សមាគមមីក្រូហិរញ្ញវត្ថុថា មានអតិថិជនជាង ១០ម៉ឺននាក់ បានស្នើសុំរៀបកម្ចីឡើងវិញ ឬក៏ស្នើសុំគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបន្ធូរបន្ថយ ឬពន្យារពេលបង់ប្រាក់ក្នុងពេលជួបបញ្ហាសេដ្ឋកិច្ច ខណៈមានការរាតត្បាតជំងឺកូវីដ-១៩។ មន្ត្រីសិទ្ធិមនុស្សដែលអង្កេតករណីបំណុលមីក្រូហិរញ្ញវត្ថុចង់ឃើញភាគីមីក្រូហិរញ្ញវត្ថុមានការយោគយល់ខ្ពស់ដល់ពលរដ្ឋដែលស្នើសុំ និងត្រូវផ្សព្វផ្សាយពីផែនការរបស់មីក្រូហិរញ្ញវត្ថុ ដែលបន្ធូរបន្ថយដល់ពលរដ្ឋដែលជំពាក់បំណុលឱ្យបានទូលំទូលាយ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រកាស នឹងដោះស្រាយជូនអតិថិជនរបស់ខ្លួនគឺធ្វើឡើងតាមករណីមួយៗដោយពិនិត្យជាក់ស្ដែងពីផលប៉ះពាល់អតិថិជន និងអះអាងថា ចាប់តាំងពីមានការអំពាវនាវរបស់ធនាគារជាតិស្នើកុំឱ្យមានការផាកពិន័យលើអតិថិជន គឺមិនមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាផាកពិន័យពលរដ្ឋ ឬអតិថិជនដែលខកខានក្នុងការបង់ប្រាក់នោះទេ។
អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុ លោក កាំង តុងងី ឱ្យអាស៊ីសេរីដឹងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានផ្ដល់ជម្រើសទៅតាមលទ្ធភាពអតិថិជនរបស់ខ្លួន ដូចជាការតម្រូវឱ្យសងតែការប្រាក់ ករណីខ្លះផ្អាកការបង់ប្រាក់និងទាំងប្រាក់ដើមក្នុងរយ ៣ខែ ឬ ៦ខែ ឬក៏ការរៀបចំកម្ចីឡើងវិញដែលផ្ដល់រយៈវែងជាងមុន ដល់អតិថិជនក្នុងការបង់ប្រាក់ប្រចាំខែ។ លោកបន្តថា ក្នុងចំណោមអតិថិជនជាង ១០ម៉ឺននាក់ ដែលស្នើសុំការពន្យារពេលសងប្រាក់ ឬរៀបចំកម្ចីឡើងវិញនោះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានអនុម័ត ឬធ្វើតាមសំណើបានប្រមាណ ៩០ភាគរយហើយ៖ «ជូនដំណឹងគេ ( គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ) គេនឹងរៀបចំពាក្យស្នើកម្ចីឡើងវិញហើយគេនឹងសិក្សាមើលថា គាត់ពិតជារងផលប៉ះពាល់កម្រិតណា ហើយគាត់មានលទ្ធភាពសងកម្រិតណាអ៊ីចឹងគេនឹងផ្ដល់ជាជម្រើសសមស្របទៅករណីអតិថិជនមួយៗហ្នឹង»។
បើតាមការឱ្យដឹងពីលោក កាំង តុងងី គ្រឹះស្ថានសមាគមមីក្រូហិរញ្ញវត្ថុកំពុងផ្ដល់សេវារបស់ខ្លួនដល់អតិថិជនជាងពីរលាននាក់។ លោកអះអាងថា យោងតាមច្បាប់ឬគោលការណ៍មីក្រូហិរញ្ញគឺតម្រូវឱ្យអតិថិជនជាអ្នកដាក់ពាក្យស្នើមកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅក្នុងការស្នើសុំនៃការពន្យារពេលបង់ប្រាក់នេះ។
