កម្ពុជា​និង​ឥណ្ឌា​បញ្ជូន​ពលរដ្ឋ និង​និស្សិត​ដែល​ជាប់​គាំង​ដោយ​សារ​ជំងឺ​កូវីដ​មក​ប្រទេស​វិញ

ដោយ ខែ សុណង
2020-06-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួប​លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណារិន្ត្រា មូឌី (Narendra Modi)។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួប​លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណារិន្ត្រា មូឌី (Narendra Modi)។
Photo of SPM Facebook page

កម្ពុជា​និង​ឥណ្ឌា កំពុង​បញ្ជូន​ពលរដ្ឋ និង​និស្សិត​ដែល​ជាប់​គាំង​នៅ​ក្នុង​ប្រទេស​ទាំងពីរ​ឱ្យ​បាន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ក្នុង​វិបត្តិ​ជំងឺ​កូវីដ-១៩។ ការ​សម្រេច​នេះ​ក្រោយ​ជំនួប​តាម​ទូរស័ព្ទ​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) កាលពី​ថ្ងៃ​ទី​១០ មិថុនា​។ ក្នុង​កិច្ច​ពិភាក្សា​គ្នា​នេះ ភាគី​ទាំង​២​សន្យា​សម្រួលការ​ធ្វើដំណើរ​របស់​ពលរដ្ឋ និង​និស្សិត​ដែល​ជាប់​គាំង​នៅ​ក្នុង​ប្រទេស​ទាំងពីរ ក្នុង​វិបត្តិ​ជំងឺ​កូវីដ-១៩ ឱ្យ​បាន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។

នៅ​ថ្ងៃ​ទី​១១ មិថុនា ម្សិលមិញ ពលរដ្ឋ​ឥណ្ឌា​បាន​ត្រលប់​ទៅ​ស្រុក​វិញ​តាម​ជើង​យន្ដហោះ​ទី​១ និង​គ្រោង​ចេញដំណើរ​បន្ត​នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ខាងមុខ ដែល​សរុប​ទាំងអស់​ចំនួន ២៨០​នាក់។ ចំណែក​ពលរដ្ឋ​និង​និស្សិត​ខ្មែរ ចំនួន​៦០​នាក់ ក៏​នឹង​បញ្ជូន​មក​កម្ពុជា​នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា នេះ។

ទាក់ទង​នឹង​ស្ថានភាព ប្រជាពលរដ្ឋ​ខ្មែរ និង​និស្សិត​ដែល​កំពុង​ជាប់​គាំង​ម៉ាឡេស៊ី​វិញ ពួកគាត់​ឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១១ មិថុនា​ថា ពួកគាត់​ក្រុមហ៊ុន​អាកាសចរ​ម៉ាឡេស៊ី អ៊ែរឡាញ (Malaysia Airlines) ដែល​មាន​ការ​សម្របសម្រួល​ពី​ក្រុមការងារ​ស្ថានទូត​ខ្មែរ បាន​តម្រូវ​ឱ្យ​ពួកគាត់​បង់លុយ​ម្នាក់ ១០០​រីងហ្គីត (100RML) ឬ​ប្រមាណ ២៥​ដុល្លារ ទៅ​ឱ្យ​ក្រុមហ៊ុន​ដើម្បី​បាន​សំបុត្រ​ថ្មី​សម្រាប់​ធ្វើដំណើរ​មក​កម្ពុ​ជា​វិញ លើ​ថ្លៃ​សំបុត្រ​ដែល​ពួកគេ​បាន​ទិញ​រួចហើយ​។ ពួកគេ​សង្ឃឹមថា នេះ​ជា​នីតិវិធី​ចុងក្រោយ​ដែល​អាច​ឱ្យ​ពួកគេ​ឆាប់​បាន​វិល​មក​ប្រទេស​កម្ពុជា​វិញ​ឆាប់ៗ​។​

កាលពី​ថ្ងៃ​ទី​៩ មិថុនា ស្ថាន​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​ប្រកាស​ថា ក្រុមការងារ​ស្ថានទូត​កំពុង​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​អាកាសចរ​ម៉ាឡេស៊ី ដើម្បី​រៀបចំ​ជើង​ហោះហើរ​សម្រាប់​អ្នក​ខកដំណើរ​ជាង ១០០​នាក់ ក្នុង​ពេល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ផ្អាក​ដើម្បី​ទប់ស្កាត់ និង​ការពារ​ជំងឺ​កូវីដ-១៩ កាលពី​ថ្ងៃ​ទី​៧ ខែ​មេសា។ ប្រកាស​នេះ​ថា ប្រសិនបើ​មាន​អ្នកដំណើរ​គ្រប់​ចំនួន ក្រុមហ៊ុន​អាកាសចរ ឬ Airlines អាច​ចេញ​បាន​នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា សប្ដាហ៍​ក្រោយ។ ប៉ុន្តែ​ក្រុមហ៊ុន​រក្សា​សិទ្ធិ​ពន្យារពេល​ហោះហើរ​វិញ ប្រសិនបើ​ពុំ​មាន​អ្នកដំណើរ​គ្រប់​ចំនួន​ដើម្បី​អាច​ទូទាត់​ថ្លៃដើម​បាន។ ប្រកាស​របស់​ស្ថានទូត​ដដែល ស្នើ​ឱ្យ​អ្នកដំណើរ​ទាំង ១៤៣​នាក់ ប្រញាប់​ទាក់ទង​ទៅ​ក្រុមហ៊ុន​អាកាសចរ ឬ​ក្រុម​ការងារ​ស្ថានទូត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល