កម្មកររោងចក្រចូខែម (JOCAM) ជាង១ពាន់នាក់ ផ្ទុះការតវ៉ាបិទផ្លូវ២០០៤ នៅខណ្ឌសែនសុខ ក្រុងភ្នំពេញ ដោយទាមទារឲ្យថៅកែផ្ដល់ប្រាក់អតីតភាព និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតដល់កម្មករ។ ការចេញតវ៉ារបស់កម្មករការិនីរោងចក្រថ្ងៃទី១៤ ធ្នូ នេះ ព្រោះភាគីកម្មករ និងថៅកែរោងចក្រចរចាមិនត្រូវគ្នា ដោយភាគីថៅកែរោងចក្រផ្ដល់ប្រាក់សំណងតិចតួចដល់កម្មករដែលមិនអាចទទួលបាន។
បាតុកម្មតវ៉ារបស់កម្មករ ព្រោះថៅកែរោងចក្ររោងចក្រប្ដូរទៅបើករោងចក្រនៅទីតាំងថ្មីក្នុងខណ្ឌព្រែកព្នៅ ប៉ុន្តែកម្មករមិនព្រមទៅធ្វើការងារទីតាំងថ្មីនោះ និងទាមទារឲ្យថៅកែផ្ដល់ប្រាក់បំណាច់ដល់ពួកគេ។
កម្មករម្នាក់ប្រាប់ថា ក្រុមកម្មករទាមទារប្រាក់អតីតភាពការងារមួយឆ្នាំ ៣០០ដុល្លារ ប៉ុន្តែថៅកែផ្ដល់ឲ្យតែ៨០ដុល្លារប៉ុណ្ណោះ។ លោកស្រីបន្តទៀត ថៅកែថែមទាំងព្រមានថា បើកម្មករទាមទារប្រាក់អតីតភាពគឺត្រូវដាក់ពាក្យលាឈប់ជាមុនសិន៖ «ថៅកែក្រឡេចក្រឡុចគាត់ឲ្យកម្មករ ក្នុងមួយឆ្នាំ៨០ដុល្លារ ហើយកម្មករដាក់ច្បាប់លាលែងពីការងារទៀត ហើយគាត់ធ្វើបែបនេះស្មើនឹងកម្មករលាលែងការងារដោយខ្លួនឯង»។
ក្រុមកម្មករទាមទារឲ្យថៅកែរោងចក្រចូខែម គោរពច្បាប់ការងាររបស់កម្ពុជាដោយបែងចែកឲ្យដាច់ពីគ្នាពីការផ្តល់ប្រាក់សំណងករណីរោងចក្រប្ដូរទីតាំង និងករណីកម្មករលាឈប់ពីការងារ។ ពួកគេលើកឡើងថា ការឲ្យពួកគេដាក់ពាក្យលាឈប់ទើបអាចបើកប្រាក់អតីតភាពការងារបាននោះ គឺធ្វើឲ្យកម្មករខាតបង់ប្រយោជន៍។ ក្រុមកម្មករអះអាងថា ពួកគេមិនអាចប្ដូរទៅទីតាំងថ្មីបានធ្វើទេព្រោះឆ្ងាយពីកន្លែងក្រុមគ្រួសារ និងឆ្ងាយពីសាលារៀនរបស់កូនពួកគេទៀតផង។
អាស៊ីសេរីមិនទាន់អាចរកប្រភព ភាគីថៅកែរោងចក្រចូខែម និងតំណាងសហជីពនៃរោងចក្រនេះ ដើម្បីសុំការបំភ្លឺជុំវិញការទាមទាររបស់កម្មករនៅថ្ងៃទី១៤ ធ្នូ បាននៅឡើយទេ។ ចំណែកអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ ក៏មិនបានអាចសុំការបំភ្លឺបានដែរ។
ចំណែក ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ឲ្យអាស៊ីសេរីដឹងថា ផ្អែកតាមច្បាប់ការងារ បើរោងចក្រផ្លាស់ប្ដូរទីតាំងថ្មីហើយកម្មករមិនព្រមទៅធ្វើការងារទីតាំងថ្មីនោះ ថៅកែរោងចក្រត្រូវផ្ដល់អតីតភាពការងារ និងប្រាក់ខែចុងក្រោយដល់កម្មករ។ លោក រ៉ុង ឈុន ស្នើទៅភាគពាក់ព័ន្ធអន្តរស្វែងរកដំណោះស្រាយសមរម្យមួយ ដល់ភាគីកម្មករចំពោះករណីនេះ៖ «រឿងហ្នឹងប្រាក់ខែចុងក្រោយ និងប្រាក់អត្ថប្រយោជន៍ផ្សងទៀតត្រូវគិតជូនកម្មករ ជុំវិញបញ្ហាទាំងអស់ហ្នឹងក្រសួងការងារត្រូវយកចិត្តទុកដាក់ដោះស្រាយជូនកម្មករ»។
ខណៈកម្មករកំពុងបិទផ្លូវ អធិការខណ្ឌសែនសុខ បានស្នើសុំកម្មករទៅឈរទាមទារនៅម្ខាងផ្លូវហើយក្រុមកម្មករយល់ព្រមតាមសំណើដោយបើកផ្លូវឲ្យពលរដ្ឋអាចដំណើរឆ្លងកាត់ផ្លូវនេះបាន។
ក្រុមកម្មករព្រមានថា ពួកគេនឹងធ្វើការទាមទារជារៀងរាល់ថ្ងៃ លុះណាភាគីថៅកែរោងចក្រព្រមផ្តល់ប្រាក់សំណងសមរម្យទើបពួកគេបញ្ឈប់ការទាមទារនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
