អ្នកឃ្លាំមើលសង្គមរិះគន់ក្រសួងសុខាភិបាលដែលបានត្រឹមតែចេញសេចក្តីជូនដំណឹងហាមឃាត់ការលក់ដូរ និងចរាចរណ៍ផលិតផលឱសថក្លែងក្លាយ ប៉ុន្តែមិនបានចាត់វិធានការណ៍តាមច្បាប់ឱ្យបានតឹងរ៉ឹងចំពោះបញ្ហានេះ។ ក្រសួងសុខាភិបាលបានកំណត់អត្តសញ្ញាណនៃឱសថក្លែងក្លាយនេះបានជាបន្តបន្ទាប់ និងបានហាមប្រាមលែងឱ្យចរាចរណ៍ និងប្រើប្រាស់តទៅទៀត ក៏ប៉ុន្តែមិនទាន់ឃើញមានជនណាម្នាក់ត្រូវបានផ្តន្ទាទោសដោយសារការនាំចូលឱសថក្លែងក្លាយទាំងនោះនៅឡើយ។
សង្គមស៊ីវិលសម្តែងការព្រួយបារម្ភអំពីបញ្ហាឱសថក្លែងក្លាយដែលកំពុងចរាចរលើទីផ្សារកម្ពុជា និងទាមទារឱ្យក្រសួងសុខាភិបាលដាក់ចេញនូវវិធានការណ៍តាមផ្លូវច្បាប់ឱ្យបានជាក់ស្តែងលើក្រុមហ៊ុន ឬអ្នកនាំចូលផលិតផលឱសថក្លែងក្លាយ ដោយសារនេះជាបញ្ហាធំប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ក្តីបារម្ភនេះធ្វើឡើង បន្ទាប់ពីក្រសួងសុខាភិបាលបានជូនដំណឹងជាបន្តបន្ទាប់អំពីផលិតផលឱសថក្លែងក្លាយ ដែលកំពុងផ្សព្វផ្សាយលក់យ៉ាងទូលំទូលាយទាំងនៅលើទីផ្សារ និងលើបណ្តាញសង្គម ប៉ុន្តែមិនទាន់ឃើញមានជនណាម្នាក់ត្រូវបាននាំខ្លួនយកមកកាត់ទោសនៅឡើយ។
ប្រធានអង្គការសម្ពន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា ចំណាត់ការរបស់ក្រសួងសុខាភិបាលទាក់ទងនឹងផលិតផលឱសថក្លែងក្លាយនេះ គឺជាការរត់តាមពីក្រោយក្រុមហ៊ុន ឬអ្នកចែកចាយតែប៉ុណ្ណោះ។ លោកកត់សម្គាល់ថា កន្លងទៅ មានការរឹបអូសយកផលិតផលឱសថក្លែងក្លាយទៅបំផ្លាញចោល ក៏ប៉ុន្តែម្ចាស់ទីតាំងផលិត ឬនាំចូលផលិតផលទាំងនោះ កម្រនឹងឃើញក្រសួងចាត់ការតាមផ្លូវច្បាប់ណាស់ ដែលជាហេតុធ្វើឱ្យករណីនេះនៅតែបន្តកើតមាន។ លោកជឿជាក់ថា អំពើពុករលួយ និងការឃុបឃិតគ្នាជាប្រព័ន្ធ គឺជាដើមហេតុសំខាន់ដែលនាំឱ្យមានការហូរចូលឱសថក្លែងក្លាយចូលមកកម្ពុជា ហើយម្ចាស់ក្រុមហ៊ុន ឬអ្នកនាំចូលទាំងនោះ ទំនងជាមិនមែនអ្នករកស៊ីធម្មតាឡើយ។ លោកជំរុញឱ្យក្រសួងសុខាភិបាលដាក់ចេញនូវវិធានការណ៍ផ្លូវច្បាប់ឱ្យបានតឹងរ៉ឺង និងជាក់ស្តែងជាងពេលបច្ចុប្បន្ន ដើម្បីធានាថា ឱសថក្លែងក្លាយនឹងអាចចរាចរលើទីផ្សារកម្ពុជាបានតទៅទៀតឡើយ។
