ជីវិត​ពលករ​ខ្មែរ​មួយ​ក្រុម​ធ្វើការ​នៅ​លើ​ទូក​នេសាទ​ថៃ​ជិត​២០​ឆ្នាំ

ដោយ ជី វិតា
2019-05-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​ចុះ​ទូក​នេសាទ ពេល​ដែល​ទូក​ចត​នៅ​ច្រាំង​សមុទ្រ ក្នុង​តំបន់​បាងយ៉ាផេក ស្រុក​មឿង ខេត្ត​សមុទ្រសាខន (Samutsakorn) ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី១០ ខែ​ឧសភា ឆ្នាំ​២០១៩។
ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​ចុះ​ទូក​នេសាទ ពេល​ដែល​ទូក​ចត​នៅ​ច្រាំង​សមុទ្រ ក្នុង​តំបន់​បាងយ៉ាផេក ស្រុក​មឿង ខេត្ត​សមុទ្រសាខន (Samutsakorn) ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី១០ ខែ​ឧសភា ឆ្នាំ​២០១៩។
RFA/Jeevita

យោង​តាម​ទិន្នន័យ​ក្រៅផ្លូវការ ពលករ​ខ្មែរ​ធ្វើការ​នៅ​គ្រប់​វិស័យ នៅ​ប្រទេស​ថៃ​មាន​ជិត​លាន​នាក់​។ ពួកគេ​ចាកចេញ​ឆ្ងាយ​ពី​គ្រួសារ​ជាទី​ស្រឡាញ់​របស់​ខ្លួន​ដោយសារ​រក​ការងារ​នៅ​ក្នុង​ស្រុក​ធ្វើ​មិនបាន ខ្លះ​ទៀត​ថែមទាំង​មាន​ជំពាក់​បំណុល​គេ និង​ខ្លះ​ទៀត​ត្រូវ​គេ​រឹបអូស​យក​ដីស្រែ មិន​អាច​មានមុខ​របរ​ចិញ្ចឹម​ជីវិត​បាន។

ពលករ​ខ្មែរ​មួយ​ក្រុម​មាន​គ្នា​ចំនួន​៦​នាក់ ធ្វើការ​នៅ​លើ​ទូក​នេសាទ​ថៃ​មួយ ខំប្រឹង​ធ្វើការ​មិន​ហ៊ាន​ឈប់សម្រាក ដែល​អ្នកខ្លះ​ធ្វើ​ជិត​២០​ឆ្នាំ​ហើយ ដើម្បី​រក​ប្រាក់​ចិញ្ចឹម​គ្រូ​សារ និង​ដោះ​បំណុល ក្នុង​នោះ​មាន​ពលករ​ម្នាក់​មាន​ប្រពន្ធ​ពោះ​ធំ​ជិត​ដល់​ថ្ងៃ​សម្រាលកូន​ផង។

សម្បុរ​ស្រអែម រាង​ស្គម តែ​មាំ ឈរ​នៅ​លើ​ទូក​នេសាទ​ដែល​កំពុង​បញ្ឆេះ​ម៉ាស៊ីន ដៃ​ម្ខាង​កាន់​មួក ឯ​ដៃ​ម្ខាង​ទៀត​ធ្វើ​កាយវិការ ពលករ​ឈ្មោះ ចាន់ សុផល រៀបរាប់​ប្រាប់​អាស៊ីសេរី​ថា លោក​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង ហើយ​បាន​ចាក​ចេញ​ពី​ផ្ទះ​ទៅ​ធ្វើជា​កម្មករ​នៅ​លើ​ទូក​នេសាទ​ថៃ​ប្រមាណ​២០​ឆ្នាំ​ហើយ។ លោក​ថា បន្ទាប់​ពី​រក​ការងារ​ធ្វើ​មិនបាន​នៅ​កម្ពុជា ក៏​សម្រេច​ចិត្ត​ប្រថុយ​ផ្សងព្រេង​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេសជិតខាង​នេះ ហើយ​យូរៗ​ម្តង​ទើបបាន​ទៅលេង​ក្រុម​គ្រួសារ​នៅឯ​ស្រុក​កំណើត ព្រោះ​ត្រូវ​ខិតខំ​ធ្វើការ​សន្សំ​លុយ​ដែល​រហូត​មក​ដល់​ពេល​នេះ លោក​បាន​សងបំណុល​គេ​រួច​ហើយ​។ ពលករ​វ័យ​៤០​ឆ្នាំ​ប្លាយ​រូប​នេះ បន្ត​ថា បើ​មាន​ការងារ​ធ្វើ​នៅ​កម្ពុជា លោក​មិន​ចាក​ចេញពី​ភូមិ​កំណើត​ទេ៖ «ខ្ញុំ​គ្មាន​ដើមទុន​រកស៊ី​ក៏​ចងការ​លុយ​គេ​មក​រក​ស៊ី​នៅ​ឯ​ថៃ​នេះ ហើយ​ដោះ​គេ​រួច​ហើយក៏​នៅ​ជាប់​តែ​នឹង​ថៃ​នេះ បាន​ជាប់​ប្រពន្ធ​ថៃ​នេះ។ ឱ្យ​តែ​មាន​ការងារ​នៅ​ខ្មែរ ដែល​អាច​ធ្វើ​ឱ្យ​មាន​ជីវភាព​រស់នៅ​គ្រប់គ្រាន់​មិន​ចាំបាច់​មក​ធ្វើការ​នៅ​ថៃ​ទេ»

កាលពី​ថ្ងៃទី​១០ ខែឧសភា ពលករ​ខ្មែរ​ទាំង​៦​នាក់​នោះ​បាន​រៀបចំ​សម្ភារៈ​ឡើង​ទូក រួមមាន​អង្ករ ប្រេងម៉ាស៊ូត ប៊ីដុង​សម្រាប់​ដាក់​ក្លាសសេ​ត្រី​រាប់​រយ​ប៊ីដុង និង​ឧបករណ៍​ជាច្រើន​ផ្សេងទៀត​នៅ​លើ​ទូក​ដែល​ចត​នៅ​ច្រាំង​សមុទ្រ ក្នុង​តំបន់​បាង​យ៉ាផេក ស្រុក​មឿង ខេត្ត​សមុទ្រសាខន (Samutsakorn) ដើម្បី​ត្រៀម​ចេញដំណើរ​ទៅ​សមុទ្រ​ជាប់​ប្រទេស​ម៉ាឡេស៊ី។

ទូក​នេសាទ​ដែល​ពលករ​ខ្មែរ​មួយ​ក្រុម​នេះ​ធ្វើការ មិនមែន​ជា​ទូក​សម្រាប់​ចាប់​ត្រី​ផ្ទាល់​ពី​សមុទ្រ​នោះ​ទេ ប៉ុន្តែ​ជា​ទូក​សម្រាប់​ប្រមូល​ទិញ​ផល​នេសាទ​ពី​ទូក​នេសាទ​ផ្សេង​ទៀត។

លោក ចាន់ សុផល រៀបរាប់​ថា ទូក​របស់​លោក​ត្រូវ​ចំណាយ​ពេល​ធ្វើដំណើរ​ជាច្រើន​ថ្ងៃ​ទើប​ដល់​គោលដៅ ហើយ​ត្រូវ​ដេក​រង់ចាំ​ទូក​នាំ​ទិន្នផល​នេសាទ​មក​ប្រគល់​ឱ្យ​ជាច្រើន​ថ្ងៃ​ទៀត។

