ពលករនៅប្រទេសថៃ និង​សង្គម​ស៊ីវិល​គាំទ្រ​ការ​រៀបចំ​កន្លែង​ស្នាក់​នៅ​បណ្ដោះអាសន្ន​សម្រាប់​ពលករ​ខែ្ម​រ​នៅ​ថៃ

ដោយ ទីន ហ្សាការីយ៉ា
2018-11-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ឌី ថេហូយ៉ា មន្ត្រី​កម្មវិធី​ផ្នែក​សិទ្ធិ​ពលករ​ចំណាក​ស្រុក​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៧។
លោក ឌី ថេហូយ៉ា មន្ត្រី​កម្មវិធី​ផ្នែក​សិទ្ធិ​ពលករ​ចំណាក​ស្រុក​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៧។
RFA

សង្គមស៊ីវិលធ្វើការងារ​ទាក់ទង​នឹង​ពលក​រចំណាក​ស្រុក និង​ពលករ​ខ្មែរ ដែល​កំពុង​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​គាំទ្រ​ការ​រៀបចំ​កន្លែង​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​សម្រាប់​ពលករ​ខែ្ម​រ​នៅ​ថៃ។ ប៉ុន្តែ​ទាមទារ​ឲ្យ​ការ​រៀបចំ​ការងារ​នេះ​ប្រកប​ដោយ​ប្រសិទ្ធិភាព ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ចំនួន​ដ៏​ច្រើន​លើសលប់​នៃ​ពលករ​ខ្មែរ​ដែល​មាន​ក្នុង​នៅ​ប្រទេស​ថៃ។

ការ​រៀបចំកន្លែង​ស្នាក់​នៅ​បណ្ដោះអាសន្ន​សម្រាប់​ពលករ​ខែ្មរ​នៅ​ប្រទេស​ថៃ​ត្រូវ​បាន​ភាគី​ពាក់ព័ន្ធ រួម​មាន ក្រសួង​ការងារ សមាគម​ទីភ្នាក់ងារ​ហត្ថពលកម្ម​កម្ពុជា (MAC) សមាគម​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា (ACRA) និង​សមាគម​ទំនាក់ទំនង​កម្ពុជា​-​ថៃ​ (TCRA) រួម​គ្នា​ផ្តួច​ផ្តើម​ការ​រៀបចំ​នេះ ដើម្បី​ការពារ​ពលករ​កម្ពុជា ដែល​ជួប​បញ្ហា​ការងារ​នៅ​ព្រះរាជាណាចក្រ​ថៃ។

មន្ត្រីកម្មវិធីសិទ្ធិការងារ​នៃ​អង្គការ​​សម្ព័ន្ធភាព​​ការងារ​ និង​​សិទ្ធិ​​មនុ​ស្ស ​​ហៅ​កាត់​​ថា ​សង់ត្រាល់ លោក ឌី ថេហូយ៉ា ដែល​ធ្វើការងារទាក់ទងពលករចំណាកស្រុកយល់ថា នេះជាគំនិតផ្តួច​ផ្តើម​មួយ​ដែល​​រួម​ចំណែក​ជួយ​ដល់​ពលរ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ប្រទេស​​ថៃ។ ប៉ុន្តែ​សង្គម​ស៊ីវិល​រូប​នេះ ទាមទារ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ធ្វើ​ការងារ​នេះ​ឲ្យ​បាន​ពេញលេញ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ចំនួន​ពលករ​ខ្មែរ​រាប់​សិប​ម៉ឺន​នាក់ ដែល​កំពុង​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ៖ «»

មន្រ្តីសង្គមស៊ីវិលរូបនេះបន្តថា កន្លង​មក​ពលករ​ខ្មែរ​ដែល​មាន​បញ្ហា​ការងារ​ ឬ​ខ្វះខាត​ឯកសារ ធ្លាប់​សុំ​អន្តរាគមន៍​ពី​ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​ថៃ​ដែរ ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​នោះ​ទេ។

សារព័ត៌មានក្នុង​ស្រុក​បាន​ដក​ស្រង់​សម្តី​រដ្ឋមន្រ្តី​ក្រសួង​ការងារ លោក អ៊ិត សំហេង កាល​ពី​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា ដោយ​លោក​រដ្ឋមន្រ្តី​មាន​បំណង​រៀបចំកន្លែង​ស្នាក់​នៅ​បណ្ដោះអាសន្ន​នេះ​ មិនមែន​​ត្រឹមតែ​ជា​កន្លែង​ស្នាក់​នៅ​ប៉ុណ្ណោះ​ទេ​ប៉ុន្ដែ​ក៏​ជា​កន្លែង​ប្រឹក្សា​យោបល់​សម្រាប់​ពលករ​ក្នុង​អំឡុង​ពេល ​ដែល​ពួក​គេ​ផ្លាស់​ប្ដូរ​ការងារ​ ឬ​​រង់ចាំ​ដំណោះ​ស្រាយ​វិវាទ​ការងារ​ជាមួយ​ថៅកែ។ លោក​បន្ត​ទៀត​ថា គម្រោង​នៃ​ការបង្កើតកន្លែងនេះគឺអាស្រ័យទៅនឹងភូមិសាស្ត្រ និងស្ថាន ភាពជាក់ស្ដែង​។​

អាស៊ីសេរី​អាច​សុំ​ការ​ពន្យល់​បន្ថែម​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ បាន​ទេ នៅ​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា។

ចំណែកពលករខ្មែរម្នាក់ដែលកំពុងធ្វើការងារនៅប្រទេសថៃឲ្យអាស៊ីសេរីដឹងថា សព្វថ្ងៃ​នេះ​លោក​​កំពុង​ជួប​បញ្ហា​ខ្វះខាត​ឯកសារ​ការងារ។ ដូច្នេះ​លោក​ថា បើ​កន្លែង​ប្រឹក្សា​ការងារ​ហ្នឹង​ជួយ​សម្រួល​បញ្ហា​របស់​កម្មករ​ ជា​រឿង​ល្អ​ចំពោះ​ពលករ​នៅ​ប្រទេស​ថៃ។ ពលករ​រូប​នេះ ស្នើសុំ​ទៅ​ក្រសួង​ការងារ​រៀបចំ​កន្លែង​ស្នាក់នៅ​បណ្តោះអាសន្ន​នេះ ដោយ​កុំ​តម្រូវ​ឲ្យ​ពលករ​បង់​លុយ និង​មិន​ត្រូវ​រើសអើង​និន្នការ​នយោបាយ៖ «»

ការរៀបចំកន្លែងស្នាក់​បណ្ដោះអាសន្ន​សម្រាប់​ពលករ​កម្ពុជា​នៅ​ថៃរបស់ភាគី​ពាក់​ព័ន្ធ​នៅពេល​នេះ​បន្ទាប់​ពី​បាន​ធ្វើ​ការងារ​នេះ​ជោគជ័យ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ មន្ត្រី​កម្មវិធី​សិទ្ធិ​ការងារ​នៃ​អង្គការ​​សម្ព័ន្ធភាព​​ការងារ​និង​​សិទ្ធិ​​មនុ​ស្ស ​ លោក ឌី ថេហូយ៉ា ចង់ ឃើញ​អ្នក​ពាក់ព័ន្ធ ជា​ពិសេស​ក្រសួង​ការងារ​បង្កើត​កន្លែង​ស្នាក់​បណ្ដោះអាសន្ន​បន្ថែម​ទៀត ដល់​ពលករ​ខ្មែរ​ដែល​ធ្វើ​ការងារ​នៅ​ប្រទេស​ចិន និង​ម៉ាឡេស៊ី។ លោក​បាន​លើក​ឡើង​ថា ពលករ​ធ្វើ​ការងារ​នៅ​ប្រទេស​ទាំង​ពីរ​នេះ​មាន​បញ្ហា​ស្មុគស្មាញ​ក្នុង​ការ​ជួយ​សង្គ្រោះ​ជន​ដែល​រង​គ្រោះ​ដោយសារ​ការ​ទៅ​ធ្វើ​ការងារ​នៅ​ទី​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល