ស្ត្រីទេសចរណ៍ជនជាតិអង់គ្លេសម្នាក់បាត់ខ្លួននៅខេត្តព្រះសីហនុ
2019.10.27

អាជ្ញាធរពាក់ព័ន្ធខេត្តព្រះសីហនុ កំពុងស្វះស្វែងរកភ្ញៀវទេសចរ ជានារីជនជាតិអង់គ្លេសម្នាក់ដែលបានបាត់ខ្លួននៅកោះរ៉ុង ក្រុងកោះរ៉ុង កាលពីពេលថ្មីៗនេះ ។ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន សរសេរលើហ្វេសហ៊ុក (Facebook) របស់លោកថា កម្លាំងចម្រុះរបស់ខេត្តបានចុះប្រតិបត្តិការរុករក បែងចែកជា ៣ មុខព្រួញ រួមមានកម្លាំងរុករកក្នុងទឹក (Diving)កម្លាំងរុករកតាមព្រៃភ្នំ បរិវេណជុំវិញកោះ និងតាមបន្ទប់ស្នាក់នៅ និងកម្លាំងជំនាញព្រហ្មទណ្ឌស៊ើបអង្កេតស្វែងរក។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ឱ្យអាស៊ីសេរីដឹងនៅថ្ងៃទី២៧ ខែតុលាថា ភ្ញៀវទេសចរណ៍រូបនេះ បានមកដល់ព្រះសីហនុ កាលពីថ្ងៃទី១៩ និងបានបាត់ខ្លួនកាលពី២៤ ខែតុលា ដោយពុំដឹងមូលហេតុ។ លោកថា មកដល់ពេលនេះអាជ្ញាធរមិនទាន់រកឃើញពីតម្រុយណាមួយនៃការបាត់ខ្លួននេះនៅឡើយទេ។ «»
ជនបរទេសដែលបានបាត់ខ្លួននេះ មានឈ្មោះ អាមេលៀ ល្វីស (AMELIA LOUISE) សញ្ជាតិអង់គ្លេស អាយុ២១ ឆ្នាំ កាន់លិខិតឆ្លងដែនលេខ ៥៣១៨៩០៨៣៣។
សារព័ត៌មានក្នុងស្រុកបានចុះផ្សាយដោយដកស្រងសំដីរបស់សមត្ថកិច្ចមូលដ្ឋានឱ្យដឹងថា មុនពេលបាត់ខ្លួន គេបានប្រទះឃើញនារីនោះលើកចុងក្រោយ នៅម៉ោង៣កន្លះទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែតុលា ក្នុងពិធីជប់លៀងមួយនៅឆ្នេរកោះរ៉ុង។ សមត្ថកិច្ចបានរកឃើញកាបូប និងសម្ភារៈមួយចំនួនរបស់ជនបាត់ខ្លួននោះ នៅលើផ្ទាំងថ្មជាប់ឆ្នេរក្បែរកន្លែងធ្វើពិធីជប់លៀង៕
AMELIA LOUISE