សម្ភារៈ​ដែល​ពួកគេ​ជញ្ជូន​ដាក់​លើ​ទូក​ដែល​មាន​ចំណុះ​រាប់​សិប​តោន និង​មាន​កម្ពស់​២​ជាន់​នោះ គឺ​មួយ​ចំនួន​សម្រាប់​ប្រើប្រាស់​ក្នុង​ពេល​ធ្វើដំណើរ និង​មួយ​ចំនួន​ទៀត​ជា​បញ្ញើ​របស់​អ្នកនេសាទ​នៅ​ដែន​សមុទ្រ​ប្រទេស​ម៉ាឡេស៊ី។ លោក​ថា ជើង​នេះ​ទូក​នេសាទ​របស់​ពួកគេ​ត្រូវ​ចេញដំណើរ​នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ហើយ​ចំណាយ​ពេល​ប្រមាណ​១​ខែ ទើប​ត្រឡប់​មកដល់​ដីគោក​នៅ​ខេត្ត​សាមុទ្រសាខន​វិញ៖ «ផ្ញើ​ទៅ​ឱ្យ​គេ​នៅ​លើ​ទូក​ឯណោះ​ខ្លះ ខ្លួនឯង​ខ្លះ​ព្រោះ​អី​គេ​ផ្តាំ​ទិញ​ផ្ញើ​ទៅ​ឱ្យ​គេ​។ ទៅ​ច្រើន​ថ្ងៃ​ចង់​មួយ​ខែ​។ ធ្វើ​នៅ​ទី​នេះ​គ្មាន​អ្វី​ដែល​សំខាន់​ទេ គ្រាន់​ដើរ​ស្វាន​ត្រី​យក​ដាក់​ក្នុង​ហង់ (បន្ទប់) ហើយ​ដល់​ពេញ​អស់​យើង​ដាក់​ទឹកកក​រួច​បិទ​រួច​ហើយក៏​ត្រឡប់មកវិញ ហើយ​ប្រហែល​៧​ថ្ងៃនេះ​គឺ យើង​មាន​ធ្វើ​អី​ទេ គឺ​យើង​សម្រាក​រហូត​នៅ​លើ​ទូក ពេល​មក​ដល់​ប្រទេស​ថៃ ក៏​ចាប់ផ្ដើម​ធ្វើការ​មួយថ្ងៃ​តាំង​ពី​ព្រឹក​រហូត​យប់​តែម្ដង»

ពលករ​រូប​នេះ មាន​ប្រពន្ធ​ជា​ជនជាតិ​ថៃ និង​បាន​រស់នៅ​ជាមួយគ្នា​ជិត​១០​ឆ្នាំ​ហើយ ប៉ុន្តែ​មិនទាន់​មាន​កូន​ទុកជា​ចំណងដៃ​នៅឡើយ​ទេ​។

ទោះជា​យ៉ាងណា​ក៏​ដោយ​ចុះ លោក​នៅតែ​ចង់​ធ្វើការ​រស់នៅ​នៅ​ប្រទេស​ថៃ​ជាមួយ​ប្រពន្ធ​ដោយ​មិន​ចង់​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​ទេ ព្រោះ​គ្មាន​ការងារ​ធ្វើ ។​

ចំណែក​ពលករ​ម្នាក់ទៀត គឺ​លោក ជា ខន ប្រាប់​អាស៊ីសេរី​ថា លោក​ធ្វើការ​នៅ​លើ​ទូក​នេសាទ​ថៃ​ជិត​២០​ឆ្នាំ​ហើយ​ដែរ គឺ​តាំងតែ​ពី​លោក​មាន​អាយុ​១៦​ឆ្នាំ មកទល់​សព្វថ្ងៃ​លោក​អាយុ​៣៥​ឆ្នាំ​ហើយ​។

លោក ជា ខន (រូប​ជួរ​មុខ​ស្ដាំដៃ) ពលករ​លើ​ទូក​នេសាទ​ថៃ​មកពី​ខេត្ត​កំពង់ធំ និង​ពលករ​រួម​ការងារ លើ​ទូកនេសាទ​ថៃ ក្នុង​ខេត្ត​សាមុតសាខន។ រូបថត​ថ្ងៃ​ទី១០ ឧសភា ២០១៩។
លោក ជា ខន (រូប​ជួរ​មុខ​ស្ដាំដៃ) ពលករ​លើ​ទូក​នេសាទ​ថៃ​មកពី​ខេត្ត​កំពង់ធំ និង​ពលករ​រួម​ការងារ លើ​ទូកនេសាទ​ថៃ ក្នុង​ខេត្ត​សាមុតសាខន។ រូបថត​ថ្ងៃ​ទី១០ ឧសភា ២០១៩។ RFA/Jeevita

