ព្រះសង្ឃ​វត្ត​ដំណាក់​គ្រោង​ដង្ហែ​ក្បួន​មាឃ​បូជា​ដ៏​ធំ​លើក​ដំបូង​មិន​ធ្លាប់​មាន​នៅ​ក្នុង​ទីក្រុង​សៀមរាប

ព្រះសង្ឃ​គង់​នៅ​វត្ត​ដំណាក់ ខេត្ត​សៀមរាប​ព្រមទាំងពុទ្ធ​បរិស័ទ​​​​ច្រើន​ពា​ន់នាក់ មាន​គម្រោង​​រួម​គ្នា​ដង្ហែក្បួន​មាឃបូជា ឱ្យ​អធិកអធម្ម​មួយ នៅ​តាម​បណ្ដា​ដង​ផ្លូវ​មួយ​ចំនួន ដែលមិនធ្លាប់មានពី​មុន​មក​​សោះ ក្នុង​ទី​ក្រុង​សៀមរាប នៅ​រសៀល​ថ្ងៃ​អង្គារ ទី​៣​ខែ​កុម្ភៈ​ខាងមុខ។

ជាច្រើន​ថ្ងៃ​មក​ហើយ ក្នុង​បរិវេណ​វត្ត​ដំណាក់​កណ្ដាល ទីរួម​ខេត្ត​សៀមរាប ព្រះសង្ឃ និង​ពុទ្ធបរិស័ទ កំពុង​ធ្វើ​ការតុប​តែង លំអ​ព្រះវិហារ កុដិ និង​ចេតិយ​សំខាន់ៗ ដោយ​អំពូល​ភ្លើង និង​ក្រណាត់​ពណ៌ ព្រមទាំង​​តុបតែងផ្កា​ស្រ​ស់ នៅលើ​រថយន្ត និង​រូប​បដិមា​ជា​ច្រើន​​ទៀត។

ព្រះភិក្ខុ ឈន់ ឈឿន ជា​គ្រូសូត្រស្ដាំ គង់នៅ​វត្ត​ដំណាក់ មាន​ថេរៈ​ដីកា កាល​ពី​ព្រឹក​ថ្ងៃច័ន្ទ ទី២ ខែ​កុម្ភៈ​ថា តាម​កម្មវិធី​បុណ្យ ពេល​ព្រឹក​ថ្ងៃទី៣​ខែ​កុម្ភៈ នៅក្នុងបរិវេណ​វត្ត​ដំណាក់ គឺ​មាន​ពិធី​រាប់បាត្រ​ព្រះ​សង្ឃ ១២៥០ អង្គ ហើយ​នៅ​ពេល​រសៀល គឺ​មាន​​​ពិធី​ដង្ហែក្បួន​មាឃបូជា នៅ​តាម​ដងផ្លូវ សំខាន់ៗ​ក្នុង​ទីក្រុង៖ «ព្រះសង្ឃ អាចារ្យ​វត្ត​ដំណាក់​សូម​អំពាវនាវ ដល់​ព្រះករុណា​គ្រប់​ព្រះ ​អង្គ ​ ហើយ​និង​ញាតិញោម ​ពុទ្ធ​ បរិស័ទ​ទាំងអស់ ចូលរួម​ក្នុង​ពិធី​មាឃបូជា​នេះ ឱ្យ​បាន​ច្រើន​កុះករ»។

ប្រទេស​កម្ពុជា​ដែល​គោរព​ព្រះពុទ្ធ​សាសនា និង​ប្រទេស​ជាច្រើន​ទៀត តែង​តែ​ប្រារព្ធ​​ពិធី​បុ​ណ្យ​​មាឃបូជា រៀងរាល់ឆ្នាំ នៅថ្ងៃពេញ​បូរមី​ខែមាឃ ដើម្បី​រំលឹក​ដល់​សម័យ​ប្រជុំ​ចតុរង្គ​សន្និបាត សម្ដែង​ឱវាទ​បាតិមោក្ខ​ និង​​ថ្ងៃ​​ដាក់​អាយុ​សង្ខារ​​របស់ព្រះ​សមា្មសម្ពុទ្ធ​ជាព្រះបរមគ្រូ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។