ទាក់ទងនឹងបញ្ហានេះ នាយករងផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត យល់ថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគួរធ្វើការផ្សព្វផ្សាយឱ្យទូលំទូលាយ នូវដំណោះស្រាយរបស់ខ្លួនជូនដល់ពលរដ្ឋឬអតិថិជនឱ្យបានដឹង។ លោកថា ការតម្រូវឱ្យអតិថិជនធ្វើការស្នើសុំនេះប្រសិនបើពលរដ្ឋមិនបានដឹងនិងមិនបានចូលរួមសហការក្នុងការជជែករកដំណោះស្រាយ គឺបញ្ហានឹងនៅតែកើតមានដដែល។ លោកជំរុញទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្នើសុំរៀបកម្ចីឡើងវិញដោយឈរលើគោលការណ៍យោគយល់ដល់ពលរដ្ឋ៖ «គាត់ ( ពលរដ្ឋឬអតិថិជន ) មានលទ្ធភាព ជាការចរចាគ្នាណាធ្វើម៉េចជាសម្រួលសម្រាប់ពួកគាត់បើសិនជាគាត់បាត់បង់ការងារច្បាស់ជាគាត់មិនមានក្នុងកំឡុងពេលនេះ គឺ ៣ខែឬក្នុងរយៈពេលកូវីដនេះគាត់មិនអាចមានលទ្ធភាពសង»។
ពលរដ្ឋម្នាក់លោក បាន សុខ ដែលជំពាក់ប្រាក់ធនាគារជាង១ម៉ឺនដុល្លារ ឱ្យអាស៊ីសេរីដឹងថា ក្នុងមួយខែលោកត្រូវបង់លុយធនាគារជាង ៦០០ដុល្លារ ប៉ុន្តែលោកថា ចាប់តាំងពីពេលមានការរាតត្បាតជំងឺកូវីដ-១៩មក លោកគ្មានលទ្ធភាពបង់នោះទេ។ លោកឱ្យដឹងទៀតថា បុគ្គលិកធនាគារបានទូរស័ព្ទប្រាប់លោកដោយផ្ដល់ជម្រើសចំនួនពីរឱ្យជ្រើសរើស ទីមួយ គឺត្រូវរៀបចំកម្ចីឡើងវិញ ដែលធនាគារពន្យារពេលសងប្រាក់ ដែលតាមកាលវិភាគលោកត្រូវបង់សង ៣ឆ្នាំ ត្រូវបង្កើនពេលសងដល់ទៅ ៦ឆ្នាំវិញ។ លោកបន្តថា ឯជម្រើសទី២ គឺតម្រូវឱ្យបង់តែការប្រាក់ក្នុងអំឡុងមានវិបត្តិនេះប៉ុណ្ណោះ៖ «ខ្ញុំចង់បាន៦ឆ្នាំវិញព្រោះពីមុនមកខ្ញុំចង់ឱ្យឆាប់ដាច់ តែបីឆ្នាំទេ បង់ច្រើនតែឆាប់ដាច់ដល់ឥឡូវសភាពកូវីដទៅខ្ញុំស្នើ ៦ឆ្នាំវិញ គេត្រូវធ្វើឯកសារថ្មី ប៉ុន្តែគេស្នើទៅលើកូនចៅ គេតេមកខ្ញុំទេ។ គេស្នើទៅលើបានមិនបាន គេអត់ដឹងទេ ចាំមើលថ្ងៃច័ន្ទថ្ងៃអង្គារបងអឺយ»។
កាលពីខែមេសាកន្លងទៅ ធនាគារជាតិនៃកម្ពុជាបានចេញលិខិតស្នើទៅធនាគារឯកជននិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលើកលែងការផាកពិន័យចំពោះអតិថិជនរបស់ខ្លួនក្នុងអំឡុងពេលនៃវិបត្តិជំងឺឆ្លងរាតត្បាតនេះ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០។
អង្គការលីកាដូ បានចេញរបាយការណ៍មួយក្នុងខែឧសភា បង្ហាញការព្រួយបារម្ភថា ការបាត់បង់ប្រាក់ចំណូលរបស់ពលករជាង ៨ម៉ឺននាក់ដែលបានចាកចេញពីប្រទេសថៃព្រោះការរីករាលដាលនៃជំងឺកូវីដ-១៩ នាំឱ្យគ្រួសារពលរដ្ឋខ្មែរទាំងនោះប្រឈមនឹងហានិភ័យនៃការរំលោភសិទ្ធិមនុស្សបន្ថែមទៀត ដោយសារបញ្ហាបំណុលនេះ ក្នុងនោះមានការបង្ខំឱ្យលក់ដីសងបំណុលផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។