ជា​ពលករ​លើ​ទូក​នេសាទ​ថៃ​មកពី​ខេត្ត​កំពង់ធំ លោក ជា ខន និយាយ​ថា លោក​រក​ប្រាក់​មិនទាន់​គ្រប់គ្រាន់​សម្រាប់​យក​ទៅ​ធ្វើ​ដើមទុន​នៅ​ស្រុកកំណើត​នៅឡើយ​ទេ​។ ទោះជា​យ៉ាងណា ដោយ​ការ​ខិតខំ​ធ្វើការ​មិន​ខ្លាច​នឿយហត់ និង​ការ​សន្សំសំចៃ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ លោក​អាច​មាន​លទ្ធភាព​រៀប​អាពាហ៍ពិពាហ៍ និង​សង់ផ្ទះ​បាន​មួយ​ខ្នង៖ «តាំងពី​ខ្ញុំ​ចុះទូក​មក​ខ្ញុំ​ទៅផ្ទះ​វិញ​ខ្ញុំ​បាន​ប្រាក់​ធ្វើ​ផ្ទះ​ហើយ​ការ​ប្រពន្ធ​រួច​បាន​នាំ​ប្រពន្ធ​មក​រក​ស៊ី​នៅ​ថៃ​វិញ ហើយ​ថ្មីៗ​នេះ​ខ្ញុំ​ទៅផ្ទះ​ទិញ​ដី​ទុក​សម្រាប់​ឱ្យ​កូន​ខ្ញុំ​បាន​១​ប្លង់ ២​ប្លង់​ដែរ​ព្រោះ​ដីស្រែ​ដី​អី​របស់​ខ្ញុំគេ​យក​អស់ហើយ គេ​ថា​យក​ចែក​ឱ្យ​អ្នក​ក្រីក្រ​។ គេ​ឈូស​ឆាយ​ដី​របស់ខ្ញុំ​អស់ មិន​មាន​ធ្វើស្រែ​ធ្វើ​អី​នឹង​គេ​ឯណា​កើត អ៊ីចឹង​ក៏​រត់​ទៅ​ធ្វើការ​នៅ​ថៃ»

លោក ជា ខន ប្រាប់ថា ការ​ចុះ​ទូក​ជើង​នេះ​លោក​មិនបាន​ចុះទៅ​ជាមួយ​ពលករ​ដទៃ​ទេ ព្រោះ​ត្រូវ​នៅ​មើល​ថែទាំ​ប្រពន្ធ​ពោះ​ធំ​ជិត​ដល់​ថ្ងៃ​សម្រាលកូន​ហើយ​។ ពលករ​សម្បុរ​ខ្មៅ​រាងក្រអាញ​រូប​នេះ​បន្ត​ថា កន្លងទៅ​នៅ​ពេល​ចុះទូក​ម្ដងៗ លោក​តែង​ព្រួយបារម្ភ​ខ្លាំង ព្រោះ​ទុក​ប្រពន្ធ​មាន​ផ្ទៃពោះ​នៅ​បន្ទប់​ជួល​ក្នុង​ខេត្ត​សាមុទ្រសាខន ម្នាក់ឯង ព្រោះ​ត្រូវ​ធ្វើដំណើរ​ជាច្រើន​សប្ដាហ៍​នៅ​លើ​ផ្ទៃ​សមុទ្រ ដែល​មិន​អាច​យកប្រពន្ធ​ទៅជា​មួយ​បាន៖ «ចេញ​ទូក​ទៅ​បែក​គ្នា ១​ខែ ឬ​១​ខែ​ជាង​ទើប​ជួប​គ្នា​ម្ដង​។ ជួប​គ្នា​បាន​១​អាទិត្យ ឬ​១​អាទិត្យ​ជាង ក៏​ចេញទៅ​បែក​គ្នា​សា​ថ្មី​ទៀត​។ ពេល​ធ្វើការ​ម្តងៗ​នឹករលឹក​ដល់​ការរស់នៅ​ជាមួយ​ប្រពន្ធ​កូន ប៉ុន្តែ​ធ្វើ​ម៉េច បើ​ដោយសារតែ​ភាព​ក្រីក្រ​ហើយ។ ទូក​គឺ​ចុះ​រហូត​ទៅ​ដល់​ច្រាំង​ប្រទេស​ម៉ាឡេស៊ី​ណា​បង»

ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​ចុះ​ទូក​នេសាទ ពេល​ដែល​ទូក​ចត​នៅ​ច្រាំង​សមុទ្រ ក្នុង​តំបន់​បាងយ៉ាផេក ស្រុក​មឿង ខេត្ត​សមុទ្រសាខន (Samutsakorn) ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី១០ ខែ​ឧសភា ឆ្នាំ​២០១៩។
ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​ចុះ​ទូក​នេសាទ ពេល​ដែល​ទូក​ចត​នៅ​ច្រាំង​សមុទ្រ ក្នុង​តំបន់​បាងយ៉ាផេក ស្រុក​មឿង ខេត្ត​សមុទ្រសាខន (Samutsakorn) ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី១០ ខែ​ឧសភា ឆ្នាំ​២០១៩។ RFA/Jeevita

ទោះជា​យ៉ាងណា ពលករ​រូប​នេះ​បន្ត​ថា ពួកគាត់​សំណាង​ណាស់​ដែល​បាន​ថៅកែ​ជនជាតិ​ថៃ​មិន​ធ្វើបាប​ពលករ​ខ្មែរ​ដូច​នៅ​កន្លែង​ផ្សេងៗ​ទេ ។ ការ​ប្រឈម​ខ្លាំង​របស់​ពួកគាត់ គឺ​លំបាក​ត្រង់​ធ្វើការ​នៅ​ឆ្ងាយ​ពី​គ្រួសារ​។ លោក​ថា នឹង​ខំ​ធ្វើ​ការ​សន្សំ​ប្រាក់​មួយ​រយៈ​ទៀត​ដើម្បី​ធ្វើ​ដើមទុន ហើយ​នាំ​ប្រពន្ធ​កូន​ត្រឡប់​ទៅ​រស់នៅ​ស្រុកកំណើត​វិញ ព្រោះ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ​ហត់នឿយ​ខ្លាំង មិន​មាន​សេរីភាព​ពេញលេញ និង​ខ្វះ​ភាព​កក់ក្ដៅ​ពី​បងប្អូន​ញាតិសន្ដាន​នៅ​ស្រុក​ខ្មែរ​ទៀត​ផង។

មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ លោក ចាន់ វិសាល ប្រាប់​អាស៊ីសេរី​ថា កន្លងមក​ខាង​ស្ថានទូត​បាន​ជួយ​ពលករ​ខ្មែរ​ធ្វើការ​នៅ​លើ​ទូក​នេសាទ​ថៃ​ជាច្រើន​ករណី​ដែល​រងគ្រោះ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​មាន​ករណី​បែប​ណាខ្លះ​ដែល​ពួកគេ​ជួបប្រទះ​នោះ​ទេ៖ «សាច់រឿង​វា​មាន​ជា​ករណីៗ​បង អីចឹង​ទាល់តែ​ខ្ញុំ​ទៅ​មើល​តើ​សាច់រឿង​វា​យ៉ាង​មិច​ខ្លះ ធម្មតា​យើង​ដោះស្រាយ​មាន​ទាំងអស់​នឹង​បង​ណាស់»

