តំបន់​សេដ្ឋកិច្ច​ពិសេស​មេគង្គ​ប្ដេជ្ញា​ផ្ដល់​ការងារ​សមរម្យ​ដល់​ពលការិនី​ចំណាកស្រុក

ដោយ ម៉ៅ សុធានី
2019-06-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​សំណង់​លើក​បដា​ទាមទារ​ដំណោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​សំណង់ នៅ​មុខ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៧។
កម្មករ​សំណង់​លើក​បដា​ទាមទារ​ដំណោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​សំណង់ នៅ​មុខ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៧។
RFA

សិក្ខាសាលា​ ២​ថ្ងៃ រៀបចំ​ដោយ​បណ្ដាញ​ទេសន្តរប្រវេសក៍​តំបន់​មេគង្គ ហៅ​កាត់​ថា MMN (Mekong Migration Network) និង​វិទ្យាស្ថាន​បច្ចេកទេស​អាស៊ី (Asian Institute of Technology -AIT) នៅ​ទីក្រុង​បាងកក ប្ដេជ្ញា​ថា នឹង​គិតគូរ​ពី​ស្ថានភាព​រស់​នៅ​​សមរម្យ ដល់​ពល​ការិនី​ចំណាកស្រុក នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេគង្គ (Special Economic Zone-SEZ)

សេចក្ដី​ថ្លែងការណ៍​រួម​របស់​អង្គការ​ទាំងពីរ កាលពី​ថ្ងៃទី២៦ ខែ​មិថុនា ឱ្យ​ដឹង​ថា ក្នុង​អំឡុង​សិក្ខាសាលា ​២​ថ្ងៃ ដែល​បាន​ចាប់ផ្តើម ពី​ថ្ងៃ​ទី២០ ដល់​២១ ខែ​មិថុនា អ្នក​ចូលរួម​មក​ពី​ប្រទេស​កម្ពុជា មីយ៉ាន់ម៉ា ឬ​ភូមា និង​ថៃ បាន​ជជែក​ពិភាក្សា​អំពី​គម្រោង​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ក្រុម​គ្រួសារ​ពលករ កម្រិត​ប្រាក់ខែ​អប្ប​បរិ​មា និង​ការ​ផ្តល់​កន្លែង​មើល​ក្មេង ដល់​ស្ត្រី​ជា​មាតា​ជាដើម។

សេចក្ដី​ថ្លែងការណ៍​បន្ត​ថា គោលបំណង​សំខាន់​នៃ​សិក្ខាសាលា​នេះ គឺ​ដើម្បី​បង្ហាញ​ពី​ការ​រក​ឃើញ​របស់​អង្គការ​បណ្ដាញ​ទេសន្តរប្រវេសក៍​តំបន់​មេគង្គ (MMN) និង​វិទ្យាស្ថាន​បច្ចេកទេស​អាស៊ី (AIT)​ស្ដីពី​បញ្ហា​មួយ​ចំនួន ដែល​ពល​ការិនី​ចំណាកស្រុក​ជួបប្រទះ រួមមាន កង្វះខាត​ទទួល​បាន​ព័ត៌មាន ការ​លំបាក​របស់​សហជីព​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​កម្មករ និង​ពលករ ការ​ចុះ​សួរសុខទុក្ខ​កម្មករ​ក្នុង​រោងចក្រ ព្រមទាំង​ស្ថានភាព​រស់នៅ​ដ៏​លំបាក​របស់​ពួកគេ​ជាដើម។ អង្គការ​ទាំងពីរ​នេះ នឹង​ចេញ​របាយការណ៍​ពិស្ដារ ស្ដីពី​របកគំហើញ​នេះ នៅ​ខែ​កក្កដា ខាងមុខ។

កាលពី​ឆ្នាំ​២០១៦ ដល់ ឆ្នាំ​២០១៩ ដោយមាន​ជំនួយ​ឧបត្ថម្ភ ពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ អភិវឌ្ឍន៍​អន្តរជាតិ​កាណាដា (Canada’s International Development Research Centre) អង្គការ​បណ្ដាញ​ទេសន្តរប្រវេសក៍​តំបន់​មេគង្គ (MMN) និង​វិទ្យាស្ថាន​បច្ចេកទេស​អាស៊ី (AIT) បាន​ចុះ​ស្រាវជ្រាវ​និង​ស៊ើបអង្កេត​ដោយផ្ទាល់​បី​បញ្ហា​របស់​កម្មករ​កម្ម​ការិនី និង​ស្ថានភាព​ការងារ​របស់​ពួកគេ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេគង្គ ៤​ទីតាំង គឺ​នៅ​តំបន់ ធីឡាវ៉ា (Thilawa) ក្នុង​ប្រទេស​មីយ៉ាន់ម៉ា តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​នៅ​តំបន់​ម៉ែនហាថាន (Manhattan) ក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស តាក់ (Tak) ក្នុងប្រទេស​ថៃ​។ អ្នកស្រាវជ្រាវ​ទាំងនោះ ក៏បាន​សាកសួរ អំពី​ស្ថានភាព​ការងារ​របស់​ពួកគេ ថា​តើ ស្របតាម​ស្តង់ដារ របស់​អង្គការ​អន្តរជាតិ​ផ្នែក​ការងារ (ILO) ដែរ​ឬទេ ជាពិសេស គឺ​ផ្ដោត​ទៅ​លើ​សិទ្ធិ​ការងារ និង​បញ្ហា​បរិស្ថាន​ជាដើម។

នៅ​ទន្ទឹម​នេះ​ដែរ អ្នកចូលរួម​សិក្ខាសាលា ក៏បាន​សំណូមពរ​សុំ​ឱ្យ​គិតគូរ អំពី​ការ​ផ្ដល់​ប្រាក់ខែ​សមរម្យ ដល់​កម្មករ​និង​កម្មការិនី ទៅតាម​ជំនាញ​ដែល​ពួកគេ​មាន​។ អ្នកចូលរួម ក៏បាន​បង្ហាញ​ក្តី​បារម្ភ​ថា បច្ចុប្បន្ន​ពលករ​ឬ​កម្មករ​រោងចក្រ ទទួល​បាន​ប្រាក់កម្រៃ​អប្បបរមា ប្រមាណ ១៧៥​បាត ឬ​ស្មើ ជិត​៦​ដុល្លារ ក្នុង​មួយថ្ងៃ ហើយ​ថា ប្រាក់កម្រៃ​នេះ គឺ​​មាន​​ចំនួន​តិច​​ជាង​​ប្រាក់​កម្រៃ​​អប្ប​បរិ​មា ដែល​បាន​កំណត់​ថា កម្មករ ឬ​ពលករ​ម្នាក់ៗ អាច​ទទួល​បាន​ប្រាក់កម្រៃ​យ៉ាងហោចណាស់ ជាង ៣១០​បាត ឬ​ស្មើ ១០​ដុល្លារ​ក្នុង​​មួយ​ថ្ងៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល