សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម នឹងរៀបចំពិធីជួបជុំប្រចាំឆ្នាំជាមួយនឹងនិស្សិតបញ្ញវន្តខ្មែរ កម្ពុជាក្រោម និងសប្បុរសជន ដើម្បីរៃអង្គាសថវិកាសម្រាប់ជួយដល់ព្រះសង្ឃ និងនិស្សិតខ្មែរ ក្រោម ដែលមានជីវភាពខ្វះខាត ឱ្យមានលទ្ធភាពបន្តការសិក្សា នៅតាមមហាវិទ្យាល័យនានា ក្នុងប្រទេសកម្ពុជា និងនៅបរទេស។
កម្មវិធីជួបជុំនេះ នឹងរៀបចំនៅថ្ងៃទី១៩ ខែមករា នៅភោជនីយដ្ឋានសូរិយា ចាប់ពីម៉ោងល្ងាចដល់ ម៉ោង ៩យប់។
គណៈកម្មការទ្រទ្រង់នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម លោក ថាច់ ចន្ទ្រា មាន ប្រសាសន៍ថា កម្មវិធីជួបជុំនេះ រៀបចំឡើងដើម្បីឱ្យពលរដ្ឋខ្មែរក្រោម ដែលរស់នៅកម្ពុជា បានជួបសួរសុខទុក្ខគ្នា ចែករំលែកបទពិសោធន៍ និងស្វែងរកដំណោះស្រាយសម្រាប់បញ្ហាប្រឈមផ្សេងៗ ដែលពួកគេជួបប្រទះក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ជាពិសេស គឺការរៃអង្គាសថវិកា សម្រាប់ផ្ដល់ អាហាររូបករណ៍សិក្សាដល់ព្រះសង្ឃ និងនិស្សិតខ្មែរក្រោម។ លោក ថាច់ ចន្ទ្រា បន្តថា កម្មវិធីនេះ ក៏មានការចូលរួមពីឥស្សរជនសំខាន់ៗ មួយចំនួនដែរ ដូចជា តំណាងអង្គការ-សមាគមខ្មែរកម្ពុជា ក្រោមទាំងអស់នៅកម្ពុជា ដើម្បីឡើងថ្លែងអំពីប្រវត្តិសាស្ត្រទឹកដីខ្មែរក្រោមខ្លះ អំពីស្មារតីជាតិនិយម ព្រមទាំងចែករំលែកចំណេះដឹងដល់យុវជនខ្មែរក្រោមថា ពួកគេគួរធ្វើបែបណា ដើម្បីជួយដល់សង្គម ខ្មែរក្រោម ដែលកំពុងស្ថិតក្រោមការត្រួតត្រារបស់វៀតណាម៖ «ទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរកម្ពុជាក្រោម មានវាគ្មិនយើង ឡើងនិយាយដែរ ព្រោះប្រវត្តិសាស្ត្រក៏ជាមុខវិជ្ជា ឬពាក់ព័ន្ធក្នុងវិស័យអប់រំមួយដែរ ។ ដូច្នេះយើងនឹងចែករំ លែកអំពីប្រវត្តិសាស្ត្រដែលយើងបានជួបនូវវិបត្តិធំៗជាច្រើនរហូតដល់សព្វថ្ងៃ ធ្វើឱ្យកម្ពុជាក្រោម ស្ថិតនៅក្រោមអាណានិគមរបស់វៀតណាម ម៉្លោះហើយតើយើងរកដំណោះស្រាយបែបណាបន្តទៀត ដើម្បីជួយឱ្យខ្មែរក្រោមយើង បានសិក្សារៀនសូត្រមានចំណេះដឹងសមរម្យដូចប្រជាជននៅលើពិភពលោកដែរ»។
លោក ថាច់ ចន្ទ្រា អំពាវនាវឱ្យពលរដ្ឋខ្មែរកម្ពុជាក្រោម និងសប្បុរសជន ចូលរួមក្នុងកម្មវិធីនេះឱ្យ បានច្រើន ដើម្បីចូលរួមមូលនិធិបណ្ដុះបណ្ដាលធនធានមនុស្សខ្មែរកម្ពុជាក្រោម របស់សម្ព័ន្ធសមណនិស្សិត និងនិស្សិតខ្មែរកម្ពុជាក្រោម ក្នុងឆ្នាំ២០២០។ លោកបញ្ជាក់ថា ក្នុងមួយឆ្នាំៗ មានព្រះសង្ឃ និងនិស្សិតខ្មែរកម្ពុជាក្រោម ចន្លោះពី ៨០នាក់ទៅ ១០០នាក់ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រតាមរយៈការផ្ដល់អាហារូបករណ៍ពីសំណាក់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។