កម្មករ កម្មការិនី ជាង២០០នាក់ នៅរោងចក្រ ជូលី អាប់ភើរ៉ែល (Jullee Apperal) នៅខណ្ឌពោធិ៍សែនជ័យ នាំគ្នាបិទផ្លូវជាថ្មី ដើម្បីទាមទាររកដំណោះស្រាយ បន្ទាប់ពីពួកគាត់ បាននាំគ្នាឈរ និងដេកយាម មុខរោងចក្រ រង់ចាំដំណោះស្រាយជិតកន្លះខែហើយ ដោយសារថៅកែរោងចក្រ ចងកសម្លាប់ខ្លួន និងអ្នកគ្រប់គ្រងរោងចក្រ បាននាំគ្នារត់ចោលរោងចក្រ។ មន្ត្រីក្រសួងការងារ សន្យាថា នឹងរកដំណោះស្រាយឲ្យនៅថ្ងៃសុក្រ សប្ដាហ៍ក្រោយ។ សហជីព ជំរុញឲ្យមន្ត្រីក្រសួងការងារ កុំភូតកុហកកម្មករទៀត។
កម្មកររោងចក្រ ជូលី ទទូចឲ្យមន្ត្រីក្រសួងការងារពន្លឿន ការរកដំណោះស្រាយឲ្យកម្មករឲ្យបានលឿន ព្រោះកាលពីថ្ងៃទី១០ សីហា ដល់ថ្ងៃកម្មករ ត្រូវបើកប្រាក់ខែ និងដល់ថ្ងៃបង់ថ្លៃបន្ទប់ជួល បង់លុយការជំពាក់ធនាគារ និងថ្លៃកូនសិក្សា។
កម្មការិនីម្នាក់ អ្នកស្រី ប៉ែន សាវន ឲ្យអាស៊ីសេរីដឹងថា កាលពីព្រឹកថ្ងៃទី១០ សីហា កម្មករបានទូរស័ព្ទទៅសួររកដំណោះស្រាយ ពីមន្ត្រីក្រសួងការងារ ដែលធ្លាប់សន្យាថា ដោះស្រាយជូនកម្មករ នៅថ្ងៃច័ន្ទ ទី៦ សីហា ប៉ុន្តែមកដល់ចុងសប្ដាហ៍វិញហើយ នៅមិនទាន់មានដំណោះស្រាយសម្រាប់កម្មករ។ កម្មកររូបនេះ ឲ្យដឹងថា នៅពេលទូរស័ព្ទទៅសួររកដំណោះស្រាយ កម្មករបានព្រមានថា នឹងនាំគ្នាបិទផ្លូវ ប្រសិនបើនៅតែមិនមានដំណោះស្រាយ។ ចំណែកមន្ត្រីក្រសួងការងារ ប្រាប់ថា សមត្ថកិច្ចនឹងចាប់ខ្លួនអ្នកដែលបិទផ្លូវ។
អ្នកស្រី ប៉ែន សាវន បន្ដថា នៅម៉ោងប្រមាណ ១រសៀល កម្មករបានស្រុះស្រួលគ្នា នាំគ្នាបិទផ្លូវ ហើយប្រសិនបើមានការចាប់ខ្លួន សូមឲ្យចាប់ពួកគេទាំង២៧៨នាក់ ព្រោះបើនៅតែប្រមូលផ្ដុំមុខរោងចក្រតទៅទៀត ក៏មិនឃើញមានដំណោះស្រាយដែរ។
ម្យ៉ាងទៀត ម្ចាស់បន្ទប់ជួលឯណោះ បានរករឿងកម្មករបណ្ដើរៗហើយ រឿងមិនទាន់បានប្រាក់បង់ថ្លៃជួលបន្ទប់។ កម្មករថា នៅម៉ោងប្រហែល៣រសៀល មន្ត្រីក្រសួងការងារ បានចុះមកសម្របសម្រួល ឲ្យកម្មករបើកផ្លូវវិញ ដោយសន្យាថា នឹងលើកពេលដោះស្រាយជូន នៅថ្ងៃសុក្រ សប្ដាហ៍ក្រោយ។ «»