ប្រធាន​មូលនិធិ​បណ្ដាញ​លើក​កម្ពស់​គុណភាព​ជីវិត​ពលករ​ហៅ​កាត់​(LPN) ប្រចាំ​នៅ​ខេត្ត​សាមុទ្រសាខន ប្រទេស​ថៃ លោក សំផុង ស្រះកែវ (Sompong Srakaew) មាន​ប្រសាសន៍ថា កន្លងទៅ​អង្គការ​របស់​លោក​ក៏​ធ្លាប់​បាន​សហការ​ជាមួយ​ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​ថៃ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពលករ​ខ្មែរ​មួយ​ចំនួន​ដែរ​។

ប្រធាន​មូលនិធិ​បណ្ដាញ​លើក​កម្ពស់​គុណភាព​ជីវិត​ពលករ​ហៅ​កាត់​(LPN) ប្រចាំ​នៅ​ខេត្ត​សាមុទ្រសាខន ប្រទេស​ថៃ លោក សំផុង ស្រះកែវ (Sompong Srakaew) (ស្ដាំ) និង​អ្នកបកប្រែ ផ្ដល់​បទ​សម្ភាសន៍​ដល់​អាស៊ិសេរី នៅ​ខែ​ឧសភា ឆ្នាំ​២០១៩។
ប្រធាន​មូលនិធិ​បណ្ដាញ​លើក​កម្ពស់​គុណភាព​ជីវិត​ពលករ​ហៅ​កាត់​(LPN) ប្រចាំ​នៅ​ខេត្ត​សាមុទ្រសាខន ប្រទេស​ថៃ លោក សំផុង ស្រះកែវ (Sompong Srakaew) (ស្ដាំ) និង​អ្នកបកប្រែ ផ្ដល់​បទ​សម្ភាសន៍​ដល់​អាស៊ិសេរី នៅ​ខែ​ឧសភា ឆ្នាំ​២០១៩។ RFA/Jeevita

លោក​ថា ពលករ​ខ្មែរ​ភាគច្រើន​ជួបប្រទះ​បញ្ហា ថៅកែ​រំលោភ​សិទ្ធិ​ការងារ មិន​បើក​ប្រាក់ខែ​ឱ្យ បង្ខំ​ឱ្យ​ធ្វើ​ការងារ​លើស​ម៉ោង បញ្ហា​លិខិតឆ្លងដែន ឬ​បញ្ហា​ក្រដាស​ស្នាម ជាដើម។ ប៉ុន្តែ​លោក សំផុង ស្រះកែវ ប្រាប់​អាស៊ីសេរី​តាមរយៈ​អ្នកបកប្រែ​ថា ពលករ​ខ្មែរ​ជាទូទៅ មិន​ហ៊ាន​ប្ដឹង​ទៅ​សមត្ថកិច្ច​ថៃ ឬ​ទៅ​រក​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ឱ្យ​ជួយ​រក​យុត្តិធម៌​ដល់​ពួកគេ​នោះ​ទេ ព្រោះ​ខ្លាច​បាត់បង់​ការងារ​ធ្វើ ខ្លាច​មាន​បញ្ហា​ដល់​ខ្លួន ដូច្នេះ​ច្រើន​រត់ចោល​បញ្ហា ដូចជា​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជាដើម៖ «នេះ​ជា​បញ្ហា​មួយ​ដែល​ធ្វើ​ឱ្យ​បងប្អូន​យើង​គឺ​មិន​ទទួល​បាន​យុត្តិធម៌​សម្រាប់​ខ្លួនឯង អីចឹង​គាត់​មក​ធ្វើការ​ខាត​ទាំង​ពេលវេលា​ខាត​ទាំង​កម្លាំង​ហើយ ខាត​ទាំង​ថវិកា ចុង​ក្រោយ​គាត់​មាន​បំណុល​នៅ​ស្រុក​ខ្មែរ​ធ្វើការ​អត់​បាន​កម្រៃ​ហើយ​ទៅវិញ​ដៃ​ទទេ បំណុល​នៅ​ដដែល នេះ​ជា​បញ្ហា​មួយ​សម្រាប់​ពលករ​ខ្មែរ។ ហើយ​មួយទៀត​ពួកគាត់​ភាគច្រើន​អត់​ដឹង​ថា មាន​អង្គការ​ចាំ​ជួយ​ពួកគាត់ ហើយ​ជាទូទៅ​អង្គការ​ដែល​ធ្វើការ​សម្រាប់​ជួយ​ពលករ​ខ្មែរ​នៅ​ថៃ​ក៏​មាន​តិច​ទៅទៀត»

