បុគ្គលិក​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ីនទ្រី​ជាង ​១០០​នាក់ តវ៉ា​ទាមទារ​ប្រាក់​សំណង​ការងារ

0:00 / 0:00

បុគ្គលិក​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ីនទ្រី ប្រមាណ ១០០​នាក់ នាំគ្នា​តវ៉ា​ទាមទារ​ឱ្យ​ម្ចាស់​ក្រុមហ៊ុន គិតគូរ​ផ្ដល់​សំណង​ការងារ​ឱ្យ​ពួកគេ ស្របតាម​ច្បាប់​ស្ដី​ការងារ ក្រោម​ក្រុមហ៊ុន​បញ្ឈប់​បុគ្គលិក​ដោយ​គ្មាន​ការ​ជូន​ដំណឹង​។ អ្នកឃ្លាំមើល​សិទ្ធិ​ការងារ យល់​ថា ដើម្បី​បញ្ចប់​វិវាទ​ការងារ​មួយ​នេះ រដ្ឋាភិបាល គួរ​ចេញ​កិច្ចព្រមព្រៀង​ជាក់លាក់​មួយ ដោយ​ធានា​រក្សា​ឱ្យ​បាន​សុវត្ថិភាព និង​អត្ថប្រយោជន៍​ការងារ​ដល់​បុគ្គលិក​ទាំងនោះ នៅ​ពេល​ទូរ​ទាត់​សំណង ហើយ​ផ្ទេរ​ការងារ​ពួកគេ ទៅ​ក្រុមហ៊ុន​ថ្មី ឬ​ចូល​ក្របខ័ណ្ឌ​រដ្ឋ។

ក្រុម​បុគ្គលិក​បម្រើ​ការងារ ផ្នែក​សេវាកម្ម និង​ទទួល​អតិថិជន​នៃ​ក្រុមហ៊ុន​ស៊ីនទ្រី ប្រមាណ​១​រយ​នាក់ ប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅ​ខាង​មុខ​ក្រុមហ៊ុន​អស់​រយៈពេល​ជាង ៤​ថ្ងៃ​មក​ហើយ ប៉ុន្តែ​ពួកគេ​នៅ​មិនទាន់​ទទួល​បាន​ដំណោះស្រាយ​ជាក់លាក់​ណាមួយ ពី​ម្ចាស់​ក្រុមហ៊ុន​នៅ​ឡើយ។

តំណាង​បុគ្គលិក​ស៊ីនទ្រី លោក ញ៉ ប៊ុនថា ដែល​បម្រើការ​ជាង ៨​ឆ្នាំ ប្រាប់​អាស៊ីសេរី​ថា ខាង​ក្រុមហ៊ុន​នៅតែ​ប្រកាន់​ជំហរ​ដោះស្រាយ​ប្រាក់​សំណង​ឱ្យ​បុគ្គលិក​ត្រឹមតែ​ ៥០% នៅ​ពេល​ដែល​ក្រុមហ៊ុន​បញ្ចប់​កិច្ចសន្យា​ការងារ​ដល់​បុគ្គលិក ១០៦​នាក់ ដោយ​គ្មាន​ការ​ជូនដំណឹង​ទុកជាមុន​។ លោក​បញ្ជាក់​ថា ពួកគាត់​មិន​អាច​ទទួល​យក​បាន​ទេ ចំពោះ​ដំណោះស្រាយ​បែប​នេះ​។ តំណាង​បុគ្គលិក​រូប​នេះ ទទូច​ស្នើសុំ​ដល់​ក្រសួង​ការងារ និង​សាលា​រាជធានី​ភ្នំពេញ ដាក់​គំនាប​ដល់​ខាង​ក្រុមហ៊ុន ឱ្យ​គិតគូរ​ផ្ដល់​សំណង​ដល់​ពួកគេ ​១០០% តាមច្បាប់​ស្ដី​អំពី​ការងារ។ «ខ្ញុំ​សូម​ឱ្យ​ខាង​ក្រុមហ៊ុន​ហ្នឹង គាត់​ផ្ដល់​សំណង​ឱ្យ​ពួក​ខ្ញុំ​ ១០០ % តាមច្បាប់​ការងារ ហើយ​មួយទៀត​ សុំ​ឱ្យ​សាលា​រាជធានី​ភ្នំពេញ នៅ​​ពេល​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម សូម​ឱ្យ​សាលា​រាជធានី​ភ្នំពេញ​យក​ពួក​ខ្ញុំ​ទៅ​ធ្វើ​ការ​នៅ​ទីនោះ តាម​ប្រសាសន៍​របស់​សម្ដេច​ដែល​គាត់​បាន​លើក​ឡើង»។

ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ីនទ្រី បាន​ទទួល​សិទ្ធ​ប្រមូល​សំរាម​ផ្ដាច់មុខ​ពី​រដ្ឋាភិបាល​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៦​។ ទោះជា​យ៉ាងណា កាល​ពី​ពេល​ថ្មី​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ដកហូត​សិទ្ធិ​ធ្វើ​អាជីវកម្ម​ប្រមូល​សំរាម​ពី​ក្រុមហ៊ុន​ស៊ីនទ្រី បណ្ដោះអាសន្ន ក្រោម​ហេតុផល​ថា ដើម្បី​ជំរុញ​ការ​ធ្វើ​កំណែ​ទម្រង់​ការ​សម្អាត​ទីក្រុង ដោយសារតែ​ពលរដ្ឋ​ជាច្រើន​បាន​រិះគន់​ក្រុមហ៊ុន​នេះ​ថា ប្រមូល​សំរាម​មិន​បាន​ស្អាត​ល្អ។ លោក​បាន​ប្រគល់​កិច្ចការ​នេះ​ទៅ​ឱ្យ​សាលា​រាជធានី​ភ្នំពេញ ទទួលខុសត្រូវ​ក្នុង​ការ​គ្រប់គ្រង​សម្ភារៈ និង​បុគ្គលិក​ទាំងអស់។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី​អគ្គនាយក​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ីនទ្រី លោក សេង សាវី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ និង​អនុប្រធាន​ការិយាល័យ​គណៈកម្មការ​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​គ្រប់មុខ​សញ្ញា​នៃ​ក្រសួង​ការងារ លោក ឯម នីម បាន​ទេ នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ដោយ​ហៅ​ទូរស័ព្ទ​ចូល តែ​គ្មាន​អ្នក​ទទួល។

ទោះបីជា​យ៉ាងណា លោក ម៉េត មាសភក្តី ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ កំពុង​ចរចា​ជាមួយ​ភាគី​ក្រុមហ៊ុន ដើម្បី​ដោះស្រាយ​រាល់​ការ​ទាមទារ​របស់​បុគ្គលិក​ក្រុមហ៊ុន​ស៊ីនទ្រី​ហើយ។

អ្នក​សម្របសម្រួល​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក ឃុន ថារ៉ូ ថ្លែង​ថា នៅ​ពេល​មាន​ការ​បញ្ឈប់​បុគ្គលិក​ពី​ការងារ ដោយ​គ្មាន​មូលហេតុ​ដូច្នេះ គឺ​ភាគី​ក្រុមហ៊ុន ត្រូវ​ទទួល​ខុសត្រូវ​ក្នុង​ការ​ទូទាត់​ប្រាក់​អតីតភាព​ការងារ​ឱ្យ​បាន​ពេញលេញ តាមច្បាប់​ស្ដីពី​ការងារ​។​

លោក​មើល​ឃើញ​ថា បញ្ហា​វិវាទ​ការងារ​រវាង​បុគ្គលិក និង​ម្ចាស់​ក្រុមហ៊ុន​ស៊ីនទ្រី ដែល​មិន​អាច​ដោះស្រាយ​បាន​នេះ គឺ​ពាក់ព័ន្ធ​ដល់​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ដក​យក​ក្រុមហ៊ុន​ប្រមូល​មក​គ្រប់​គ្រង់​បណ្ដោះអាសន្ន ហើយ​និង​ការធានា​សុវត្ថិភាព និង​ប្រយោជន៍​ការងារ​ដល់​បុគ្គលិក​នៅ​មាន​ភាព​មិន​ច្បាស់​លាស់​នៅ​ឡើយ ដោយ​មិន​ដឹង​ថា រដ្ឋ​ឬមួយ​ក៏​ក្រុមហ៊ុន​ថ្មី​ណាមួយ​ចូល​មក​គ្រប់គ្រង៖ «បច្ចុប្បន្ន​ពួកគាត់​ជា​កម្មករ​និយោជិក ក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន​ស៊ីនទ្រី ។ នៅ​ករណី​មួយ​នេះ វា​មិន​ទាន់​មាន​ការ​ជម្រះ​បញ្ជី​ណាមួយ​ថែរក្សា​នូវ​អតីតភាព​ការងារ​របស់​គាត់​ហ្នឹង​។ វៀរលែង​តែ​មាន​កិច្ចព្រមព្រៀង​ដោយ​ធានា​ថា បើ​មាន​ការ​ផ្លាស់ប្ដូរ ក្រុមហ៊ុន​ផ្ដល់​ឱ្យ​ក្រុមហ៊ុន​ណាមួយ ឬ​ដាក់​ឱ្យ​គ្រប់គ្រង​ស្វយ័ត​របស់​រដ្ឋាភិបាល អា​ហ្នឹង​ទាល់តែ​មាន​កិច្ចសន្យា​របស់​គាត់​ត្រូវ​បាន​ផ្ទេរ ហើយ​អតីតភាព​ត្រូវ​បាន​រក្សាទុក​។ បើ​មិន​មាន​ក្នុង​ការ​ធានា​បែប​ហ្នឹង អ្នក​ដែល​ទទួលបន្ទុក​អ៊ីចឹង​មានតែ​ក្រុមហ៊ុន​ស៊ីនទ្រី ទេ»។

