ថា កន្លែង​ក្លឹប​កម្សាន្ត​មួយ​ចំនួន នៅ​តែ​មាន​បើក​បន​ល្បែង​តាម​អ៊ីនធឺណិត ហើយ​ឥឡូវនេះ​គេ​សង្កេត​ឃើញ​មាន​ជនជាតិ​ចិន​មួយ​ចំនួន​ហាក់​ដូចជា​វិលត្រឡប់​មកវិញ ព្រោះ​ឃើញ​ពួកគេ​ដើរ​តាម​ដង​ផ្លូវ​យ៉ាង​ប្រសេចប្រសាច ប៉ុន្តែ​មិន​មាន​ចំនួន​ច្រើន​ដូច​កាលពី​ឆ្នាំ​មុនៗ​ទេ៖ «រឿង​ការ​បិទ​ល្បែង​អនឡាញ​នេះ បើ​តាម​ដែល​ខ្ញុំ​ស៊ើបសួរ​ជាមួយ​នឹង​អ្នកធ្វើការ​នៅ​តាម​កាស៊ីណូ​មួយ​ចំនួន ហើយ​នឹង​អ្នកធ្វើការ​នៅ​តាម​ខេត្ត​នៅ​កំពង់សោម​អី​នេះ វា​ហាក់ដូច​ជា​មិនបាន​បិទ​អី​ឱ្យ​បាន​មាន​ប្រសិទ្ធភាព​ទេ»។

ចំណែក​អ្នក​សម្របសម្រួល​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (Adhoc) ប្រចាំខេត្ត​ព្រះសីហនុ​ដែល​ជា​ខេត្ត​មាន​កាស៊ីណូ​ច្រើន​ជាងគេ​នៅ​កម្ពុជា​គឺ អ្នកស្រី ជៀប សុធារី មាន​ប្រសាសន៍​ស្រដៀង​គ្នា​ថា កាស៊ីណូ​មួយ​ចំនួន​ក្នុង​សណ្ឋាគារ​នៅ​បន្ត​បើក​នៅឡើយ។

ប៉ុន្តែ​អ្នកស្រី​បញ្ជាក់​ថា បច្ចុប្បន្ន ជនជាតិ​ចិន​មាន​ចំនួន​តិចតួច​បំផុត​នៅ​ក្រុងព្រះសីហនុ ហើយ​ភាគច្រើន​គឺជា​អ្នក​រកស៊ី ចំណែក​អ្នកទេសចរ​និង​អ្នក​ស្នាក់នៅ​ដើម្បី​លេងល្បែង​កាស៊ីណូ បាន​វិលត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​អស់​មួយ​ចំនួន​ហើយ៖ «យើង​គ្រាន់តែ​ដឹង​ថា វា​ស្ងាត់ អា​កាស៊ីណូ អគារ​ដែល​មានតែ​កាស៊ីណូ​ទទេ​ហ្នឹង​គឺ​បិទ​ស្ងាត់ ប៉ុន្តែ​សម្រាប់​សណ្ឋាគារ​ដែល​មាន​កាស៊ីណូ​នៅ​ក្នុង​ហ្នឹង យើង​ឃើញ​គេ​នៅ​ដំណើរការ​ធម្មតា​អាហ្នឹង​ខ្ញុំ​ជិះ​មើល»។

ទោះបី​យ៉ាង​ណា​ក្តី អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១០​មេសា ថា អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​បិទ​ទីតាំង​សណ្ឋាគារ និង​កាស៊ីណូ​អស់ហើយ​។ លោក​ថា សមត្ថកិច្ច​នឹង​ចាត់​វិធាន​តឹងរ៉ឹង​ចំពោះ​ម្ចាស់​កាស៊ីណូ​ណា​មិន​គោរព​បទបញ្ជា​របស់​រដ្ឋាភិបាល។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា​លោក កែវ វ៉ាន់ថន មាន​ប្រសាសន៍​ថា ជនបរទេស​ភាគច្រើន​ជា​ជនជាតិ​ចិន​មាន​ប្រមាណ ៨០​ភាគរយ បាន​ចាក​ចេញពី​កម្ពុជា បន្ទាប់​ពី​រដ្ឋាភិបាល​បាន​បញ្ជា​ឱ្យ​បិទ​កាស៊ីណូ។

