សង្គម​ស៊ីវិល​ ហួសចិត្ត​ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ថា​ លោក​ គឹម​ រស្មី​ មិន​មាន​ប្រាក់៥សែន​ដុល្លារ​ចែក​កូន​ទេ​

អ្នកស្រី មៅ សុធានី
2019.06.28
គឹមរស្មី អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី លោក គឹម រស្មី។ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង ។
បណ្ដាណសង្គម/រូបភាពឯកសារ

មន្ត្រី​សង្គម​ស៊ីវិល​សំដែង​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ ដែល​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ លោក​ ឱម​ យិន​ទៀង​ បញ្ជាក់​ថា​ លោក​ គឹម​ រស្មី​ អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី​ គ្មាន​លុយ​ច្រើន​ក្នុង​ធនាគារ​នោះ​ទេ​ ហើយ​ថា​ការប្រកាស​ចែក​លុយ​កូន​ចំនួន៥០ម៉ឺន​ដុល្លារ​នោះ​ គឺជា​រឿង​អួត​សម្ញែង​ទ្រព្យសម្បតិ្ត​ តែ​ការពិត​គ្មាន​ប្រាក់​ទៅវិញ​ទេ​។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ លោក​ សន​ ជ័យ​

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ លោក​ សន​ ជ័យ​ មានប្រសាសន៍​តាម​ទូរ​សព្ទ​ប្រាប់​អាស៊ី​សេរី​ កាលពីយប់មិញ​ថា​ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ គួរតែ​ស៊ើបអង្កេត​ករណីនេះ​ឡើងវិញ​។ លោក​បន្ត​ថា​ បើ​តាម​វីដេអូ​ប្រកាស​ជា​សាធារណៈ​ របស់​លោក​ គឹម​ រស្មី​ បង្ហាញថា​ លោក​មានទ្រព្យ​សម្បតិ្ត​ស្តុកស្តម្ភ​ ទើប​ហ៊ាន​ប្រកាស​ចែក​លុយ​កូន​ម្នា​ក់ៗ​ ចំនួន​ ១០ម៉ឺន​ដុល្លារ​ និង​ដីធ្លី​ផ្ទះសម្បែង​ មួយចំនួន​៖

«មាន​ប្រភព​ច្រើន​ ថា​គាត់​មិនមែន​អត់​លុយ​ ដូចដែល​លោក​ឱម​ យិន​ទៀង​ និយាយ​ទេ​។ បើ​ពិនិត្យមើល​ពី​ទ្រព្យសម្បត្តិ​ ដូចជា​អចលនទ្រព្យ​ ហើយ​របៀបរបប​រស់នៅ​ហ្នឹង​ ដែល​មាន​ភាព​ហ៊ឺហា​រមួ​យសា​កសម​ ទៅ​នឹង​អ្វី​ដែល​គាត់​អួតអាង​ ថា​ ឱ្យ​លុយ​កូន​ៗប៉ុណ្ណេះ​ប៉ុណ្ណោះ​។ ការស៊ើបអង្កេត​រក​មិនឃើញ​ យកល្អ​ អង្គភាព​គួរ​ស៊ើបអង្កេត​ឡើងវិញ​ដើម្បី​ទទួល​បាន​ភាព​ទុកចិត្ត​ពី​មហាជន​...»

ថ្លែង​នៅចំពោះមុខ​ក្រុម​អ្នក​សារ​ព័ត៌មាន​កាលពី​ថ្ងៃសុក្រ​ ទី២៨​ ខែមិថុនា​ លោក​ ឱម​ យិន​ទៀង​ អះអាង​ថា​ លោក​ គឹម​ រស្មី​ អត់​លុយ៥០ម៉ឺន​ដុល្លារ​ទេ​។ លុយ​ក្នុង​ធនាគារ​របស់​លោក​ គឹម​ រស្មី​ មិន​គ្រប់៥០ម៉ឺង​ផង​ហ្នឹង​ គឺ​អួត​សម្ញែង​ទ្រព្យសម្បត្តិ​ទេ​។ លោក​បន្ត​ថា​ ករណី​សម្ញែង​ទ្រព្យ​ គឺ​គ្មាន​ទោស​ទេ​ ព្រោះ​មិន​មាន​ចែង​ក្នុង​ច្បាប់​ប្រឆាំង​អំពើពុករលួយ​របស់​កម្ពុជា​។ ប៉ុន្តែ​បើ​នៅ​ហុងកុង​ ច្បាប់​ប្រឆាំង​អំពើពុករលួយ​មានទោស​ជាប់គុក​ តែ​នៅ​ស្រុកខ្មែរ​ មិន​ជាប់គុក​រឿង​សម្ញែង​ទ្រព្យសម្បត្តិ​ទេ​។

កាលពី​ថ្ងៃទី០៦​ ខែកុម្ភៈ​ ឆ្នាំ២០១៩​ លោក​ គឹម​ រស្មី​ អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ ខេត្តរតនគិរី​ ត្រូវ​បាន​ព្រះមហាក្សត្រ​ ចេញ​ព្រះរាជ​ក្រឹត្យ​ ត្រាស់​បង្គាប់​ លុបឈ្មោះ​ចេញពី​ក្របខណ្ឌ​កងយោធពល​ខេមរភូមិន្ទ​។ ការសម្រេច​នេះ​ បន្ទាប់ពី​លោក​ បាន​ប្រកាស​ចែកទ្រព្យ​សម្បត្តិ​រាប់​សែន​ដុល្លារ​ ជា​កាដូ​សម្រាប់​កូន​ៗ របស់​លោក៥នាក់​។

លោក​ ឱម​ យិន​ទៀង​ ទទួលស្គាល់​ថា​ លោក​ គឹម​ រស្មី​ គឺជា​អ្នកក្រ​ពិតមែន​ ប៉ុន្តែ​ក្រោយពី​រៀបការ​ជាមួយ​ភរិយា​ ដែល​ជា​ក្មួយ​ឯកឧត្តម​ គន់​ គីម​ មក​ ទើប​លោក​មានទ្រព្យ​សម្បត្តិ​ដោយសារ​ចម្ការកៅស៊ូ​របស់​ភរិយា​។

ទាក់ទង​នឹង​ស្នងការ​រង​នគរបាល​ខេត្តកណ្តាល​ លោក​ ស្រេង​ សុខា​ វិញ​ លោក​ ឱម​ យិន​ទៀង​ ក៏បាន​បញ្ជាក់​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នោះ​ដែរ​ថា​ ក៏​ជា​ការ​បង្អួត​សម្ញែង​ទ្រព្យសម្បត្តិ​ ដែល​តាមពិត​គ្មាន​ទ្រព្យ​នោះ​ទេ​។

ចំពោះ​បញ្ហា​នេះ​ លោក​ សន​ ជ័យ​ ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ គេ​អាច​វាយតម្លៃ​បាន​ តាមរយៈ​ ការ​បង្ហាញ​រូបភាព​ជាច្រើន​ បង្ហោះ​ក្នុង​គណនី​ ហ្វេ​សប៊ុ​ក របស់​លោក​ ស្រេង​ សុខា​នេះ​៖

«ករណី​ស្នងការ​រង​ខេត្តកណ្តាល​នេះ​ ខ្ញុំ​អត់​បានដឹង​ច្រើន​ទេ​។ ប៉ុន្តែ​រូបភាព​និង​ស្ថានភាព​រស់នៅ​ ក្នុង​ពិធី​មួយ​អធិកអធម​បែបនេះ​ គាត់​មិនមែន​និយាយ​កុហក​ទេ​ តែ​ចង់​បង្ហាញ​និង​អួតអាង​ពី​ការ​មានបាន​និង​ទ្រព្យសម្បត្តិ​របស់​គាត់​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ រក​មិនឃើញ​នេះ​គឺជា​រឿង​ចម្លែក​ណាស់​ សម្រាប់​ខ្ញុំ​...»

កាលពី​ខែកុម្ភៈ​ ឆ្នាំ២០១៩​ កន្លងមក​នេះ​ មានការ​ផ្សព្វផ្សាយ​រូបថត​ជាច្រើន​របស់​លោក​ ស្រេង​ សុខា​ ក្នុង​ពិធី​ភ្ជាប់ពាក្យ​ ដោយ​បាន​ផ្តល់​ឱ្យ​កូនក្រមុំ​ ១០ម៉ឺន​ដុល្លារ​ ចិញ្ជៀន​ពេជ្រ​ និង​ឡាន​ទំនើប​។ ក្នុង​នោះ​ ក៏​មានការ​សម្ញែង​ទ្រព្យសម្បត្តិ​របស់​លោកស្នងការ​រង​ ស្រេង​ សុខា​ ដែល​មាន​ចិញ្ជៀន​ពេជ្រ​ ខ្សែក​ និង​ក្បាល​ខ្សែក្រវាត់​មាស​ ដាំ​ពេជ្រ​ ជាដើម​។

អាស៊ី​សេរី​ នៅ​មិនទាន់​អាច​ទាក់ទង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ លោក​ ឱម​ យិន​ទៀង​ ដើម្បី​សុំ​ការ​បញ្ជាក់​អំពី​ករណីនេះ​បានទេ​ កាលពី​ថ្ងៃទី​ ២៨​ ខែមិថុនា​។ ចំណែក​ លោក​ គឹម​ រស្មី​ អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ ខេត្តរតនគិរី​ និង​ស្នងការ​រង​នគរបាល​ខេត្តកណ្តាល​ លោក​ ស្រេង​ សុខា​ ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។