កម្មករ​រោងចក្រ​ចាកាស៊ូ​រាប់​រយ​នាក់​រង​ការ​បញ្ឈប់​ដោយ​ទទួល​បាន​ប្រាក់​សំណង​តិចតួច

0:00 / 0:00

កម្មករ​រោងចក្រ​ដេរ​ស្បែកជើង​ ចាកាស៊ូ (JACKA SHOES) ថា ថៅកែ​រោងចក្រ​បាន​បន្ត​បញ្ឈប់​កម្មករ​ជា​រៀងរាល់ថ្ងៃ ដោយ​គ្មាន​មូលហេតុ និង​ទូទាត់​ប្រាក់​សំណង​មិន​ត្រឹមត្រូវ ឬ​តិចតួច​ឱ្យ​កម្មករ​ប៉ុណ្ណោះ​។ មន្ត្រី​សហជីព​ថា ទង្វើ​បែបនេះ​របស់​ភាគី​ថៅកែ​រោងចក្រ​ជា​ការ​រំលោភច្បាប់​ការងារ និង​ស្នើ​ទៅ​ក្រសួង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍។

កម្មករ​រោងចក្រ​ដេរ​ស្បែកជើង ចាកាស៊ូ (Jacka Shoes) ដែល​ត្រូវ​ថៅកែ​បញ្ឈប់​លើក​ឡើង​ថា ពួកគេ​ធ្វើ​ការងារ​នៅ​រោងចក្រ​មាន​រយៈពេល​ពី​បី​ឆ្នាំទៅ​ប្រាំ​ឆ្នាំ ប៉ុន្តែ​ពេល​ថៅកែ​បញ្ឈប់​ការងារ​ពួកគេ ខាង​រដ្ឋបាល​បាន​ផ្តល់​ប្រាក់​ឱ្យ ពី​ ២០០ ទៅ ៣០០​ដុល្លារ​ប៉ុណ្ណោះ។

កម្មករ​ម្នាក់ លោកស្រី ឃុំ សុខា ប្រាប់​ថា រដ្ឋបាល​រោងចក្រ​បាន​ផ្ដល់​ជម្រើស​ពីរ​ឱ្យ​កម្មករ គឺ​ព្យួរ​ការងារ​ដោយ​មិន​ផ្ដល់​ប្រាក់​ឧបត្ថម្ភ ហើយ​បើ​កម្មករ​មិន​ព្រម​ព្យួរ​ការងារ គឺ​រោងចក្រ​បញ្ឈប់​កម្មករ​ដោយ​ផ្តល់​ប្រាក់​ឈ្នួល​ដែល​គិត​ចំនួន​ថ្ងៃ ដែល​ពួកគេ​បាន​ធ្វើ និង​ប្រាក់​អតីតភាព​តិចតួច​។ លោកស្រី​បន្ត​ថា ទោះ​មានការ​ប្រឆាំង​នឹង​សម្រេច​នេះ​ក៏ដោយ ក៏​ភាគី​ថៅកែ​មិន​ស្ដាប់​ការ​ទាមទារ​របស់​កម្មករ​នោះ​ទេ និង​បាន​បញ្ឈប់​កម្មករ​ជា​រៀងរាល់ថ្ងៃ៖ «ស្នើសុំ​ឱ្យ​ខាង​រោងចក្រ​កុំ​ពេល​ក្នុង​សង្គម​ចលាចល​គាត់​មក​បញ្ឈប់​កម្មករ​មាន​យល់ចិត្ត​ពួក​ថា​ត្រូវការ​លុយ​ត្រូវការ​កាក​បើ​គាត់​បញ្ឈប់​អ៊ីចឹង​ម៉េច​កើត»។