លោក​មិន​មាន​តួលេខ​ជាក់លាក់​ចំពោះ​ជនជាតិ​ចិន​ដែល​បាន​ចាក​ចេញពី​កម្ពុជា​ទេ ប៉ុន្តែ​លោក​ថា​មាន​ជនបរទេស​សរុប​បាន​ចូល​មក​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី១ ខែ​មករា រហូតដល់​ថ្ងៃ​ទី៥ ខែ​មេសា មាន​ចំនួន​ជិត​១០​ម៉ឺន​នាក់ (៩៩.០០០) ហើយ​ចំនួន​ជាង ៩​សែន ៤​ម៉ឺន ៨​ពាន់​នាក់ (៩៤.៨០០០) បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​។​

របាយការណ៍​ក្រសួង​មហាផ្ទៃ​បាន​ឱ្យ​ដឹង​ថា ឆ្នាំ​២០១៩ មាន​ជន​ជាតិ​ចិន​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​រយ​:​ពេល​វែង​ចំនួន ២៥ ម៉ឺន​នាក់ (២៥០.០០០) ក្នុង​នោះ​ប្រមាណ ១០ ម៉ឺន​នាក់ (១០០.០០០) នៅ​ទីក្រុង​ភ្នំពេញ និង​ជាង ១១ ម៉ឺន​នាក់ (១១០.០០០) នៅ​ខេត្ត​ព្រះសីហនុ​។ ក្រៅ​ពី​នេះ​នៅ​ខេត្ត​ស្វាយរៀង មាន​ជនជាតិ​ចិន​ចំនួន​ជាង ២ ម៉ឺន​នាក់ (២០.០០០) នៅ​ខេត្ត​បន្ទាយមានជ័យ មាន​ជិត ២​ម៉ឺន​នាក់ (២០.០០០) និង​នៅ​ខេត្ត​កណ្តាល​មាន​ជាង ១ម៉ឺន​នាក់ (១០.០០០)។

លោក កែវ វ៉ាន់ថន ថា​ជនជាតិ​ចិន​បាន​ចាកចេញ​មួយ​ចំនួនធំ​ហើយ ហើយ​ចំពោះ​អ្នក​រកស៊ី​ដែល​មាន​អចលនទ្រព្យ​ធំៗ និង​អាច​ត្រឡប់មកវិញ​បន្ទាប់ពី​ជំងឺ​កូវីដ​១៩​មាន​ភាព​ធូរស្រាល ប៉ុន្តែ​មួយ​ចំនួន​ជា​បុគ្គលិក ជា​កម្មករ​ប្រហែលជា​មិន​បាន​ត្រឡប់​មក​វិញ​ទេ។

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ធ្លាប់​បាន​ប្រាប់​អាស៊ីសេរី​ថា មាន​ជនជាតិ​ចិន​យ៉ាង​ហោចណាស់ ជិត ១២​ម៉ឺន​នាក់ បាន​ចាក​ចេញពី​កម្ពុជា ចាប់ពី​ពាក់កណ្ដាល ខែ​សីហា មកទល់​ថ្ងៃ​ទី​៥ ខែ​កញ្ញា​ឆ្នាំ​២០១៩​។ មូលហេតុ​នៃ​ការ​ចាកចេញ​របស់​ជន​អន្តោប្រវេសន៍​ចិន​នៅ​ពេល​នោះ គឺ​ដោយសារ​រដ្ឋាភិបាល បាន​ប្រកាស​បិទ​ល្បែង​តាម​អនឡាញ ដែល​ជា​ល្បែង​ពេញ​និយម​របស់​ជនជាតិ​ចិន។

