លោក ហ៊ុន សែន បញ្ជា​ឲ្យ​ដំឡើង​ពន្ធ​ប្រថាប់​ត្រា​​លើ​​តម្លៃ​ដី​ធ្លី

លោក ហ៊ុន សែន មេដឹកនាំ​ចាំ​ផ្ទះ នៃ​របប​ក្រុង​ភ្នំពេញ បញ្ជា​ឲ្យ​តម្លើង​ពន្ធ​ប្រថាប់ត្រា លើ​តម្លៃ​លក់​ដី និង​ផ្ទះ​ឡើង​វិញ។ លោក ហ៊ុន សែន ថា ការ​តម្លើង​ពន្ធ​ដី ធ្វើ​ឡើង​ដើម្បី​ទាន់​នឹង​ឡើង​ថ្លៃ​ដី។ អ្នក​ជំនាញ​សេដ្ឋកិច្ច​យល់​ថា ពលរដ្ឋ​ពិត​ជា មិន​ចង់​ឲ្យ​មាន​ការ​តម្លើង​ពន្ធ​ដី​ទេ តែ​ប្រសិន​បើ​របប​ក្រុង​ភ្នំពេញ មិន​អាច​ជៀស​ពី​ការ​តម្លើង​ពន្ធ​នេះ​បាន​មែន គួរ​ដំឡើង​ក្នុង​អត្រា​តិចតួច កុំ​ឲ្យ​ហួស​ទី​ផ្សារ។

លោក ហ៊ុន សែន ក្រើន​រំលឹក​ឲ្យ​អគ្គនាយក​ពន្ធដារ លោក គង់ វិបុល ដែល​កំពុង​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នៅ​ប្រទេស​អូស្រ្តាលី​នោះ​ឲ្យ​ដំឡើង​ពន្ធ​ប្រថាប់​ត្រា​លើ​ការ​លក់​ដី និង​ផ្ទះ​ដោយ​សារ​តម្លៃ​អចលនវត្ថុ​កំពុង​មាន​តម្លៃ៖ «»

គេហទំព័រ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ចុះ​ផ្សាយ​ថា ពន្ធ​ប្រថាប់​ត្រា ត្រូវ​បង់​ដោយ​អ្នក​ទទួល​កម្មសិទ្ធិ ទទួល​សិទ្ធិ​កាន់កាប់​ដី​ធ្លី ដែល​គ្មាន​សំណង់ គិត​ជា​សមាមាត្រ លើ​តម្លៃ​ពិត​ប្រាកដ​នៃ​ទ្រព្យ​សម្បត្តិ​នា​ថ្ងៃ​ផ្ទេរ​កម្មសិទ្ធិ និង​សិទ្ធិ​កាន់កាប់។ ប៉ុន្តែ​ដើម្បី​ឱ្យ​មាន​ភាពងាយ​ស្រួល រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​អាច​កំណត់​តម្លៃ​សម្រាប់​រយៈ​កាល​នីមួយៗ ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​សម្រាប់​ការ​គិតគូរ​ប្រាក់​ពន្ធ​ដែល​ត្រូវ​បង់។

បច្ចុប្បន្ន ពន្ធ​ប្រថាប់​ត្រា ចំពោះ​ការ​ផ្ទេរ​កម្មសិទ្ធិ​អចលនទ្រព្យ ឬ​ការ​ផ្ទេរ​សិទ្ធិ​កាន់កាប់​ដី ដែល​គ្មាន​សំណង់ ក្រោម​រូបភាព​ជា​ការ​លក់ ការ​ដោះដូរ ការ​ទទួល​អំណោយ ការ​ដាក់​ភាគ​ទុន​ក្រុមហ៊ុន ត្រូវ​បាន​កំណត់​ក្នុង​អត្រា ៤% (ភាគ​រយ)។

ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន​ពិគ្រោះ​យោបល់ (EMC) លោក ង៉ែត ជូ ពន្យល់​ថា អត្រា ៤​ភាគ​រយ​នេះ គឺ​ជា​ការ​កំណត់​តម្លៃ​ដី​នៅ​តាម​តំបន់​នីមួយៗ។ លោក​ថា​បច្ចុប្បន្ន តម្លៃ​ពន្ធ​ប្រថាប់​ត្រា​លើ​តម្លៃ​ដី និង​តម្លៃ​ផ្ទះ ត្រូវ​បាន​កំណត់​តាម​តំបន់​នីមួយៗ ដូច​ជា​ដី​ស្រែ ឬ​ដី​ផ្ទះ ជាប់​ផ្លូវ​ធំ​ជា​ដើម តែងតែ​មាន​តម្លៃ​ពន្ធ​ខុស​គ្នា។ លោក ង៉ែត ជូ យល់​ថា ការ​តម្លើង​ពន្ធ​ប្រថាប់​ត្រា​លើ​តម្លៃ​ដី និង​ផ្ទះ ជា​ការ​ល្អ ប៉ុន្ដែ​ត្រូវ​កុំ​ដំឡើង​ថ្លៃ​ពន្ធ​ខ្ពស់​តាម​ដី​តម្លៃ​ដី​ពេក ព្រោះ​ដី​ខ្លះ បាន​ឡើង​ថ្លៃតៗ គ្នា គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ទេ។ ម្យ៉ាង​លោក​ថា តម្លៃ​ពន្ធ​ប្រថាប់​ត្រា នៅ​តំបន់​ខ្លះ មិន​បាន​ចូល​រដ្ឋ​ទាំង​អស់​ទេ ព្រោះ​មាន​ការ​កិបកេង ទើប​ធ្វើ​ឲ្យ​បាត់​ពន្ធ​ប្រថាប់​ត្រា៖ «»

អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ លោក គង់ វិបុល បាន​ទេ នៅ​ថ្ងៃ​ទី១៥ សីហា ជុំវិញ​ការ​បញ្ជា​ឲ្យ​តម្លើង​ពន្ធ​ប្រថាប់​ត្រា​លើ​តម្លៃ​ដី​ធ្លី។

ការ​បញ្ជា​ឲ្យ​ពន្ធដារ​ដំឡើង​ថ្លៃ​ពន្ធ​ប្រថាប់​ត្រា​នេះ គឺ​ស្រប​ពេល ដែល​អ្នក​ប្រជាធិបតេយ្យ​និយម កំពុង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទូទាំង​ពិភព​លោក ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ និង​ដាក់​ទណ្ឌកម្ម ហ៊ុំ​ព័ទ្ធ​សេដ្ឋកិច្ច​របប​ក្រុង​ភ្នំពេញ។

សមាជិក​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង កញ្ញា លី ស្រីស្រស់ យល់​ថា ប្រសិន​បើ​ពន្ធដារ​ដំឡើង​ថ្លៃ​តិចតួច គឺ​របប​ក្រុង​ភ្នំពេញ ចង់​ចំណេញ​ថវិកា​ចូល​រដ្ឋ តាម​រយៈ​សកម្មភាព​ទិញ​លក់​ដី​ដែល​កំពុង​រីក​ដុះដាល ។ ប៉ុន្ដែ ប្រសិន​បើ​មាន​ការ​ដំឡើង​ថ្លៃ​ពន្ធ​ច្រើន ដែល​អាច​លើស​ពី ៨​ភាគ​រយ គឺ​របប​ក្រុង​ភ្នំពេញ អាច​កំពុង​ខ្វះខាត​ថវិកា​ជាតិ ហើយ​ត្រូវ​ដំឡើង​ថ្លៃ​ពន្ធ​ផ្សេងៗ ដើម្បី​ជួយ​ដល់​ដំណើរ​ការ​ក្បាល​ម៉ាស៊ីន​ថ្មី នៃ​របប​ក្រុង​ភ្នំពេញ៖ «»

យ៉ាង​ណា​ក្ដី អ្នក​វិភាគ​រូប​នេះ​ពន្យល់​ថា របប​ក្រុង​ភ្នំពេញ នឹង​មិន​អាច​រស់​ដោយ​ខ្លួន​ឯង ឬ​ដោយ​គ្រាន់​តែ​ពឹង​ពាក់​ចិន ឬ​ប្រទេស​មួយ​ចំនួន​ក្នុង​អាស៊ាន ដោយ​មិន​ពឹង​ពាក់​លើ​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ដូច​ការ​អះអាង​របស់​មន្ត្រី​របប​ក្រុង​ភ្នំពេញ​ទេ។ កញ្ញា លី ស្រីស្រស់ បន្ថែម​ថា ប្រសិន​បើ​ពិត​ជា​មាន​ការ​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ (EBA) និង​ការ​ហ៊ុំព័ទ្ធ​ទណ្ឌកម្ម​សេដ្ឋកិច្ច​មែន បើ​ទោះ​ជា​របប​ក្រុង​ភ្នំពេញ ខិតខំ​ដំឡើង​ពន្ធ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស ក៏​មិន​អាច​ទៅ​រួច​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។