កម្មករ​ម្នាក់ទៀត​កញ្ញា ជុំ មុំ ប្រាប់​ថា ថៅកែ​រោងចក្រ​បាន​ហាម​មិន​ឱ្យ​កម្មករ​អាច​បង្កើត​សហជីព​នៅ​ក្នុង​រោងចក្រ​នេះ​ទេ ហើយ​បើ​គេ​ដឹង​ថា មាន​អ្នក​ណា​ចង់​ធ្វើ​តំណាង​កម្មករ ថៅកែ​នឹង​បញ្ឈប់​កម្មករ​​នោះ​មុនគេ​។ កញ្ញា​បន្ត​ថា ផ្នែក​រដ្ឋបាល​គិត​លុយ​ឱ្យ​កម្មករ​មិន​គ្រប់​ចំនួន​នោះ​ឡើយ និង​បង្ខំ​កម្មករ​ឱ្យ​ផ្ដិត​មេដៃ​លើ​ពាក្យ​លា​ឈប់​។ កញ្ញា​ថា ពេល​នេះ​យ៉ាង​ហោច​ណាស់​មាន​កម្មករ​ប្រមាណ ២០០​នាក់​ត្រូវ​ថៅកែ​បញ្ឈប់៖ «គាត់ ( រោងចក្រ ) មានការ​បញ្ឈប់​រាល់ថ្ងៃ ពេល​ហៅ​បញ្ឈប់​កម្មករ​ហើយ​ប្រហែល​បើក​លុយ​មិន​គ្រប់​កម្មករ​ធ្វើការ​ប្រាំ​ឆ្នាំ ប្រាំមួយ​ឆ្នាំ​បើក​លុយ​បាន​ពីរ ជាង​បី​រយ​ជាង​ដុល្លារ ហើយ​អ្នកខ្លះ​បានតែ​មួយ​ដុល្លារ​ជាង​អី​ហ្នឹង ខាង​រដ្ឋបាល​ចេះតែ​គិតលុយ​និយាយ​អ៊ីចេះ​ និយាយ​​អ៊ីចុះ​​ដាក់​គាត់​ឱ្យ​គាត់​ផ្ដិត​មេដៃ»។

ទាក់ទង​បញ្ហា​នេះ អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​បុគ្គលិក​ផ្នែក​រដ្ឋបាល​នៃ​រោងចក្រ​ចាកាស៊ូ នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា ប៉ុន្តែ ទូរស័ព្ទ​ចូល​ជា​ច្រើនដង​គ្មាន​អ្នក​ទទួល។ ចំណែក​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ ក៏​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ដែរ ដោយ​លោក​មិន​ទទួល​ទូរស័ព្ទ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ថ្លែង​ថា បើ​មាន​ករណី​ដូច​កម្មករ​លើកឡើង នេះ​គឺជា​ការ​រំលោភច្បាប់​ការងារ។ លោក​ថា តាមច្បាប់​នៅ​ពេល​ថៅកែ​បញ្ឈប់​កម្មករ​ដោយ​មិនបាន​ជូនដំណឹង​ជាមុន គឺ​ត្រូវ​ផ្ដល់​ប្រាក់​អត្ថប្រយោជន៍​ទៅតាម​អតីតភាព​របស់​កម្មករ មិនមែន ផ្ដល់​ឱ្យ​តែ​២០០​ទៅ​៣០០​ដុល្លារ​នោះ​ទេ៖ «តាម​ការពិត​ការបញ្ឈប់​កម្មករ​មិន​ជូនដំណឹង​មិន​ទៅតាម​នីតិវិធី​ផ្លូវច្បាប់​ត្រូវ​គិតដល់​បងប្អូន​កម្មករ​ប្រាំ​ចំណុច​មាន​ប្រាក់​ជំងឺ​ចិត្ត ប្រាក់ខែ​ចុងក្រោយ​អីណឹ​ង ហើយ​ពេល​បញ្ឈប់​ឱ្យ​ពួកគាត់​តែ ៣០០​ដុល្លារ ជា​រឿង​មួយ​សមរម្យ​សម្រាប់​បងប្អូន​កម្មករ»។

លោក រ៉ុង ឈុន បន្ត​ថា ដើម្បី​រក​ដំណោះស្រាយ​រឿង​នេះ កម្មករ​គួរ​ស្វែងរក​អន្តរាគមន៍​ពី​មន្ទីរ​ការងារ និង​ក្រសួង​ការងារ ឬ​អាច​ទាក់ទង​ខាង​សហជីព​ណាមួយ​ដើម្បី​ផ្ដល់​ប្រឹក្សា​។

ច្បាប់​ការងារ​ចែងថា ការបញ្ឈប់​កម្មករ​ដែល​មាន​អតីតភាព​ការងារ​ចាប់​ពី ២​ឆ្នាំ ទៅ​៥​ឆ្នាំ ត្រូវ​ជូនដំណឹង​មុន យ៉ាងតិច ១​ខែ អតីតភាព​ការងារ​ពី ៥​ឆ្នាំ ទៅ ១០​ឆ្នាំ ត្រូវ​ជូនដំណឹង​មុន យ៉ាងតិច ២​ខែ។ និយោជក​ត្រូវ​ផ្ដល់​ទៅ​ឱ្យ​កម្មករ​និយោជិក នូវ​ប្រាក់​បំណាច់​បណ្ដេញ​ចេញពី​ការងារ ហើយ​ប្រាក់​បំណាច់​បណ្ដេញ​ចេញ​នេះ​ទៀត​សោត ក៏​ត្រូវ​គិត​ទៅ​តាម​អតីតភាព​ការងារ​របស់​និយោជិក​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។