អតីតបុគ្គលិកសណ្ឋាគារហ្គ្រេតឌ្យូកភ្នំពេញ (Great Duke Phnom Penh) ទទួលបានប្រាក់សំណងការងារ ពីក្រសួងការងារនៅថ្ងៃទី៣០ ខែឧសភា ក្រោយពួកគាត់ចេញតវ៉ាទាមទាររកដំណោះស្រាយពីម្ចាស់សណ្ឋាគារ និងអាជ្ញាធរពាក់ព័ន្ធ អស់រយៈពេលជិត ៥ខែមកនេះ។
អតីតអ្នកធ្វើការផ្នែកសម្អាតបន្ទប់ នៅសណ្ឋាគារហ្គ្រេតឌ្យូក ភ្នំពេញ លោកស្រី ហេង មួយអេង បង្ហាញអារម្មណ៍សប្បាយរីករាយ នៅពេលទទួលបានប្រាក់សំណងការងារ ជាង ៨រយដុល្លារ ពីក្រសួងការងារ។លោកស្រីឱ្យដឹងថា ប្រាក់ដែលបានមកនេះ អាចទប់ទល់ការចំណាយប្រចាំថ្ងៃ និងយកទៅសងបំណុលគេ ក្នុងអំឡុងពេលគ្មានការងារធ្វើជិត ៥ខែមកនេះ ចំណែកប្រាក់នៅសល់ លោកស្រីទុកទំនុកបម្រុងកូនស្រីអាយុ៩ឆ្នាំឲ្យបន្តការសិក្សា ហើយលោកស្រីនឹងបន្តស្វែងរកការងារធ្វើនៅតាមសណ្ឋាគារផ្សេងទៀត៖ «បានប៉ុណ្ណឹងសម្រាប់វាតិចទេ បងអើយបានតាមអតីតភាពការងារយើងតិច វាបានតិចអ៊ីចឹង ទម្រាំយើងដើររកការងារបានទៀត»។
ប្រធានសហព័ន្ធសហជីពកម្មករ និយោជិកវិស័យទេសចរណ៍កម្ពុជា លោក ទូច កុសល ថ្លែងថា ក្នុងចំណោមបុគ្គលិក១៥២នាក់ គឺមានបុគ្គលិក១២០នាក់ បានបើកប្រាក់អត្ថប្រយោជន៍ការងារពីក្រសួងការងាររួចរាល់ហើយ ចំណែកបុគ្គលិក៣២នាក់ទៀត ជាប់រវល់ធុរៈផ្ទាល់ខ្លួន មិនទាន់មានពេលទៅទទួលប្រាក់សំណងឡើយទ។
លោកឱ្យដឹងថា ក្នុងចំណោមមនុស្ស៣២នាក់នេះ គឺមាន ៦នាក់បាត់ប័ណ្ណសំគាល់ការងារ ដែលអាចបង្កការលំបាកដល់ពួកគាត់ ។ លោកថា ក្រសួងការងារទុកពេលឱ្យបុគ្គលិកទាំងនេះ ស្វែងរកប័ណ្ណការងារ ដោយភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណ និងប័ណ្ណរបបសន្តិសុខសង្គម (បសស) ដើម្បីទៅទទួលបានសំណងនៅក្រសួងការងារ ត្រឹមថ្ងៃទី៤ ខែមិថុនា ខាងមុខ។
វិវាទការងាររវាងក្រុមបុគ្គលិក និងម្ចាស់សណ្ឋាគារហ្គ្រេតឌ្យូកភ្នំពេញ អតីតសណ្ឋាគារអ៊ីនធ័រខន់ធីណិនថល (Intercontinental) បានអូសបន្លាយអស់រយៈពេលជិត ៥ខែ ចាប់តាំងពីពេលសណ្ឋាគារនេះបានប្រកាសបិទទ្វារ កាលពីចុងខែធ្នូ ឆ្នាំ២០១៩ ក្រោមហេតុផលក្ស័យធន បន្ទាប់ពីបើកដំណើរអាជីវកម្មអស់រយៈពេល ២៣ឆ្នាំមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។