អ្នកចម្រៀងខ្មែរល្បីល្បាញម្នាក់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍

អ្នកចម្រៀង និងនិពន្ធបទភ្លេងនៃក្រុមតន្ត្រីរ៉ុក អ្នកស្រី កាក់ ចន្ធី អាយុ៣៨ឆ្នាំ បានបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមិនា នៅតាមបណ្ដោយផ្លូវម៉ៅសេងទុង រាជធានីភ្នំពេញ។
អ្នកស្រី កាក់ ចន្ធី ដែលជាអ្នកចម្រៀង ក្នុងគម្រោង Cambodian Space Project បានបន្សល់ទុកកូនប្រុសម្នាក់ អាយុ ១៣ឆ្នាំ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនសព ទៅស្រុកកំណើតនៅខេត្តព្រៃវែង ដើម្បីធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។
ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ ក៏បានសំដែងសមានទុក្ខចំពោះក្រុមគ្រួសារ និងមិត្តភ័ក្ដិរបស់ អ្នកស្រី កាក់ ចន្ធី និងបានសរសើរពីទេពកោសល្យផ្នែកចម្រៀង តន្ត្រីរបស់អ្នកស្រី ដែលបានទៅសំដែងអោយមនុស្សនៅទូទាំងពិភពលោក ទទួលបានការសប្បាយ ដោយរួមទាំងនៅសហរដ្ឋអាមេរិកផងដែរ៕