អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំក្នុងផ្ទះ លោក កឹម សុខា បានបង្ហោះលិខិតមួយច្បាប់លើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ចូលរួមអបអរសាទរខួបលើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ វិច្ឆិកា។
លិខិតលើកទី២ របស់អតីតមេបក្សប្រឆាំងដ៏ធំនៅកម្ពុជា ដែលបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៨ វិច្ឆិកា លោក កឹម សុខា សរសេរថា លោកសូមសម្ដែងនូវអំណរគុណប្រកបដោយកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ជូនចំពោះបុព្វបុរសខ្មែរ ដែលបានធ្វើពលិកម្ម ការលះបង់ នឹងការតស៊ូ ដើម្បីទាមទារនូវឯករាជ្យជាតិជូនជាតិមាតុភូមិ។
ក្នុងលិខិតដដែលនោះ លោក កឹម សុខា យល់ថា ការទាមទារ និងការថែរក្សាការពារឯករាជ្យជាតិពិតប្រាកដទៅបាន គឺអាស្រ័យលើការរួបរួមជាតិ។ លោកថា ជាការពិតណាស់ មិនអាចមានឯករាជ្យជាតិពិតប្រាកដបានទេ បើយើងបាក់បែកគ្នា។ លោក កឹម សុខា ក៏បួងសួងឲ្យស្មារតីឯករាជ្យជាតិ ពិតប្រាកដស្ថិតនៅជាប់ជានិច្ច ក្នុងបេះដូងខ្មែរគ្រប់រូប។
មួយថ្ងៃមុនលោក កឹម សុខា ចេញលិខិតនេះ លោក ហ៊ុន សែន បានថ្លែងថា នឹងមិនមានការដោះលែងអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅចុងឆ្នាំ២០១៨ ដូចការលើកឡើងរបស់ប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី នោះទេ។
ការប្រកាសជាសាធារណៈរបស់លោក ហ៊ុន សែន កាលពីថ្ងៃទី៧ វិច្ឆិកា គឺឆ្លើយតបទៅនឹងអត្ថបទរបស់លោក សម រង្សី ដែលសរសេរក្នុងបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី៦ វិច្ឆិកាថា តាមប្រភពផ្ទៃក្នុងពីគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន នឹងដោះលែងលោក កឹម សុខា នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៨ ក្នុងឱកាសខួបទី២០ នៃនយោបាយឈ្នះៗ ដោយការដោះលែងនោះ គឺស្ថិតក្រោមសម្ពាធពីអន្តរជាតិសុទ្ធសាធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