អ្នកវិភាគ​នយោបាយ និង​សង្គម​លោក គឹម សុខ ដែល​រិះ​គុណ​លោក ហ៊ុន សែន ឥត​សំចៃ​មាត់​មាន​ប្រសាសន៍ថា ជនជាតិ​ចិន​ដែល​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំងនោះ មិនបាន​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទេ ព្រោះ​ពួកគេ​គ្រាន់តែ​មកលេង​ល្បែងស៊ីសង​នៅ​កាស៊ីណូ ឬ​ល្បែង​តាម​អនឡាញ​ប៉ុណ្ណោះ៖ «ការរីក​រាលដាល​នៃ​កូវីដ​១៩ កំពុងតែ​ពុះ​កញ្ជ្រោល​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ដូច្នេះ​ហើយ​បើ​សិន​រដ្ឋាភិបាល​មិន​បិទ​កាស៊ីណូ បន​ល្បែង ដែល​កំពុងតែ​ប្រតិបត្តិការ​នៅ​កម្ពុជា វា​ដូចជា​បង្ហាញ​អំពី​ចំណូល​នៃ​លុយ​កខ្វក់​របស់​រដ្ឋាភិបាល​ស្ដែង​ពេក ពីព្រោះ​ប្រកាស​បិទ​សាលារៀន ប្រកាស​បិទ​ការ​រកស៊ី​មួយ​ចំនួន ក៏​ប៉ុន្តែ​មិន​បិទ​កាស៊ីណូ​ដែល​ជា​ប្រភព​នៃ​ចំណូល​កខ្វក់»។

លោក គឹម សុខ និយាយ​ថា លោក ហ៊ុន សែន មិនសូវ​បារម្ភ​អំពី​ការ​ឆ្លង​វីរុស​កូរ៉ូណា​ពេក​ទេ ប៉ុន្តែ​គាត់​ខ្លាច​សហគមន៍​អន្តរជាតិ​ទាំងមូល ដឹង​អំពី​ការ​លាង​លុយ​កខ្វក់​តាម​រយះ​កាស៊ីណូ​នៅ​កម្ពុជា​។ លោ​កថា​សហគមន៍​អន្តរជាតិ​កំពុង​តាមដាន​ការ​ជួញដូរ​គ្រឿងញៀន ការ​លាង​លុយ​កខ្វក់​តាម​ល្បែង​កាស៊ីណូ ក្លឹប​កម្សាន្ត​រាត្រី​ទាំងអស់ ដែល​គ្រប់គ្រង​ដោយ​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា។

អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន មិន​បាន​ឆ្លើយ​ទៅ​នឹង​ការ​លើកឡើង​របស់​សង្គម​ស៊ីវិល​ទេ ប៉ុន្តែ​លោក​ថា កាស៊ីណូ​ទាំងអស់​ត្រូវ​បាន​បិទ​អស់ហើយ មិន​មាន​អ្នក​លេង​ទៀត​ទេ។

ប្រធាន​សហគមន៍​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​លោក វន់ ពៅ បាន​សម្ដែង​ការ​ស្វាគមន៍​ចំពោះ​ការ​បិទ​កាស៊ីណូ ព្រោះ​អាច​បញ្ឈប់​ល្បែងស៊ីសង​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ពេញចិត្ត ដោយសារ​ល្បែងស៊ីសង​នេះ​ហើយ បង្កើត​ឱ្យ​មាន​ចោរកម្ម មាន​អំពើ​ចាប់​ជំរិត​និង​ឃាតកម្ម​ជាដើម។

លោក​ថា រដ្ឋាភិបាល​គួរ​តែ​មាន​កញ្ចប់​ថវិកា​មួយ ហើយ​ម្ចាស់​សណ្ឋាគារ និង​កាស៊ីណូ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការធានា​ប្រាក់ខែ និង​ប្រាក់ឧបត្ថម្ភ​ប្រចាំថ្ងៃ ដើម្បី​ជួយ​ដល់​បុគ្គលិក​និង​កម្មករ ក្នុង​ការ​ជួយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​របស់​ពួកគាត់ នៅ​ពេល​កាស៊ីណូ​ត្រូវ​បាន​បិទ៖ «ខ្ញុំ​យល់ថា​ការ​បិទ​កាស៊ីណូ​ហ្នឹង​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ប៉ះពាល់​អី​ទេ ពីព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​មិន​មាន​អ្នក​ទៅលេង​កាស៊ីណូ​ក្រៅពី​បរទេស ដូចជា​ជនជាតិ​ថៃ ជនជាតិ​ចិន ហើយ​វា​មិន​ប៉ះពាល់​សេដ្ឋកិច្ច​ប៉ុន្មាន​ទេ ប៉ុន្តែ​វា​ប៉ះពាល់​ទៅលើ​បុគ្គលិក​កម្មករ​ដែល​ធ្វើការ​នៅ​ទីនោះ»។

ចំណែក​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើល (Naga World) កញ្ញា ឈឹម ស៊ីថរ ប្រាប់​អាស៊ីសេរី​ថា កាស៊ីណូ​ត្រូវ​បាន​បិទ​ចាប់​តាំង​ពី​ដើម​ខែ​មេសា​ម​ក ហើយ​កញ្ញា​ស្វាគមន៍​ចំពោះ​ការ​ប្រកាស​បិទ​កាស៊ីណូ​ទាំងអស់​នៅ​កម្ពុជា ព្រោះ​វា​ជា​កន្លែង​មាន​ហានិភ័យ​ខ្ពស់​ដោយសារ​មាន​ភ្ញៀវ​ចម្រុះ​ជាតិ​សាសន៍​ដែល​ងាយ​នឹង​ចម្លង​ជំងឺ​កូវីដ-១៩។

កញ្ញា​មានការ​សោកស្ដាយ​ដោយសារ​រដ្ឋាភិបាល​មិនបាន​និយាយ​អំពី​កាតព្វកិច្ច​របស់​និយោជក និង​ជំនួយ​ឧបត្ថម្ភ​ដែល​អាច​ជួយ​បុគ្គលិក​និង​កម្មករ ក្នុង​ការ​ជួយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ បន្ទាប់ពី​កាស៊ីណូ ត្រូវ​បាន​បិទ។

ក្រុមហ៊ុន​ណាហ្គា​វើល​បាន​ជួយ​ផ្តល់​ប្រាក់​ឈ្នួល​ចំនួន​៥០​ភាគរយ ដល់​បុគ្គលិក​និង​កម្មករ សម្រាប់​ខែ​ដំបូង ហើយ​ក្រុមហ៊ុន​និង​ជូនដំណឹង​សាជាថ្មី​សម្រាប់​ខែ​ទី​២ ទី​៣​បន្តបន្ទាប់​ទៀត៖ «ប្រាកដ​ណាស់​វា​ប៉ះពាល់​ដល់​ជីវភាព​បុគ្គលិក​កម្មករ​ដែល​ធ្វើការ​នៅ​ក្នុង​ខ្លាំង​មែនទែន ជាក់ស្ដែង​ប្រាក់ខែ​គោល​របស់​បុគ្គលិក​គឺ​ទាប​មែនទែន ផ្នែក​សណ្ឋាគារ​អី​ហ្នឹង​គឺ​ប្រាក់ខែ​គាត់​បានតែ ២០០​ឬ​២០០​ជាង​តិចតួច​ទេ អាហ្នឹង​បន្ទាប់ពី​ធ្វើការ​ធ្វើការ​តវ៉ា​កូដកម្ម​កាលពី​ខែ​១​គឺ​បាន​ឡើង​មក​ខ្លះ»។

លោក ហ៊ុន សែន បាន​ប្រកាស​បិទ​កាស៊ីណូ​ស្របច្បាប់​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ចាប់ពី​ដើមខែ​មេសា​នេះ​តទៅ ដោយសារ​មាន​ហានិភ័យ​ដែល​បាន​កើត​ចេញ​ពី​ការ​ឆ្លង​មេរោគ​កូរ៉ូណា (Coronavirus) នេះ​។​

កាល​ពី​ឆ្នាំ ២០១៩ មាន​កាស៊ីណូ​ចំនួន ១២៥ កន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​បច្ចុប្បន្ន​មានកាស៊ីណូ​ប្រមាណ ១២០​កន្លែង កំពុង​ដំណើរការ​នៅ​ឡើយ​។ ចំនួន​កាស៊ីណូ​ទាំងនេះ​ធ្វើ​ឱ្យ​ក្លាយ​ជា​មជ្ឈមណ្ឌល​លេង​ល្បែង​ដ៏​សំខាន់​មួយ​សម្រាប់​អាស៊ី​បូព៌ា។

កាស៊ីណូ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រហែល​ពាក់​កណ្ដាល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្រុង​ព្រះសីហនុ ដែល​ក្នុង​នោះ ជនជាតិ​ចិន​បាន​គ្រប់គ្រង​កាស៊ីណូ​ចំនួន ៤៨ ក្នុងចំណោម​៦២​កន្លែង និង​គ្រប់គ្រង​សណ្ឋាគារ​ចំនួន ១៥០ ក្នុង​ចំណោម ១៥៦ កន្លែង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។