លោក​បញ្ជាក់​ថា ប្រសិនបើ​ពលករ​ខ្មែរ​ណា​ម្នាក់​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ ត្រូវ​បាន​ថៅកែ ឬ​ជន​ណា​ធ្វើបាប ដូចជា​រង​ការ​រំលោភបំពាន​សិទ្ធិ​ការងារ ការ​ជួញដូរ​ផ្លូវ​ភេទ ឬ​ការ​កេង​ប្រវ័ញ្ច​តាម​ប្រការ​ណាមួយ ពួកគេ​មាន​សិទ្ធិ​អាច​សុំ​ជំនួយ​ផ្នែក​ច្បាប់​ពី​អង្គការ​មូលនិធិ​បណ្ដាញ​លើក​កម្ពស់​គុណភាព​ជីវិត​ពលករ ហៅ​កាត់​អេលភីអេន (LPN) របស់​លោក តាមរយៈ​លេខ​ទូរស័ព្ទ ០៨៧ ៧៧ ០៧ ៥១៧ , ០៨៩ ៤២ ២៤ ២១៣ និង​០៨៦ ១៦ ៣១ ៣៩០។

ទិន្នន័យ​របស់​រដ្ឋាភិបាល​ថៃ​បង្ហាញ​ថា ពលករ​ចំណាកស្រុក​កម្ពុជា ឡាវ និង​ភូមា​ដែល​បាន​ចុះឈ្មោះ​រួចរាល់​គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០១៧ មាន​ចំនួន​ជិត ២​លាន​នាក់ (,៧២៦,៤១៥) ក្នុង​នោះ​ពលករ​ជិត​៥​ម៉ឺន​នាក់​(៥០.០០០) ចុះ​ឈ្មោះ​ធ្វើការ​ក្នុង​ឧស្សាហកម្ម​នេសាទ។

ទោះយ៉ាងណា ក្រុម​ពលករ​ខ្មែរ​ទាំង​៥​នាក់​នឹង​ត្រឡប់​មក​ច្រាំង​សមុទ្រ​នៅ​ខេត្ត​សមុទ្រសាខន ជាប់​ទីក្រុង​បាងកក ប្រទេស​ថៃ​វិញ នៅ​ក្នុង​ខែ​មិថុនា គឺ​បន្ទាប់ពី​ប្រមូល​ទិញ​ផល​នេសាទ​បាន​គ្រប់​ចំនួន​នៅ​កណ្ដាល​សមុទ្រ​ជាប់​ដែនទឹក​ប្រទេស​ម៉ាឡេស៊ី។

ប៉ុន្តែ​ពួកគេ​ធ្វើ​ការ​មិន​ហ៊ាន​ឈប់សម្រាក​ទេ ព្រោះ​ប្រសិនបើ​សម្រាក​មិនបាន​ប្រាក់​ឈ្នួល​ឡើយ ដូច្នេះ​នៅ​ពេល​ទូក​ទៅដល់​ដីគោក​ប្រមាណ​៧​ថ្ងៃ ពួកគេ​នឹង​ចេញទៅ​ដឹក​ទិន្នផល​នេសាទ​នៅ​កណ្ដាល​សមុទ្រ​ជា​បន្តបន្ទាប់​ទៀត។ ចំណែក​ពលករ ជា ខន ដែល​មិនបាន​ចុះទូក​ជើង​នេះ​ដោយសារតែ​ប្រពន្ធ​ជិត​សម្រាល​កូន​នោះ រំពឹង​ថា​នឹង​ក្លាយ​ជា​ឪពុក​គេ​នៅ​ក្នុង​ខែ​ឧសភា​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល