ជនរងគ្រោះឪពុក និង កូនប្រកាសស្វែងរកយុត្តិធម៌ក្រោយពីមន្ត្រីជលផលមានគ្នាប្រមាណ៥នាក់បានចាប់វាយឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរដោយចោទប្រកាន់រត់ពន្ធត្រីខុសច្បាប់។ ប៉ុន្តែមន្ត្រីជលផលបានបដិសេធថា បានការប្រើអំពើហិង្សាដូចកាចោទប្រកាន់។
ប្រជាពលរដ្ឋឪពុក និង កូនអះអាងថា រងគ្រោះដោយអំពើហិង្សាវាយដំពីមន្ត្រីជលផលខេត្តស្ទឹងត្រែងនិយាយថា ពួកគេទាំងពីរនាក់គ្រោងនឹងដាក់ពាក្យបណ្ដឹងទៅស្ថាប័នតុលាការដើម្បីរកយុត្តិធម៌ចំពោះហេតុការណ៍ដែលបានកើតឡើងកាលពីថ្ងៃម្សិលមិញ។
ប្រជាពលរដ្ឋខេត្តស្ទឹងត្រែងលោក អេង មុន្នី បញ្ជាក់ថា លោកនិងកូនប្រុសឈ្មោះ អាត មេសា អាយុ១២ឆ្នាំ ត្រូវបានមន្ត្រីជលផល និងអាជ្ញាធរមានសមត្ថកិច្ចចំនួន ៥នាក់ បានចាប់វាយធ្វើបាបយ៉ាងដំណំរហូតដល់មានស្នាមជាំមុខ ចង្កេះ និងខ្នង។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី១៩ ខែឧសភា នៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ លោកបញ្ជាក់ថា មន្ត្រីជលផលដឹកនាំដោយលោក វង្ស សាវឿន បានមកឃាត់ចាប់រថយន្តរបស់លោកដោយចោទប្រកាន់ថា បានដឹកត្រីដែលបានមកពីបទល្មើសនេសាទខុសច្បាប់។ ប៉ុន្តែនៅពេលដែលក្រុមសមត្ថកិច្ចកំពុងឆែកនោះលោកបានប្រាប់ទៅកូនប្រុសអាយុ ១២ឆ្នាំឱ្យថតរួបវីដេអូពីសកម្មភាពឆែកឆេនោះ ស្រាប់តែក្រុមសមត្ថកិច្ចឆក់យកទូរស័ព្ទកូនរបស់លោកបោកចោល និងចាប់ជាន់កលោកផ្ទាល់ទៅនឹងដីបណ្ដាលឱ្យលោកមានរងរបួសយ៉ាងដំណំ៖ « វៃខ្ញុំហើយ វាជាន់កខ្ញុំហើយ វាជាន់ចង្កេះខ្ញុំហើយ វាសង្កត់ខ្ញុំនៅនឹងដីហើយដៃខ្ញុំព័ទ្ធស្លាបសេក តែខ្ញុំរើរួច។ ក្រោយមកលោក វង្ស សាវឿន គាត់ថា ព្រះរាជអាជ្ញាឱ្យដាក់ខ្នោះយកមកដល់កន្លែងគេហើយបញ្ជាកូនចៅយកមកដាក់បញ្ជូនឡាន។ គ្នាវាហ្នឹង ៥នាក់ទាំង វង្ស សាវឿន » ។
អាស៊ីសេរីបានទាក់ទងទៅមន្ត្រីជលផល លោក វង្ស សាវឿន ដែលពលរដ្ឋចោទថា បានប្រើប្រាស់អំពើហិង្សានោះ ប៉ុន្តែតែលោកមិនលើកទូរស័ព្ទ។
ទោះជាយ៉ាងនេះក្ដី នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងលោក ស៊ុម នីរ៉ូ បានបដិសេធថា មិនមានអំពើហិង្សាណាមួយកើតឡើងទេ។ លោកបញ្ជាក់ថា ប្រជាសហគមន៍នេសាទបានរាយការណ៍ប្រាប់មន្ត្រីជលផលថា មានជនល្មើសបានដឹកត្រីនេសាទខុសច្បាប់យកមកលក់នៅទីរួមខេត្ត ទើបលោកបញ្ជាអោយស្ទាក់ចាប់រថយន្តសង្ស័យនោះ។ លោកបន្តថានៅពេលដែលឃាត់ចាប់រថយន្តនោះរកមិនឃើញមានភស្តុតាងទេ ហើយមន្ត្រីរបស់លោកបានដោះលែងប្រជាពលរដ្ឋអោយវិលត្រឡប់ទៅលំនៅឋានវិញហើយ។
លោកចាត់ទុកការចោទប្រកាន់ថាមន្ត្រីជលផលថា បានប្រើប្រាស់អំពើហិង្សាទៅលើប្រជាពលរដ្ឋនោះ ជាការនិយាយបំផ្លើសពីការពិត៖ «បើគាត់និយាយពាក្យហ្នឹងគឺជារឿងមួយគួរឲ្យសោកស្ដាយជារឿងមួយដែលពួកគាត់មិនគួរមកចោទប្រកាន់ទាំងងងើលអ៊ីចឹងទេ។ គាត់នៅពេលដែលនិយាយគ្នាមុខនគរបាល ជាមួយនឹងមុខ អ្នកសម្របសម្រួលខាងខ្ញុំហ្នឹង ។ និយាយគ្នាជាលក្ខណៈមិត្តភាព លក្ខណៈស្រុះស្រួលគ្នាតាមធម្មតាអត់មានពីណាម្នាក់ប្រើហិង្សាទៅលើគាត់ទេ។ បើគាត់លើកឡើងរបៀននេះគឺជាការមួលបង្កាច់មួយមកលើខាងសមត្ថកិច្ចវិញហើយ»។
បើទោះបីមន្ត្រីជលផលបដិសេធថា មិនមានអំពើហិង្សាក៏ដោយ ក៏លោក អេង មុន្នី បញ្ជាក់ថា មានពលរដ្ឋរងគ្រោះប្រមាណ ៣នាក់ហើយ ដែលត្រូវមន្ត្រីជលផលវាយឱ្យរងរបួសដោយចោទប្រកាន់ថាបានដឹកផលនេសាទខុសច្បាប់។ តែពួកគេមិនហ៊ានប្ដឹងដោយសារខ្លាចការគំរាមពីមន្ត្រីជលផល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។