អង្គការ​សង្គម​ស៊ីវិល​ជាង ៣០ អំពាវនាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​យក​ពលរដ្ឋ​កម្ពុជា​មួយ​ក្រុម​ ឬដែល​កំពុង​ជាប់​គាំង​នៅ​ប្រទេស​ម៉ាឡេស៊ី

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជាង ៣០ អំពាវនាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​យក​ពលរដ្ឋ​កម្ពុជា​មួយ​ក្រុម​ធំ ដែល​កំពុង​ជាប់​គាំង​នៅ​ប្រទេស​ម៉ាឡេស៊ី ទៅ​មាតុភូមិ​វិញ​ជា​បន្ទាន់ និង​ដោយ​សុវត្ថិភាព។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​តាម​សេចក្ដី​ថ្លែងការណ៍​រួម​មួយ ដោយ​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៣២ មាន​ជា​អាទិ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) នៅ​ថ្ងៃ​ទី២៩ ឧសភា បាន​សរសេរ​ថា ការ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ទាំង​នោះ​វិល​ទៅ​ប្រទេស​ខ្លួន​វិញ គឺ​ស្រប​មាត្រា ៤០ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​ចែង​ការពារ​សិទ្ធិ​របស់​ពលរដ្ឋ​កម្ពុជា​ក្នុង​ការ​តាំង​លំនៅ នៅ​បរទេស និង​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ។ សេចក្ដីថ្លែងការណ៍​បន្ត​ថា ការ​អនុញ្ញាត​ឱ្យ​វិល​ទៅ​វិញ​នេះ ក៏​ជា​កាតព្វកិច្ច​របស់​កម្ពុជា ដែល​មាន​ក្រោម​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ដែរ។

យ៉ាង​ហោច​ណាស់ មាន​កម្មករ​ចំណាក​ស្រុក និង​និស្សិត​កម្ពុជា​ប្រមាណ ១៥០ នាក់ ជាប់​គាំង​នៅ​ចំណត​យន្តហោះ​គូឡាឡាំពួរ ម៉ាឡេស៊ី ចាប់​តាំង​ពី​ថ្ងៃ​ទី៧ ខែ​មេសា ពេល​អ្នក​ទាំង​នោះ​បម្រុង​ហោះហើរ​មក​ស្រុក​វិញ ហើយ​ត្រូវ​រដ្ឋាភិបាល​កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​ចូល​ប្រទេស ទោះ​ពួក​គាត់​បាន​ទិញ​សំបុត្រ​យន្តហោះ​ក្ដី។

ការ​បដិសេធ​នេះ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ហេតុផល​ថា ដើម្បី​សុវត្ថិភាព​របស់​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស ផុត​ពី​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ ។

រីឯ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ទទួល​ស្គាល់​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ និង​ការ​អនុម័ត​វិធានការ​ចាំបាច់ ដើម្បី​បង្ការ និង​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​នេះ ក៏​ប៉ុន្តែ​អង្គការ​ទាំង​នេះ នៅ​តែ​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ប្រកាន់​ខ្ជាប់​នូវ​កាតព្វកិច្ច​ក្នុង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ដែរ។

អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ​បន្ត​ថា ការ​មិន​ឱ្យ​ពលរដ្ឋ​កម្ពុជា ១៥០នាក់​ក្នុង​ស្ថានភាព​នេះ មិន​សម​ហេតុផល​ឡើយ ហើយ​គួរ​គិត​ពី​ជម្រើស​រឹតត្បិត​តិច ដូចជា​ដាក់​ពួក​គេ​ដាច់​ដោយ​ឡែក​រយៈ​ពេល​ពីរ​សប្ដាហ៍​ពេល​មក​ដល់ ដែល​ជា​វិធីសាស្ត្រ​បញ្ឈប់​ការ​ឆ្លង​ជំងឺ COVID-19 មាន​ប្រសិទ្ធភាព ប្រើ​នៅ​ក្នុង​ប្រទេស​ជា​ច្រើន។

ពលរដ្ឋ​កម្ពុជា​ដែល​នៅ​ជាប់​គាំង​ក្នុង​ប្រទេស​ម៉ាឡេស៊ី​នោះ កំពុង​ប្រឈម​ការ​លំបាក​ផ្នែក​ជីវភាព និង​លុយកាក់​ខ្លាំង ព្រោះ​បាត់​ប្រភព​ចំណូល ហើយ​មិន​អាច​ផ្គត់ផ្គង់​ខ្លួន​ឯង និង​គ្រួសារ។ ពួក​គាត់​ខ្លះ មាន​ក្រុម​គ្រួសារ និង​កុមារ​តូចៗ ចាស់​ជរា ហើយ​អ្នក​ខ្លះ​ទៀត ជា​អ្នក​រក​ស៊ី​ចិញ្ចឹម​គ្រួសារ​ដែល​ពឹង​ផ្អែក​ក្នុង​ប្រទេស​កម្ពុជា។ ពួក​គាត់​ត្អូញត្អែរ​ពី​ការ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី។

ស្ថានទូត​បាន​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​របស់​អ្នក​ទាំង​នោះ ហើយ​ថា​ការ​ចោទ​ប្រកាន់​នោះ ជា​ការ​ញុះញង់​ឱ្យ​មាន​ការ​រើសអើង ដើម្បី​បំផ្លាញ​កេរ្តិ៍ឈ្មោះ​របស់​ស្ថានទូត។

ទោះ​ជា​យ៉ាង​ណា​ក្ដី ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី២៥ ឧសភា អះអាង​ថា ស្ថានទូត​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​ម៉ាឡេស៊ី និង​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ដើម្បី​ឲ្យ​ពលរដ្ឋ​ទាំង​នោះ​វិល​មក​ប្រទេស​កម្ពុជា​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។