កម្មកររោងសិប្បកម្មតម្បាញ ហុង ស៊ីង (Hong Xing) នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ឱ្យដឹងថា ការតវ៉ា ២សប្ដាហ៍មកនេះ មិនទាន់មានដំណោះស្រាយនៅឡើយទេ ដោយសារភាគីថៅកែរោងចក្រ និងជនជាតិចិន ដែលក្រសួងការងារ បានចេញលិខិតកោះហៅជាបន្តបន្ទាប់ មិនព្រមចូលខ្លួន។
កម្មការិនីម្នាក់ លោកស្រី តេង ស្រីមុំ ឱ្យដឹងថា មន្ត្រីក្រសួងការងារ បានមកជួបកម្មករនៅកន្លែងតវ៉ា ម្ដងទៀត កាលពីថ្ងៃទី២០ ធ្នូ ដោយប្រាប់ថា ថៅកែជនជាតិចិនម្នាក់ និងជនជាតិចិន២នាក់ទៀត ធ្លាប់មានវត្តមាននៅសិប្បកម្ម មិនបានចូលខ្លួន តាមការកោះហៅទេ ដូច្នេះក្រសួងនឹងបន្តចំណាត់ការនៅថ្ងៃអង្គារ ទី២៤ តទៀត។ ទោះជាយ៉ាងណា លោកស្រីបញ្ជាក់ថា ក្រសួងមិនបានប្រាប់ថា នឹងមានចំណាត់ការអ្វីឡើយ។ កម្មការិនីរូបនេះ បន្តថា កម្មករ គ្មានជម្រើសអ្វី ក្រៅពីនាំគ្នាតវ៉ា និងបណ្ដាក់គ្នាដេកលើចិញ្ចើមផ្លូវ យាមឥវ៉ាន់ នៅមុខសិប្បកម្មបន្តទៀតនោះឡើយ។
លោកស្រី ប្រាប់ថា មកដល់ពេលនេះ កម្មករហាក់អស់សង្ឃឹមនឹងក្រសួងការងារបណ្ដើរៗហើយ ព្រោះតែថៅកែរត់ចោលសិប្បកម្មជាងកន្លះខែហើយ នៅមិនទាន់រកដំណោះស្រាយឱ្យកម្មករបានទៀត។ លោកស្រី តេង ស្រីមុំ បញ្ជាក់ថា មកដល់ពេលនេះ ជីវភាពរបស់កម្មករចាប់ផ្ដើមជួបបញ្ហាលំបាកខ្លាំងហើយ។ លោកស្រី ទទូចសុំឱ្យក្រសួងការងារ ឆាប់មានដំណោះស្រាយឱ្យកម្មករ។
កម្មករអះអាងថា សិប្បកម្មតម្បាញ ហុង ស៊ីង នៅខណ្ឌមានជ័យ ជាសាខានៃរោងចក្រ អឹម.វី (MV) នៅខេត្តកំពង់ឆ្នាំង ហើយសិប្បកម្មនេះ មានកម្មករសរុប ១៩០នាក់។ កម្មករទាំងអស់ បានប្រមូលផ្ដុំគ្នាតវ៉ា និងដេកយាមលើចិញ្ចើមផ្លូវមុខរោងសិប្បកម្ម ទាំងថ្ងៃទាំងយប់ តាំងពីថ្ងៃទី៩ ធ្នូ មក ដោយសារ ថៅកែជនជាតិចិន បានចាក់សោទ្វាររបងសិប្បកម្មទុកចោល ដោយមិនដឹងទៅណា និងមិនបានបើកប្រាក់ឈ្នួលឱ្យគ្រប់ចំនួន មិនទាន់បានទូទាត់ប្រាក់សំណងអតីតភាព ប្រាក់បំណាច់ និងអត្ថប្រយោជន៍ផ្សេងទៀតនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