"វាមានទិដ្ឋភាពថ្មីនៃការលេចចេញនូវរូបភាពប្រភេទពាក់កណ្តាលឱសថ ពាក់កណ្តាលអាហារបំប៉ន ហើយមួយទៀតពាក់ព័ន្ធជាមួយនឹងប្រភេទផលិតផលជួយកម្លាំងផ្លូវភេទជាដើម។ ពេលខ្លះការផ្សាយពាណិជ្ជកម្មមួយចំនួន គេបង្ហាញឱ្យឃើញថា វាអាចព្យាបាលជំងឺបាន ស្របពេលដែលប្រជាពលរដ្ឋកម្ពុជាយើងហ្នឹងគាត់កំពុងមានបញ្ហាហ្នឹងស្រាប់ អ៊ីចឹងទៅលឺសូរគេផ្សព្វផ្សាយអំពីភាពអស្ចារ្យនៃផលិតផលនីមួយៗហ្នឹង ក៏ចាប់ផ្តើមរកទិញ។ ពេលដែលឱកាសនៃចែកចាយហ្នឹង វាទូលំទូលាយបែបនេះ គឺទាំង offline និង online ធ្វើឱ្យវិធានការណ៍នៃការបង្ក្រាបហ្នឹង វាមិនអាចធ្វើទៅបានទេ ដោយសារតែវិធានការណ៍បង្រ្កាបសព្វថ្ងៃនេះ នៅតែជាវិធានការណ៍បង្រ្កាបបែបប្រពៃណី។"
កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាលបានជូនដំណឹងជាបន្តបន្ទាប់អំពីផលិតផលឱសថគ្មានច្បាប់អនុញ្ញាតជាច្រើនមុខ ដែលកំពុងចរាចរណ៍នៅលើទីផ្សារកម្ពុជា។ ផលិតផលឱសថទាំងនោះ គឺជាប្រភេទកាហ្វេ និងថ្នាំជំនួយផ្លូវភេទបុរស។
ក្រសួងរកឃើញថា ផលិតផលកាហ្វេម៉ាក ខូហ្វី ឡែក (Coffee Like) ឬកាហ្វេកម្លាំងសេះ មានផ្ទុកសារធាតុ ស៊ីលឌែនណាហ្វីល (Sildenafil) និង ធេដាលើហ្វីល (Tadalafil) ដែលជាឱសថបង្កើនចំណង់ផ្លូវភេទបុរស។ កាហ្វេប្រភេទនេះ ត្រូវបានផ្សព្វផ្សាយតាមវិទ្យុប្រជាជន FM 91 MHz ជារៀងរាល់ថ្ងៃថា ជួយបញ្ហាស្ទះចរន្តឈាម ជួយផ្លូវភេទបុរសឱ្យបានធំ រឹង យូរ ហើយអ្នកមានបញ្ហាលើសជាតិស្ករ និងអ្នកមានជំងឺទឹកនោមផ្អែមក៏អាចទទួលទានបានដែរ។ ក្រសួងអះអាងថា នេះជាការផ្សាយភូតកុហក និងបំផ្លើសហួសពីការពិត គ្មានមូលដ្ឋានវិទ្យាសាស្ត្រត្រឹមត្រូវ គ្មានការត្រួតពិនិត្យ និងគ្មានការអនុញ្ញាតឱ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ។
អាស៊ីសេរីមិនអាចរកប្រភពទាក់ទងក្រុមហ៊ុន ឬអ្នកនាំចូលផលិតផល កាហ្វេម៉ាក ខូហ្វី ឡែក (Coffee Like) ឬកាហ្វេកម្លាំងសេះ នេះបាននៅឡើយ គិតត្រឹមថ្ងៃទី ២២ តុលា។
ស្របពេលគ្នានេះដែរ ក្រសួងសុខាភិបាលក៏បានហាមឃាត់ផលិតផលឱសថបំប៉នផ្លូវភេទបុរសមួយប្រភេទទៀត ដែលមានឈ្មោះថា អ៊ិច ប៊ូស្ទ័រ (X-BOOSTER)។ ក្រសួងអះអាងថា ផលិតផលនេះ ត្រូវបានផ្សព្វផ្សាយជារៀងរាល់ថ្ងៃដោយគណនីហ្វេសប៊ុកចំនួន ៤ គឺ មឺស ធៀ (Ms Thea) យូសា សប (Yusa Shop) រដ្ឋាអនឡានឡាញសប (Ratha Online Shop) និងគណនី សុខភាពនិងសម្រស់ (Beauty Shop) ថា ជួយឱ្យរួមភេទបានយូរជាងមុន និងធ្វើឱ្យប្រដាប់ភេទបុរសធំជាងមុន ជួយប្រដាប់ភេទងើបរឹង ស្បែកស្អាត និងក្មេងជាងវ័យ ប៉ូវក្រលៀន បង្កើតអ័រម៉ូន ជួយឱ្យសរសៃឈាមរត់ទៅចិញ្ចឹមសរីរាង្គបានល្អ និងកាត់បន្ថយស្ត្រេស ជាដើម។
ម្ចាស់គណនីហ្វេសប៊ុក មើស ធៀ (Ms Thea) អះអាងថា លោកស្រីបានឈប់លក់ផលិតផលនេះហើយ តាំងពីមុនការប្រកាសរបស់ក្រសួងសុខាភិបាលទៅទៀត ដោយសារខាងក្រុមគ្រួសាររបស់លោកស្រីមិនពេញចិត្តនឹងការលក់ដូរផលិតផលជំនួយផ្លូវភេទរបស់បុរសនេះ។ លោកស្រីបញ្ជាក់ថា លោកស្រីបានផុសលក់ផលិតនេះនៅលើហ្វេសប៊ុក ក៏ប៉ុន្តែមិនបានលក់ចេញឡើយ ដោយសម្រេចចិត្តឈប់លក់វិញ ហើយក៏មិនមានខាតបង់ថវិកាអ្វីឡើយ ព្រោះមិនបានទិញផលិតផលនោះយកមកស្តុកទុកនោះទេ។ ទោះជាយ៉ាងណា លោកស្រីសុំមិនបញ្ចេញអត្តសញ្ញាណក្រុមហ៊ុននាំចូលឡើយ ហើយបើមានការសួរនាំដោយផ្ទាល់ពីក្រសួងសុខាភិបាលទើបលោកស្រីនិយាយប្រាប់។
"ផលិតផលមួយហ្នឹង គឺខ្ញុំមិនបានលក់តទៀតនោះទេ ហើយសូមបញ្ចាក់ត្រង់ថា ខ្ញុំឈប់លក់តាំងពីមុនក្រសួងផ្សព្វផ្សាយមកម្ល៉េះ គ្រាន់តែថាផុសលក់ហើយ វានៅជាប់នៅហ្នឹង ( ហ្វេសប៊ុក ) ។ ខ្ញុំមិនទាន់បានលុបវាចេញ តែប៉ុណ្ណឹងឯង។ ខ្ញុំសុំលាក់ជាការសម្ងាត់សិន។ ប្រសិនបើខាងក្រសួងគាត់ទាក់ទងមក ចាំខ្ញុំជួបគាត់ផ្ទាល់ខ្លួនឯងក៏បានដែរ។ "
ចំណែកម្ចាស់គណនីហ្វេសប៊ុក យូសា សប (Yusa Shop) វិញ ឱ្យដឹងថា មានគេទាក់ទងមករូបគាត់ដើម្បីឱ្យទទួលលក់ផលិតផល អ៊ិច ប៊ូស្ទ័រ (X-BOOSTER) នេះ រួចលោកស្រីក៏បានផុសលក់ផលិតនេះ។ ពេលផុសភ្លាម ខាងក្រុមហ៊ុនហ្វេសប៊ុកបានរាំងខ្ទប់មិនឱ្យទំព័រហ្វេសប៊ុករបស់លោកស្រី ហើយមកទល់នឹងពេលនេះការផុសនៅលើយទំព័រហ្វេសប៊ុករបស់លោកស្រីមិនអាចបានទៅដល់មនុស្សច្រើនគ្នាដូចពីមុនទៀតឡើយ។ លោកស្រីអះអាងថា លោកស្រីមិនបានដឹងថា ផលិតផលនេះគ្មានច្បាប់អនុញ្ញាតឡើយ ព្រោះអ្នកដែលប្រាប់លោកស្រីឱ្យទទួលលក់ផលិតផលនេះ អះអាងថា នេះជាផលិតផលដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ។ លោកស្រីអះអាងថា លោកស្រីបានឈប់លក់ផលិតផលនេះតាំងពីក្រសួងចេញលិខិតហាមឃាត់មកម្ល៉េះ។
"ពីដំបូងខ្ញុំមិនបានដឹងនោះទេ ព្រោះដោយសារសួរគេទៅ គេថារបស់ហ្នឹងមានច្បាប់ត្រឹមត្រូវ មានការនាំចេញ នាំចូលត្រឹមត្រូវអ៊ីចឹង។ ដល់ពេលខ្ញុំដឹង ខ្ញុំក៏ឈប់លក់ទៅ ប៉ុន្តែខ្ញុំអត់ទាន់បានលក់ចេញដាច់ទេ។ ផេក (Page) ដែលខ្ញុំផ្សាយ (Boost) លក់ផលិតផលបុរសហ្នឹង ក៏ក្រុមហ៊ុនហ្វេសប៊ុកគេរាំងខ្ទប់ (Block) មិនឱ្យយើង Boost ដែរហ្នឹង។ វាជាប់ក្នុងបញ្ជីខ្មៅ (Blacklist) របស់ក្រុមហ៊ុនហ្វេសប៊ុក អ៊ីចឹងក៏គេមិនឱ្យ Boost ដែរ។ តាំងពីពេលនោះមក ខ្ញុំមិនដែលលក់ទៀតទេ។ ខ្ញុំទើបតែ Boost លើកទីមួយ ហើយក៏ក្រុមហ៊ុនហ្វេសប៊ុកចាប់ទៅ រាំងខ្ទប់ផេកទៅ ក៏ខ្ញុំលែងលក់ ខ្ញុំអត់ដែលលក់ទៀតទេឥលូវនេះ។ ( ខ្ញុំ ) ឈប់យូរហើយ។"
គណនីហ្វេសប៊ុក រដ្ឋាអនឡានឡាញសប (Ratha Online Shop) មិនអាចទាក់ទងបានឡើយ ដោយទូរស័ព្ទចូល ប៉ុន្តែគ្មានអ្នកទទួល។ រីឯ គណនីហ្វេសប៊ុក សុខភាពនិងសម្រស់ (Beauty Shop) វិញ អះអាងថា បានឃើញការហាមឃាត់របស់ក្រសួងរួចហើយ ហើយក៏បានលុបចោលការផ្សព្វផ្សាយតាមហ្វេសប៊ុកនោះដែរ ក៏ប៉ុន្តែបានបដិសេធមិនឆ្លើយនឹងសំណួរបន្តបន្ទាប់ទៀតឡើយ។
អាស៊ីសេរីមិនទាន់អាចរកប្រភពទាក់ទងក្រុមហ៊ុន ឬអ្នកនាំចូលផលិតផល អ៊ិច ប៊ូស្ទ័រ (X-BOOSTER) នេះបានឡើយ គិតត្រឹមថ្ងៃទី ២២ តុលា។
ក្រៅពីផលិតផល អ៊ិច ប៊ូស្ទ័រ (X-BOOSTER) នេះ ក្រសួងសុខាភិបាលក៏បានហាមឃាត់គណនីហ្វេសប៊ុកឈ្មោះ ដុកទ័រ ឃែរ (Doctor Care) ដែរ ដោយក្រសួងបញ្ជាក់ថា គណនីនេះផ្សព្វផ្សាយលក់ផលិតផលឱសថ និងគ្រឿងសម្អាងជាច្រើនមុខ ដែលគ្មានការត្រួតពិនិត្យគុណភាព គ្មានចុះបញ្ជិកា គ្មានលេខប្រវេទន៍ គ្មានក្រុមហ៊ុននាំចូល និងគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។
ស្រ្តីម្នាក់ដែលបញ្ជាក់ថា ខ្លួនជាបុគ្គលិករបស់គណនីហ្វេសប៊ុក ដុកទ័រ ឃែរ (Doctor Care) បដិសេធមិនផ្តល់បទសម្ភាសឡើយ ដោយអះអាងថា រង់ចាំការសម្រេចពីប្រធានរបស់ខ្លួន ក៏ប៉ុន្តែនៅពេលអាស៊ីសេរីស្នើសុំលេខទូរស័ព្ទ ដើម្បីទាក់ទងទៅប្រធានរូបនោះដោយផ្ទាល់ ស្ត្រីរូបនោះក៏បានបដិសេធមិនផ្តល់ឱ្យដែរ។
អ្នកនាំពាក្យសមាគមអាដហុក លោក សឺង សែនករុណា ថ្លែងថា រដ្ឋមានកាតព្វកិច្ចតាមផ្លូវច្បាប់ក្នុងការលុបបំបាត់ការចរាចរឱសថក្លែងក្លាយ ឬទំនិញក្លែងក្លាយដទៃទៀត ដើម្បីធានាសុខុមាលភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋរបស់ខ្លួន។ លោកថា ក្នុងករណីនេះ របបដឹកនាំបច្ចុប្បន្នត្រូវតែនាំខ្លួនម្ចាស់ក្រុមហ៊ុន ឬអ្នកនាំចូលផលិតផលឱសថក្លែងក្លាយទាំងអស់នេះ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ប្រសិនបើពិនិត្យទៅឃើញថា ពួកគេពិតជាបានប្រព្រឹត្តល្មើសច្បាប់មែននោះ មិនមែនត្រឹមតែហាមឃាត់មិនឱ្យធ្វើចរាចរណ៍តែមួយមុខបែបនេះឡើយ។
"ធ្វើយ៉ាងណាទប់ស្កាត់កុំឱ្យហូរចូលតែម្តង ព្រោះយើងមិនដឹងថា ការដែលហូរចូលហើយមិនអាចចាប់បាននោះ មិនដឹងប៉ុនណាទេ ហើយក៏មិនដឹងថា ពលរដ្ឋយើងបានប្រើប្រាស់របស់ ឬក៏ឱសថទាំងអស់ក្នុងកម្រិតណានោះទេ។ ដូច្នេះយើងចង់ឱ្យអាជ្ញាធរតាមបណ្តាព្រំដែន ឬក៏ទីតាំងដែលនាំចូលទំនិញគ្រប់ប្រភេទទាំងឡាយហ្នឹង គួរតែមានការត្រួតពិនិត្យឱ្យបានតឹងរ៉ឺងមែនទែន ចៀសវាងឱ្យមកចរាចរនៅក្នុងប្រទេសកម្ពុជាយើង ដែលប៉ះពាល់ទៅដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ។ នេះវាជាកាតព្វកិច្ចរបស់រដ្ឋាភិបាលដែលទទួលខុសត្រូវចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ។"
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូរវ៉ាន់ ជាច្រើនដងតាមទូរស័ព្ទ តាំងពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២២ តុលា ដើម្បីសុំការបំភ្លឺបន្ថែមជុំវិញរឿងនេះ ក៏ប៉ុន្តែលោកមិនលើកទូរស័ព្ទឡើយ។
កាលពីចុងខែសីហាកន្លងទៅ ក្រសួងសុខាភិបាលក៏បានប្រកាសឱ្យបញ្ឈប់ការប្រើប្រាស់ និងចរាចរណ៍ប្រភេទវ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួត ឈ្មោះ រែប៊ីស វែកស៊ីន (Rabies Vaccine) ដែលនាំចូលពីប្រទេសចិនផងដែរ ដោយសារឱសថនេះត្រូវបានផលិតឡើងខុសលក្ខណៈស្តង់ដារ។ ទោះជាយ៉ាងណា មកទល់នឹងពេលនេះ គ្មានជនណាម្នាក់ត្រូវបានក្រសួងសុខាភិបាលឬស្ថាប័នពាក់ព័ន្ធនាំខ្លួនឱ្យទទួលខុសត្រូវចំពោះការនាំចូលឱសថក្លែងក្លាយនេះឡើយ ហើយក៏មិនមានរបាយការណ៍បញ្ជាក់អំពីទំហំនៃផលប៉ះពាល់ និងចំនួនពលរដ្ឋដែលរងគ្រោះដែរ។ ផ្ទុយទៅវិញ នៅប្រទេសចិនឯណោះ រដ្ឋាភិបាលចិនបានផ្អាកសកម្មភាពក្រុមហ៊ុន ឆាងឈុន ឆាងសឹង ឡាយហ្វ សាយអ៊ិន (Changchun Changsheng Life Sciences Ltd.) ដែលជាសហគ្រាសផលិតឱសថប្រភេទនេះ និងបានចាប់ខ្លួនថ្នាក់ដឹកនាំក្រុមហ៊ុននេះចំនួន ១៥ នាក់ ដាក់ពន្ធនាគារផងដែរ។ របបក្រុងប៉េកាំងបានដាក់នូវវិធានការណ៍យ៉ាងតឹងរ៉ឹងចំពោះការចរាចរណ៍ឱសថក្លែងក្លាយ ហើយមនុស្សជាច្រើនក៏ត្រូវបានចាប់ខ្លួន និងកាត់ទោសពាក់ព័ន្ធនឹងបញ្ហានេះដែរ។
រដ្ឋធម្មនុញ្ញមាត្រា ៦៤ ចែងយ៉ាងច្បាស់ថា រដ្ឋត្រូវហាមឃាត់ និងផ្តន្ទាទោសជាទម្ងន់លើជនដែលនាំចូល ឬផលិតទំនិញក្លែងក្លាយ ប៉ះពាល់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់
ក្រសួងសុខាភិបាលអះអាងថា នឹងចាត់វិធានការណ៍តឹងរ៉ឹងតាមផ្លូវច្បាប់ទៅលើក្រុមហ៊ុន និងម្ចាស់គណនីហ្វេសប៊ុក ដែលនាំចូល ផ្សព្វផ្សាយ លក់ឬចែកចាយផលិតផលខុសច្បាប់ទាំងអស់នេះតាមរយៈវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន និងបញ្ជាឲ្យបញ្ឈប់នាំចូលផលិតផលទាំងនេះជាបន្ទាន់។ ក្រសួងក៏អំពាវនាវឲ្យពលរដ្ឋ ឈប់ប្រើផលិតផលដែលគេកំពុងផ្សព្វផ្សាយទាំងនេះតទៅទៀត ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងការប៉ះពាល់ដល់សុខភាព ឬឈានដល់ការបាត់បង់អាយុជីវិតដោយសារការគាំងបេះដូងជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
