រដ្ឋាភិបាល​កំពុង​ស៊ើបអង្កេត​អំពី​ដ្រូន​ធ្លាក់​នៅ​ខេត្ត​កោះកុង

0:00 / 0:00

ក្រសួង​ការពារ​ជាតិ​បាន​បើក​ការស៊ើបអង្កេត​ទៅលើ​ការ​ធ្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក (Drone) មួយ​គ្រឿង​ដែល​បាន​គេ​ប្រទះឃើញ​ធ្លាក់ កាលពី​សប្ដាហ៍​មុន នៅ​ក្បែរ​ក្រុមហ៊ុន​អភិវឌ្ឍន៍​របស់​ចិន​មួយ​ឈ្មោះថា (Union Development Group) ក្នុង​ខេត្ត​កោះកុង។ សង្គម​ស៊ីវិល​ចង់​ឱ្យ​រដ្ឋាភិបាល​បង្ហាញ​ការ​ពិត នៃ​ការ​ធ្លាក់​យន្តហោះ​នេះ។

មន្ត្រី​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) សំដែង​ក្តី​បារម្ភ​ពី​សន្តិសុខ​ផ្ទៃ​ក្នុង​កម្ពុជា នៅ​ពេល​មាន drone ធ្លាក់ ដោយ​មិនទាន់​ដឹង​ពី​មូលហេតុ។

នាយករង​ទទួលបន្ទុក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ស្នើ​ឱ្យ​មានការ​ស៊ើបអង្កេត​ពី​មូលហេតុ​នៃ​ការ​ធ្លាក់ drone​នេះ៖ «យើង​ឃើញ​ហើយ កន្លង​មក​កម្ពុជា​ត្រូវ​បាន​រង​ការ​សង្ស័យ​ថា មាន​មូលដ្ឋាន​ទ័ព​ជើង​ទឹក​បរទេស​អីៗ​ផង ហើយ​ឥឡូវ​វា​មាន​បញ្ហា​ដ្រូន​ហ្នឹង​ទៀត អ៊ីចឹង​វា​អាច​ធ្វើ​ឱ្យ​មានការ​មន្ទិលសង្ស័យ​ច្រើន វា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​យើង​បង្ហាញ​ព័ត៌មាន​ពិត​អំពី​ការ​ស្រាវជ្រាវ ស៊ើបអង្កេត​ទៅលើ​ដ្រូន​នេះ ដើម្បី​ឱ្យ​សហគមន៍​អន្តរជាតិ​បាន​ដឹង​ច្បាស់​ថា ជា​របស់​នរណា ហើយ​ដ្រូន​នេះ​ហោះ​មក​ហ្នឹង​ក្នុង​គោលបំណង​អី»។

យន្តហោះ​ដ្រូន​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​នៅ​ថ្ងៃ​ទី​១៦ ខែ​មករា នៅ​ចម្ងាយ ៧​គីឡូម៉ែត្រ​ពី​ក្រុមហ៊ុន UDG ក្នុង​ទឹកដី​ស្រុក​គិរីសាគរ ខេត្ត​កោះកុង។

ក្រុមហ៊ុន UDG បាន​ទទួល​ដី​សម្បទាន​ចំនួន ៤​ម៉ឺន ៥​ពាន់​ហិកតារ (៤៥.០០០) ដើម្បី​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍ ហើយ​បច្ចុប្បន្ន​នេះ​កំពុង​សាងសង់​ព្រលាន​យន្តហោះ​ខ្នាត​ធំ និង​កំពង់ផែ​ទឹក​ជ្រៅ។ កន្លង​មក​សារព័ត៌មាន​អាមេរិក​ធ្លាប់​ចុះផ្សាយ​ថា តំបន់​នេះ នឹង​អាច​ត្រូវ​គេ​ប្រើប្រាស់​សម្រាប់​កងទ័ព​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ទោះជា​យ៉ាងណា ទាំង​រដ្ឋាភិបាល​កម្ពុជា​និង​ចិន ធ្លាប់​បាន​បដិសេធ​ថា កំពង់ផែ​ទឹក​ជ្រៅ និង​ព្រលាន​យន្តហោះ​ដែល​កំពុង​សាងសង់​នេះ គឺ​សម្រាប់​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍។

លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃ​ពុធ ទី​២២ ខែ​មករា​ថា មន្ត្រី​ជំនាញ​កំពុង​សិក្សា​ស្រាវជ្រាវ ដើម្បី​រក​ឱ្យ​ឃើញ​ថា ដ្រូន​មួយ​នេះ មក​ពី​ណា ជា​របស់​នរណា ហើយ​វា​មាន​ឥទ្ធិពល​យ៉ាងម៉េច៖ «យើង​កំពុងតែ​ស្រាវជ្រាវ​មើល​ថា វា​យ៉ាងម៉េច បើ​ស៊ើបការណ៍ គេ​យក​ការណ៍​បាន​របៀប​ណា ដើម្បី​អី យើង​កំពុងតែ​ដំណើរការ​ស្រាវជ្រាវ​។ ឥឡូវនេះ​ខាង​ផ្នែក​អ្នក​ដែល​មាន​ជំនាញ​ហ្នឹង​កំពុងតែ​ស៊ើបសួរ ស្រាវជ្រាវ​មើល​ឱ្យ​បាន​ច្បាស់លាស់​សិន​មុននឹង​សន្និដ្ឋាន​ថា​យ៉ាងណា​យ៉ាង​ណី»។

លោក​បន្ត​ថា អ្នក​ជំនាញ​នៅ​មិនទាន់​អាច​វាយ​តម្លៃ​ថា ជា​យន្តហោះ​ស៊ើបការណ៍​ឬ​យ៉ាងណា​នៅ​ឡើយ​ទេ ព្រោះ​ការស៊ើបអង្កេត​នៅ​បន្ត​នៅ​ឡើយ ប៉ុន្តែ​លទ្ធផល​អាច​នឹង​ដឹង​ក្នុង​ពេល​ឆាប់ៗ៖ «ដំបូង​​​យើង​គិត​ថា ជា​របស់​ក្រុមហ៊ុន​ហ្នឹង​ដែរ។ ក្រុមហ៊ុន​អាច​នឹង​ធ្វើ​បង្ហោះ​អា​រឿង​ហ្នឹង​ទៅ ដើម្បី​ត្រួតពិនិត្យ​ក៏​ធ្វើ​ស្អីៗ​ ហ្នឹង ប៉ុន្តែ​ដល់ពេល​សួរ​បញ្ជាក់​យក​មែនទែន​ទៅ ក្រុមហ៊ុន​ថា អត់​មែន​របស់​គាត់​ទេ។ គាត់​មិន​មាន​ប្រភេទ​របៀប​ហ្នឹង​ទេ គាត់​មាន​ដែរ តែ​តូចៗ ​ហើយ​ការ​ហោះ​ទៅ​ក្នុង​តំបន់​របស់​គាត់​ហ្នឹង​ គឺ​អត់​មាន​ធំ​របៀប​ហ្នឹង​ទេ អានេះ​វា​ធំ​គួរសម​ដែរ»។

លោក ទៀ បាញ់ បញ្ជាក់​ថា យន្តហោះ​ដ្រូន​នេះ​ត្រូវ​បាន​ធ្វើ​នៅ​ក្រុមហ៊ុន​មួយ​របស់​ចិន ប៉ុន្តែ​លោក​មិនទាន់​ច្បាស់​ថា នរណា​បាន​ប្រើប្រាស់​វា​នៅឡើយ​ទេ។

អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​មន្ត្រី​នៃ​ក្រុមហ៊ុន UDG បាន​ទេ កាលពី​ថ្ងៃទី២២ មករា។

ទោះបីជា​យ៉ាងណា អ្នក​សម្របសម្រួល​អង្កការ​លីកាដូ (Licadho) នៅ​ខេត្ត​កោះកុង លោក ហួរ អ៊ីន មាន​ប្រសាសន៍​ថា យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ អាច​ជា​របស់​ក្រុមហ៊ុន​ចិន UDG ច្រើន​ជាង ព្រោះ​វា​ធ្លាក់​នៅ​ក្នុង​តំបន់​ដែល​រដ្ឋាភិបាល​ប្រគល់​ទៅ​ឱ្យ​ក្រុមហ៊ុន​សម្រាប់​ការអភិវឌ្ឍន៍​។ លោក​ស្នើ​រដ្ឋាភិបាល​រក​ឱ្យ​ឃើញ​មូលហេតុ​ពិតប្រាកដ​របស់​ម្ចាស់​ដ្រូន​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។