សមាគមកសិករលើកឡើងថា ផលិតផលរបស់ចិននៅកម្ពុជាប្រហែលជាមិនសូវទទួលបានការគាំទ្រពីប្រជាពលរដ្ឋទេ ដោយសារផលិតផលទាំងនោះគ្មានគុណភាព។ ការលើកឡើងនេះ ក្រោយមានក្រុមហ៊ុនចិនមានគម្រោងនាំចូលឧបករណ៍និងគ្រឿងយន្តកសិកម្មទំនើប ដើម្បីលក់ឱ្យប្រជាកសិករខ្មែរ។
អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្មលោក ងិន ឆាយ ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី ១៩ វិច្ឆិកាម្សិលមិញនេះថា ក្រុមហ៊ុនចិន ហ្សូមឡាយអិន (Zoomlion) មានឧបករណ៍ដាំពោត ឧបករណ៍ដាំដំឡូង ឧបកណ៍ប្រមូលផល ហើយនឹងឡសម្ងួតឬឃ្លាំងស្ដុកផលិតផលជាដើម។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានចុះហត្ថលេខាលើឯកសារអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយក្រុមហ៊ុនវិទ្យាសាស្ដ្រធន់ធ្ងន់ និងបច្ចេកវិទ្យា ហ្សូមឡាយអិន (Zoomlion) នៅថ្ងៃទី១៩ ខែវិច្ឆិកា នៅទីក្រុងភ្នំពេញ។
លោក ងិន ឆាយ បញ្ជាក់ថាក្រុមហ៊ុន ហ្សូមឡាយអិន (Zoomlion) នឹងចាប់ផ្តើមលក់ផលិតផលរបស់ខ្លួននៅថ្ងៃអនាគត ប៉ុន្តែបច្ចុប្បន្ននេះក្រុមហ៊ុនបានផ្តល់ឧបករណ៍មួយចំនួនដល់ក្រសួងកសិកម្មដើម្បីធ្វើការសាកល្បង ថាតើឧបករណ៍កសិកម្ម គ្រឿងយន្តកសិកម្មទាំងនេះ សមស្របទៅនឹងប្រទេសកម្ពុជាដែរឬអត់។
"យើងនឹងឈានទៅបំពាក់ឧបករណ៍យើងហៅថា Smart Agriculture Machinery នៅក្នុងប្រព័ន្ធកសិកម្ម ហើយយើងបានឯកភាពគ្នាថានឹងយកទៅធ្វើបង្ហាញនៅតាមស្ថានីយ៍ ឬមួយនៅតាមសហគមន៍កសិករមួយចំនួនដើម្បី ឱ្យ ប្រជាជនយើងមើល បើសិនជាមានលក្ខណ : សមស្រប គាត់ទទួលយកបាន យើងព្យាយាមផ្សព្វផ្សាយ"។
លោកបន្តថានៅក្នុងដំណាក់ការដំបូង ក្រុមហ៊ុនចិននឹងផ្តល់ជូនត្រាក់ទ័រ ឧបករណ៍ដាំ ហាលឬឧបករណ៍ប្រមូលផលមួយចំនួន ហើយមានឧបករណ៍ដ្រូនពីរគ្រឿងផងដែរសម្រាប់ប្រើប្រាស់បាញ់ថ្នាំដំណាំក្នុងការសាកល្បង។
កន្លងមកក្រុមហ៊ុនចិននេះធ្លាប់បានមកប្រទេសកម្ពុជាដើម្បីសិក្សាអំពីគម្រោងកសិកម្មនេះ ហើយឥឡូវក្រុមហ៊ុននេះបានចាប់ផ្តើមជាជំហានដំបូងរបស់ខ្លួន ដោយសារមើលឃើញថាផលិតផលកសិកម្មមានការកើនឡើង ហើយប្រជាពលរដ្ឋខ្មែរត្រូវការឧបករណ៍ទំនើបសម្រាប់ធ្វើកសិកម្ម។
លោកថាគម្រោងនេះនឹងចាប់ផ្តើម បន្ទាប់ពីចុះអនុស្សារណ:ជាមួយក្រុមហ៊ុនដើម្បីដឹកជញ្ជូនគ្រឿងចក្រទាំងនេះប្រគល់ឲ្យក្រសួងកសិកម្មធ្វើការសាកល្បង។
"យើងនឹងតម្រង់ទឹសទៅខេត្តបាត់ដំបងមុន ព្រោះយើងមានកសិដ្ឋានស្ថានីយ៍នៅហ្នឹងស្រាប់សម្រាប់ស្រូវ ហើយស្រូវនៅខេត្តបាត់ដំបងច្រើនផង ដោយឡែកទាក់ទងនឹងដំណាំពោត យើងអាចតម្រង់ទឹសទៅខេត្តក ណ្ដាល ឬកំពង់ចាម ព្រោះវាមានផ្ទៃដីដាំពោតច្រើន ចឹងវាអាស្រ័យទៅលើឧបករណ៍ដែលយើងយកមកសាកល្បង"។
លោក ងិន ឆាយ មិនបានដឹងថា ក្រុមហ៊ុនចិនមួយនេះគ្រោងនឹងចំណាយទុនប៉ុន្មាននោះទេ ប៉ុន្តែលោកមានការបារម្ភថា ផែនការនៃការនាំចូលឧបករណ៍កសិកម្មរបស់ចិននេះ អាចនឹងមិនបានជោគជ័យទេ ព្រោះប្រជាពលរដ្ឋខ្មែរនិយមតែផលិតផលមកពីប្រទេសជប៉ុន។
ចំណែកក្រុមហ៊ុនវិនិយោគទុនចិនមួយផ្សេងទៀត មកពីខេត្តយូណាន (Yunnan) ក៏គ្រោង បោះទុន ប្រមាណ១.៣០០លានដុល្លារសហរដ្ឋអាម៉េរិក ដើម្បីអភិវឌ្ឍន៍ទៅលើវិស័យឧស្សាហកម្ម វិស័យកសិកម្ម គ្រឿងយន្តឧស្សាហកម្ម និងវិស័យផ្សេងៗទៀត។
ការអះអាងរបស់ក្រុមហ៊ុននេះ បានធ្វើឡើងនៅថ្ងៃទី១៨ វិច្ឆិកា ក្នុងជំនួប ជាមួយលោកប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងលោក ទូ ជិនហោ លេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ដចិន ខេត្តយូណាន ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា។
សង្គមស៊ីវិលក៏លើកឡើងថា ពលរដ្ឋខ្មែរមិនសូវទុកចិត្ត គុណភាពផលិតផលរបស់ប្រទេសចិននោះទេ។ ប្រធានសម្ព័ន្ធសមាគមកសិករកម្ពុជា លោកថេង សាវឿន ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី១៩ វិច្ឆិកា ថា ឧបករណ៍កសិកម្មរបស់ចិនមិនសូវមានគុណភាពអាចបណ្ដាលឱ្យប្រជាកសិករអាចនឹងខាតប្រាក់ច្រើន។
"សម្រាប់ខ្ញុំដើម្បីជៀសវាងការខាតបង់ ជៀសវាងការខាតប្រយោជន៍នឹងមិនធានាគុណភាព សុំ ឱ្យ ប្រជាពលរដ្ឋឬប្រជាកសិករទាំងអស់ហ្នឹង ត្រូវតែពិនិត្យឬក៍ ឱ្យ តម្លៃសំខាន់ទៅលើគុណភាពនៃវត្ថុឬក៍សម្ភារ : ដែលជាគ្រឿងកសិកម្ម ជៀសជាងការទិញមកទៅផលិតផលឬក៍គ្រឿងសម្ភារ : ហ្នឹងមិនមានគុណភាពល្អជាហេតុធ្វើ ឱ្យ មានការខាតបង់ប្រាក់ផងដែរក្នុងការទិញ ហើយជាទូទៅពលរដ្ឋខ្មែរចង់បានផលិតផលឬគ្រឿងសម្ភារ : ណាដែលមានគុណភាពហើយមានតម្លៃសមរម្យអាចប្រើប្រាស់បានហើយចំណេញថវិការបស់ពួកគាត់ " ។
លោកបន្តថាកន្លងមកក្រុមហ៊ុនចិនបាននាំចូលរថយន្តនិងម៉ូតូជាច្រើនគ្រឿងព្រមទាំងទូរស័ព្ទជាដើម យកមកលក់ ប៉ុន្តែផលិតផលរបស់ចិនទាំងនេះមិនសូវទទួលបានការគាំទ្រពីប្រជាពលរដ្ឋខ្មែរប៉ុន្មានទេ។
កន្លងមកសង្គមស៊ីវិលសំដែងក្ដីបារម្ភ ពីឥទ្ធិពលចិននៅកម្ពុជា អាចបណ្ដាលឱ្យកម្ពុជាបាត់បង់អធិបតេយ្យភាពទៅថ្ងៃអនាគត៕