លោក ឃុន ថារ៉ូ យល់​ថា ដំណោះស្រាយ​ចំពោះ​វិវាទ​ការងារ​មួយ​នេះ អាជ្ញាធរ​រដ្ឋ​គួរ​ដាក់​ចេញ​កិច្ចព្រមព្រៀង​ជាក់លាក់​មួយ ដែល​ធានា​ដល់​ប្រយោជន៍​បុគ្គលិក​ធ្វើការ នៅ​ពេល​មានការ​ផ្ទេរ​ការងារ​ទៅ​ក្រុមហ៊ុន​ថ្មី ឬ​ដាក់​ឱ្យ​ចូល​ក្របខ័ណ្ឌ​រដ្ឋ ហើយ​បើក​ចំហ​ឱ្យ​មានការ​ចូលរួម​ពី​សហជីព សង្គម​ស៊ីវិល ដើម្បី​ធានា​ឱ្យ​បាន​តម្លាភាព និង​គណនេយ្យភាព៖ «កិច្ចព្រមព្រៀង​ឱ្យ​ច្បាស់លាស់ លក្ខខណ្ឌ​អ្វី​ដែល​គាត់​ត្រូវ​ទទួលខុសត្រូវ​កិច្ចសន្យាការងារ​របស់​កម្មករ លក្ខខណ្ឌ​ប្រាក់​ឈ្នួល អត្ថប្រយោជន៍​របស់​គាត់​ធ្លាប់​មាន​។ នេះ​ហើយ​ដែល​ត្រូវ​បង្ហាញ​ឱ្យ​មាន​តម្លាភាព និង​ឱ្យ​មានការ​ចូលរួម​។ ប្រសិនជា​មានការ​លាក់លាម ហើយ​មិន​ព្រម​ដោះស្រាយ​បញ្ហា​ហ្នឹង​ទេ ហើយ​កម្មករ​អត់​មាន​ដឹង​ព័ត៌មាន​អ្វី​ផង ធ្វើ​ម៉េច​គាត់​ដឹង​ថា ការងារ​របស់​គាត់​មាន​ស្ថិរភាព មាន​សុវត្ថិភាព​។ អ៊ីចឹង​! អ្វី​ដែល​គាត់​ទាមទារ មិន​ទាន់​មាន​ឃើញ​ភាព​ច្បាស់​លាស់ ដែល​មិនទាន់​បង្ហាញ​ជា​សាធារណៈ ហើយ​ឱ្យ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ»។

កាលពី​ថ្ងៃ​ទី​២៩ មករា ក្រុម​បុគ្គលិក​ក្រុមហ៊ុន​ស៊ីនទ្រី បាន​នាំ​គ្នា​ឈរ បិទ​មហាវិថី​ព្រះមុនីវង្ស រយៈពេល ២០​នាទី នៅ​ខាង​មុខ​ការិយាល័យ​ក្រុមហ៊ុន ក្នុង​ខណ្ឌ​ចំការមន ដោយមាន​អ្នកខ្លះ​ឈរ​លើក​រូបថត​លោក ហ៊ុន សែន និង​ស្រែក​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​ក្នុង​វិវាទ​ការងារ​មួយ​នេះ​។​ក្រុម​អ្នក​តវ៉ា បញ្ជាក់​ថា ពួកគេ​នឹង​ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​ក្រុមហ៊ុន​បន្ត​ទៀត លុះ​ត្រា​ទទួល​បាន​ដំណោះស្រាយ​ដែល​អាច​ទទួល​យក​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។