សង្គមស៊ីវិលស្វាគមន៍របបក្រុងភ្នំពេញដែលអនុវត្តទោសជនជាតិចិនដាក់ពន្ធនាគារខ្មែរ
2019.11.30
មន្ត្រីសង្គមស៊ីវិលស្វាគមន៍វិធានការតុលាការក្រុងភ្នំពេញដែលហ៊ានសម្រេចឃុំខ្លួនជនជាតិចិនចំនួន៥នាក់ នៅក្នុងប្រទេសកម្ពុជា ដោយមិនសម្រេចបញ្ជូនពួកគេទៅកាត់ទោសនៅក្នុងប្រទេសចិនក្រោយពីបានប្រព្រឹត្តអំពើល្មើសច្បាប់នៅក្នុងប្រទេសកម្ពុជា។
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ វិច្ឆិកានេះ បានចេញដីកាសម្រេចឃុំខ្លួនជនជាតិចិនចំនួន៥នាក់ នៅក្នុងពន្ធនាគារព្រៃស ដើម្បីរង់ចាំជំនុំជម្រះទោសពីបទសង្ស័យថា «ពាក់ព័ន្ធនឹងការបង្ខាំងមនុស្សធ្វើទារុណកម្ម និងចាប់ជំរិតទារប្រាក់ទៅលើជនជាតិចិនដូចគ្នា»។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា វិធានការណ៍របស់តុលាការនេះគឺជារឿងត្រឹមត្រូវ។ លោកសុំឱ្យអាជ្ញាធរកម្ពុជាបង្កើនការទប់ស្កាត់បទល្មើសប្រព្រឹត្តដោយជនជាតិចិនបន្ថែមទៀតដើម្បីកុំឱ្យពលរដ្ឋភ័យខ្លាច៖ «ខ្ញុំគិតថា សមត្ថកិច្ចគួរតែបង្កើនកិច្ចការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋទូទៅ ជាពិសេសកុំឱ្យមានការភ័យខ្លាចទាក់ទងនឹងបញ្ហារឿងចិន ដែលប្រព្រឹត្តបទល្មើសដែលកន្លងមកទៅ លើជនជាតិគ្នាឯង»។
នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ជនជាតិចិនចំនួន ៥នាក់ ករណីជំរិតទារប្រាក់ចំនួន ១០ម៉ឺនដុល្លារ អាមេរិក ពីជនជាតិចិនដូចគ្នា ២នាក់ នៅសណ្ឋាគារមួយ ក្នុងទីក្រុងភ្នំពេញ។
គេហទំព័រអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងកាលពីថ្ងៃទី២៦ វិច្ឆិកា ថា ចាប់ខ្លួនជនសង្ស័យនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា បន្ទាប់ពីបានទទួលពាក្យបណ្ដឹងពីជនជាតិចិនម្នាក់ថា មានករណីបង្ខាំង និងធ្វើទារុណកម្មទៅលើជនជាតិចិន ២នាក់ នៅសណ្ឋាគារអ៊ីមភឺរៀល ក្នុងសង្កាត់ចតុមុខ រាជធានីភ្នំពេញ។
គេហទំព័របានឱ្យដឹងថា សមត្ថកិច្ចបានរំដោះជនរងគ្រោះទាំង ២នាក់ ឱ្យរួចផុតពីការធ្វើទារុណកម្មនិងការចាប់ជំរិត ហើយបានបញ្ជូនជនជាតិចិនទាំង៥នាក់នេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅសប្ដាហ៍ក្រោយ ដើម្បីចាត់ការតាមនីតិវិធី។
កាលពីថ្ងៃទី២១ តុលា នគរបាលខេត្តព្រះសីហនុបានឃាត់ជនជាតិចិនចំនួន ២០នាក់ហើយបានបញ្ជូនទៅតុលាការ ពីបទជនសង្ស័យបង្ខាំងមនុស្សខុសច្បាប់ ដើម្បីជំរិតទារប្រាក់។ ជនល្មើសទាំងនេះបានបង្ខាំងជនជាតិចិនដូចគ្នាចំនួន ២៧នាក់ ហើយបានទារលុយចំនួនពីរម៉ឺនដុល្លារពីជនរងគ្រោះ។
កន្លងមកអាជ្ញាធរកម្ពុជាបានបញ្ជូនជនជាតិចិនដែលធ្លាប់ប្រព្រឹត្តល្មើសទៅប្រទេសចិនវិញ ដោយមិនកាត់ទោសនៅកម្ពុជានោះទេ ទើបបណ្ដាលឱ្យមានការរិះគន់ ជាខ្លាំងពីសង្គមស៊ីវិលថា វិធានការនេះនឹងជំរុញឱ្យជនជាតិចិនហ៊ានប្រព្រឹត្តបទល្មើសនៅកម្ពុជា៕