រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថា ចិនជាភ្ញៀវទេសចរច្រើនបំផុតចូលមកកម្ពុជានាដើមឆ្នាំ២០១៩
2019.06.08

ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៩នេះ ភ្ញៀវទេសចរជនជាតិចិន មកទស្សនកិច្ចក្នុងប្រទេសកម្ពុជាមានចំនួនប្រមាណជិត ១លាននាក់ គឺកើនឡើងចំនួន៣៧ភាគរយបើប្រៀបធៀបក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៨។ ចំនួននេះបានធ្វើឱ្យប្រទេសចិន ក្លាយជាប្រភពនៃអ្នកទេសចរបរទេសច្រើនគេបំផុតក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ៤ខែនេះ គឺពីខែមករាដល់ខែមេសា ឆ្នាំ២០១៩ ដែលគិតជាភាគរយគឺប្រមាណជិត៣៧ភាគរយ នៃចំនួនអ្នកទេសចរបរទេសទាំងអស់ដែលមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។
សារព័ត៌មានស៊ីនហួចិនផ្សាយឱ្យដឹងដោយដកស្រង់សម្ដី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្លែងនៅក្នុងពិធីទេសចរណ៍ និងវប្បធម៌កម្ពុជា-ចិនកាលពីថ្ងៃទី៥ ខែមិថុនា កន្លងទៅនេះ ឱ្យដឹងថា ប្រទេសចិនគឺជាទីផ្សារដ៏ធំមួយសម្រាប់ឧស្សាហកម្មទេសចរក្នុងប្រទេសកម្ពុជា។ លោកបន្តថា កម្ពុជាសង្ឃឹមថា នឹងអាចទាក់ទាញបានភ្ញៀវទេសចរជនជាតិចិនប្រមាណ ២លាន ៦សែននាក់ ក្នុងឆ្នាំ២០១៩ ហើយ ៣លាននាក់២០២០ ៥លាននាក់ឆ្នាំ២០២៥ និង ៨លាននាក់ក្នុងឆ្នាំ២០៣០។
វិស័យទេសចរណ៍ជាវិស័យសំខាន់មួយនៅក្នុងការជួយទ្រទ្រង់ផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ កាលពីឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៦លាននាក់ ដែលក្នុងនោះមាន ២លាននាក់មកពីប្រទេសចិន ហើយទទួលបានប្រាក់ចំណូលសរុបប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក ឬប្រមាណជិត១៣ភាគរយនៃផលទុនសរុបGDPរបស់កម្ពុជា។
ទោះបីយ៉ាងណាក៏កន្លងពលរដ្ឋធ្វើការងារក្នុងវិស័យទេសចរណ៍ថា ទេសចរចិនមិនបានផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចក្នុងស្រុកឡើយ ពីព្រោះចិនមានភ្នាក់ងារក្នុងស្រុកដើម្បីបម្រើទេសចរចិន។ ស្របពេលទេសចរចិនបានកើនឡើង ប៉ុន្តែ អ្នកទេសចរបរទេសទៅទស្សនាតំបន់អង្គរ បានធ្លាក់ចុះប្រមាណជាង ៧ភាគរយ កាលពី៥ខែដើមឆ្នាំ ២០១៩។ មានទេសចរប្រមាណ ១លាន ១២សែននាក់ បានមកទស្សនតំបន់អង្គរចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០១៩ គឺធ្លាក់ចុះប្រមាណ ៧ក្បៀស៣ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨។អាជ្ញាធរអប្សរាអះអាងថា អាជ្ញាធរបានរកប្រាក់ចំណូលបានប្រមាណជាង ៥០លានដុល្លារ ក្នុងរយៈពេល៥ខែ។ ក្រៅពីជនជាតិចិន ជនជាតិ កូរ៉េខាងត្បូង និងអាមេរិក ជាទេសចរផ្ដល់ប្រាក់ចំណូលច្រើនជាងគេ៕