កម្មករបន្ដថា ប្រាក់ឈ្នួលខែកក្កដា ដែលរោងចក្រជូលី នៅជំពាក់កម្មករ គឺចន្លោះពី ២៥០ដុល្លារ ទៅ៣០០ដុល្លារ ក្នុងម្នាក់ៗ និង មិនទាន់មានប័ណ្ណបេឡារបបសន្តិសុខសង្គម (ប.ស.ស) សម្រាប់កម្មករនៅឡើយទេ។ កម្មកររោងចក្រនេះ បានផ្ទុះការតវ៉ា ក្រោយពេលដឹងថា ថៅកែជនជាតិកូរ៉េខាងត្បូង បានចងកសម្លាប់ខ្លួន នៅក្នុងផ្ទះជួល ជិតរោងចក្រ នៅកំឡុងថ្ងៃបោះឆ្នោត កាលពីចុងខែកក្កដា កន្លងទៅនេះ។
កាលពីព្រឹកថ្ងៃទី៦ សីហា ក្រុមកម្មករ បាននាំគ្នាតវ៉ាបិទផ្លូវម្ដងរួចហើយ។ មូលហេតុនៃការបិទផ្លូវកាលណោះ កម្មករអះអាងថា ដោយសារមិនឃើញមានសមាសភាពភាគីពាក់ព័ន្ធ ចុះអន្តរាគមន៍រកដំណោះស្រាយឲ្យកម្មករ។ បន្ទាប់ពីបានបិទផ្លូវពេលនោះ បានបន្លិច កម្មករអះអាងថា មន្ត្រីក្រសួងការងារបានចុះមកជួបកម្មករ និងសន្យាដោះស្រាយជូន នៅពេលកម្មករព្រមបើកផ្លូវវិញ តែមិនបានសន្យាកំណត់ពេលជាក់លាក់ទេ។
បុគ្គលិករដ្ឋបាលរោងចក្រ ជូលី ម្នាក់ ឈ្មោះ ឈឹម សុភាព ត្រូវបានសារព័ត៌មានក្នុងស្រុកដកស្រង់សំដីថា ក្រោយថៅកែស្លាប់ អ្នកគ្រប់គ្រងរោងចក្ររត់ចោលរោងចក្រ ក្រុមរដ្ឋបាលបានសម្រេចប្រគល់ការងារទាំងឡាយ ឲ្យទៅក្រសួងការងារជាអ្នកដោះស្រាយ។
អាស៊ីសេរី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួគ៍ បានទេកាលពីថ្ងៃសុក្រ ទី១០ សីហា។
អគ្គលេខាធិការសហព័ន្ធសហជីពកម្ពុជា (CATU) លោក ម៉ៃ សុភក្ត្រា ជំរុញឲ្យមន្ត្រីក្រសួងការងារ ពន្លឿនការដោះស្រាយជូនកម្មករ ហើយកុំសន្យាភូតកុហកកម្មករ ព្រោះការសន្យាចង់គេចវេះ មិនព្រមដោះស្រាយនេះ មិនមែនជាមធ្យោបាយល្អទេ ហើយកម្មកររងគ្រោះនឹងបន្តការតវ៉ា ជម្លោះនឹងអូសបន្លាយ។ សហជីពរូបនេះ យល់ថា ការសន្យា ឲ្យកម្មករស្ងប់ចិត្ត ហើយមិនព្រមដោះស្រាយបញ្ហា ជាការអនុវត្តខុសពីអនុសាសន៍មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន។ «»
កម្មករឲ្យដឹងថា ពួកគាត់កំពុងត្រៀមវេចមុង ភួយ ចានឆ្នាំង ទៅដេកតវ៉ានៅមុខរោងចក្រ នៅពេលម្ចាស់ផ្ទះជួលបណ្ដេញចេញ ព្រោះពួកគាត់មិនមានលុយបង់ថ្លៃបន្ទប់ជួលបន្ត។ កម្មករទទូចឲ្យលោក ហ៊ុន សែន ចេញអន្តរាគមន៍ ព្រោះពួកគេតវ៉ាជិតកន្លះខែហើយ នៅមិនទាន់ឃើញមានដំណោះ ស្រាយ ពីរដ្ឋមន្ត្រីក្រសួងការងារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
